កន្លងមក Bugatti បានផលិតរថយន្តស្ព័រប្រណិតៗ ដែលមានដូចជា Veyron, Chiron, Divo, La Voiture Noire និង Centodieci។ នៅក្នុងកម្មវិធីពិព័រណ៍រថយន្ត LA ឆ្នាំ ២០១៩ លោក Stephan Winkelmann ប្រធានក្រុមហ៊ុន Bugatti បានបង្ហើបប្រាប់សារព័ត៌មានថា អតិថិជនហ៊ានជះលុយដល់ទៅ ៣០ម៉ឺនអឺរ៉ូ ទៅលើ Option របស់រថយន្ត ដែលវាមិនទាន់បូកជាមួយនឹងពន្ធនៅឡើយទេ។ ខាងសារព័ត៌មានក៏បានឆ្លៀតសួរលោកពី រថយន្ត Bugatti ដែលលោកគិតថាមានភាពឥតខ្ចោះជាងគេ។

លោក Winkellman មានប្រសាសន៍ថា៖«ខ្ញុំស្រឡាញ់ពណ៌គ្រើម ដែលអាចជាពណ៌ខ្មៅ ឬ ពណ៌ស។ ខ្ញុំចង់បានយ៉ាន់កង់ពណ៌ខ្មៅ ជាមួយនឹងហ្វ្រាំងពណ៌ក្រហម។ ផ្នែកខាងក្នុង ប្រសិនបើជាពណ៌ត្នោត ខ្ញុំចង់បានថ្នេរដេរពណ៌ដូចគ្នា។ តែប្រសិនបើពណ៌ខ្មៅ ខ្ញុំចង់បានថ្នេរពណ៌ក្រហម»។

ដោយប្រើការពិពណ៌នារបស់លោក Winkellmann ខាងសារព័ត៌មាន Carbuzz បានគូរតាម ដោយប្រើប្រាស់ម៉ូដែល Chiron Sport។ សម្រាប់រថយន្តពណ៌ស គេបានគូរផ្នែកខាងក្នុងពណ៌ត្នោត ខណៈដែលផ្នែកខាងក្រៅពណ៌ខ្មៅ គេបានដាក់ពណ៌ខ្មៅលាយថ្នេរក្រហមនៅផ្នែកខាងក្នុង។ ការឌីហ្សាញនេះ គឺពិតជាស្អាតមែនទែន។

ដូចម៉ូឌែល Chiron Sport ធម្មតាដែរ រថយន្តនេះមានថាមពលពីម៉ាស៊ីន ៨.០ លីត្រប្រើ Turbo-turbo W16 ដែលផលិតកម្លាំង ១៤៧៩សេះ និងកម្លាំងបង្វិល ១១៨០ ផោន-ហ្វីត ដែលត្រូវបានបញ្ជូនទៅគ្រប់កង់ទាំង៤ ដោយមានប្រអប់លេខភ្លោះ៧តង់ ៕