ចុះ​បង្ក្រាប​បទល្មើស​នេសាទ​​២​ទីតាំង​

ខេត្តព្រៃវែង ៖ ដើម្បី​ការពារ​ធនធាន​មច្ឆជាតិ​កុំអោយ​បាត់បង់ និង​ដើម្បី​រក្សា​ពូជ​ត្រី​ទុក​សំរាប់​អោយ​បងប្អូន​ប្រជា​នេសាទ អាច​ធ្វើការ​នេសាទ​ចិញ្ចឹមជីវិត​ជា​លក្ខណៈ​គ្រួ​សារបាន រដ្ឋបាល​ស្រុក​ពារ​ម​ក៏ ដឹកនាំ​កំលាំង​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ជលផល​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​ប្រភេទ​ស្បៃ​មុង និង​សំ​រ៉ា​ស់ត្រី​ជា​ច្រើន​កន្លែង កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា​។

សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខាងលើ​នេះ ធ្វើ​ឡើង​​ក្នុង​​ព្រែក​បន្ទាយដែក ​នៅ​​ដែន​សហគមន៍​នេសាទ​ឃុំ​បា​បោង ស្រុក​ពាមរ​ក៏ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ដោយ​លោក យ៉ែ​ម ភា​រ៉ា អភិបាលរង​ស្រុក និង​មានការ​ចូលរួម​ពី​កំលាំង​អាវុធហត្ថ នគរបាល និង​មន្ត្រី​ជំនាញ​ជលផល​ស្រុក​ជា​ច្រើន​រូប​ផង​ដែរ​។

លោក យ៉ែ​ម ភា​រ៉ា អភិបាលរង​ស្រុក​ពាមរ​ក៍ បានអោយ​ដឹង​ថា សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ ធ្វើ​ឡើង​នៅ​លើ​ទីតាំង​ចំនួន​២ គឺ​ចំណុច​ព្រែក​រមាស់ និង​ទួល​ក្បាល​ខ្មោច ហើយ​ជា​លទ្ធផល​កំលាំង​របស់​លោក​ធ្វើការ​បង្ក្រាប​បាន​លូ​ស្បៃ​មុង​ចំនួន​១៨​មាត់ លូ របាំង​ស្បៃ​មុង​ប្រវែង​១៧៥​ម៉ែត្រ បង្គោល​ស្បៃ​មុង​ចំនួន​៤៨៧​ដើម បង្គោល​សំ​រ៉ា​ស់ត្រី​ចំនួន​៦៧​ដើម រុះរើ​សំ​រ៉ា​ស់ត្រី​ចោល​បាន​៣​កន្លែង និង​បាន​លែង​កូន​ត្រី​ចូល​ទៅ​ក្នុង​ព្រែក​វិញ ចំនួន​២២​គីឡូក្រាម​ផង​ដែរ​។

លោក​អភិបាលរង​ស្រុក​បាន​បញ្ជាក់​ផង​ដែរ​ថា ឧបករណ៍​និង​សម្ភារៈ​ល្មើសច្បាប់​ទាំងអស់ ដែល​បង្ក្រាប​បាន គឺ​ត្រូវ​ប្រមូល​ដុត​បំផ្លាញ​ចោល​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ។ ជាមួយ​គ្នា​នោះ​លោក​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​ប្រជា​នេសាទ​អោយធ្វើ​ការ​នេសាទ​ដោយ​ប្រើប្រាស់​នូវ​ឧបក​រណ៍​ណា​ដែល​ច្បាប់​អនុញ្ញាត ដើម្បី​ថែរក្សា​ធនធាន​មច្ឆជាតិ​កុំអោយ​បាត់បង់ និង​អាច​អោយ​យើង​នេសាទ​បានជា​រៀង​រហូត​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)