រាជធានីភ្នំពេញ ៖ តារាចម្រៀងកញ្ញាឈិត សុវណ្ណបញ្ញា បានបង្ហោះសារតាមហ្វេសប៊ុកនាពេល ថ្មីៗនេះបង្ហាញពីការឆ្អែតចិត្តចំពោះក្រុមការងារដែលបានហៅនាងថតកម្មវិធីមួយ ។ ដោយមិនបញ្ចេញឈ្មោះ និងកម្មវិធីអ្វីនោះ ឈិត សុវណ្ណបញ្ញា បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះក្រុមការងារនោះ ដែលមិនមានការយោគយល់ដល់រូបនាងចំពោះការខកខាន បើទោះបីជានាងបាននិយាយគ្នាមុនក៏ដោយ ។
ឈិត សុវណ្ណបញ្ញា បានសរសេរបង្ហោះសារថា «នាងខ្ញុំ ឈិត សុវណ្ណបញ្ញា ប្រឡូកក្នុងការងារសិល្ប: ក៏ដូចជាការងារ ផ្សេងៗក្នុងសង្គមជាងដប់ឆ្នាំមកនេះ នាងខ្ញុំតែងតែឲ្យតម្លៃធំបំផុតទៅលើពេលវេលា ហើយកម្រខកខានម្តងណាឡលយ ។
សុខចិត្តអង្គុយរង់ចាំក្រុមការងារ និងអ្នកដទៃ ៣ម៉ោង ក៏នាងខ្ញុំមិនដែលថា ព្រោះការយល់ទុក្ខធុរ:គ្នា តែហេតុអ្វីមនុស្សមួយចំនួនមិនដែលមើលឃើញពីតម្លៃនៃពេលវេលារបស់នាងខ្ញុំ? ដោយឡែកលើនេះនាងខ្ញុំមានធុរ:ផ្ទាល់ខ្លួនដោយស្ទើរតែពេញមួយថ្ងៃចំថ្ងៃថត តែសម្រេចចិត្តនៅតែបន្តការថត ដោយស្នើសុំទៅក្រុមការងារតាំងពីមួយសប្តាហ៍មុនថា សុំទៅយឺត១ម៉ោង ព្រោះថតចប់នាងខ្ញុំត្រូវរត់ទៅបញ្ចប់ធុរ:របស់នាងខ្ញុំបន្តទៀត បន្ទាប់មកក៏ទទួលបានការយល់ព្រមរួចរាល់អស់ ពីក្រុមការងារ តែដល់មុនថ្ងៃថត២ថ្ងៃបែរជាក្រឡាស់ថាមិនអាចចាំបាន ដោយហេតុមានក្រុមកាងារម្នាក់មានការងាររវល់ ។
សំនួរនាងខ្ញុំចង់សួរថា គេរវល់បាន ហើយទទួលបានការយោគយល់ ? ហេតុអីនាងខ្ញុំអាចចាំគេ៣ម៉ោងបាន តែគេមិនអនុគ្រោះនាងខ្ញុំសូម្បីតែ១ម៉ោង? ខ្ញុំស្លូតពេក? ខ្ញុំគ្មានខ្នងបង្អែក គ្នីគ្នា ឬយ៉ាងណា អ៊ីចឹងចុងក្រោយនាងខ្ញុំសុំឈប់ពីការថតសម្រាប់កម្មវិធីនោះក៏បាន ។ ធ្វើការងារជាមួយគ្នាសប្បាយចិត្ត ចាំយើងធ្វើការរួមគ្នា ។
នាងខ្ញុំទទួលការងារនេះ គឺផ្តោតចម្បងលើការគោរព និងមនោសញ្ចេតនាការរាប់អាន តែទទួលបានមកវិញនៅការមិនឲ្យតម្លៃលេីរូបនាងខ្ញុំ។ នាងខ្ញុំពិតជាមានការសោកស្តាយទឹកចិត្តដែលខំគោរពចំពោះបងប្អូនក្រុមការងារមួយចំនួនតូចដែលមិនមានការយោគយល់អធ្យាស្រ័យគ្នាបែបនេះណាស់ ។ ការឲ្យតម្លៃគ្នាទៅវិញទៅមកគឺមានសារសំខាន់បំផុត »៕ (កែសម្រួលដោយ ៖ បុប្ផា)







