ឆ្មក់ចូលចាប់​ក្នុងទីតាំង​ហាងលក់​ស្រា​ក្រហម ក្លែងបន្លំច្រើន​សន្ធឹក

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ សេចក្តីរាយការណ៍ឱ្យដឹងថា ​នា​រសៀល​ថ្ងៃ​ទី២៧ ​វិច្ឆិកា​ ​នេះ អាជ្ញាធរ​មានស​មត្ថ​កិច្ច​ ធ្វើការ​​ចុះ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ក្លែងបន្លំ​យីហោ​ស្រាក្រហម​ម៉ាក​penfolds​មួយ​កន្លែង​ ស្ថិតក្នុងភូមិ​ក្បាលស្ពាន​01 ​សង្កាត់​ប៉ោយ​ប៉ែ​ត​ក្បែរ ផ្លូវ​ចូល​ខារ៉ាអូខេ​K one​ ដោយ​រឹបអូស​បាន​ស្រា​ក្លែងបន្លំ​​រាប់​សិប​កេស ។

Loading...

ការធ្វើបង្ក្រាបធ្វើឡើង ដោយកម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ សហការ​​​ជាមួយ​ក​រិ​យា​ល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៍​ទោ​ឡុ​ង ​ស្រេង​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ក្រសួង​ និង​អនុលោម​តាម​បទ​បញ្ជា​ពី​លោក​មាស​ ចន្ទ​ពិសិដ្ឋ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ​។​ តាម​ប្រភព​ថា​ ក្រៅពី​ស្រា​ក្លែងបន្លំ​ សមត្ថកិច្ច​បានរក​ឃើញ​បារី​សង្ស័យ​ក្លែងបន្លំ​ដូច​គ្នា​ដែរ ម៉ាក​តិច​សាស់​មួយ​ចំនួន​ទៀត​។​

លោក​ឧត្ត​សេនី​យ៍​ត្រី ​ចាប ​សុ​ផា​ឬ​ទ្ធិ​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ប្រាប់​កោះ​សន្តិ​ភាព​ថា ​ស្រា​ដែល​រឹបអូស​ទាំងនេះ​ ជា​របស់​ក្លែងបន្លំ​យីហោ​គេ​។​ ពោល​គឺ​គេ​យក​ស្រា​ថោក​ ទៅ​ច្រកចូល​ដប​ឬ​កេស យីហោ​ស្រា​ដែល​មាន​តម្លៃ​ថ្លៃ​ ដើម្បី​លក់​ចេញ​បាន​ចំណេញ​ច្រើន​។

​លោកបន្ត​ថា ​ក្រៅពី​ស្រា​ក្លែងបន្លំ​ស្លាក​យីហោ​ទាំងនេះ ​សមត្ថកិច្ច​​​រក​ឃើញ​បារី​សង្ស័យ​ក្លែងបន្លំ​ជា​ច្រើន​ផង​ដែរ​ដែល​ពេល​នេះ ​លោក​មិន​អាច​ប្រាប់​ចំនួន​បាន​នៅឡើយ​ទេ ​ព្រោះ​កំពុងធ្វើការ​នៅឡើយ​។​ លោក​ស្នង​ការ​រង​រូប​នេះ​បញ្ជាក់​ថា​ ការ​ឆ្មក់​ចូល​ទីតាំង​ខាងលើ គឺ​ធ្វើ​ឡើង​ដោយ​អនុលោម​តាម​បទបញ្ជា​ពី​លោក​មាស​ចន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ ក្រោយ​ពី​សមត្ថកិច្ច​តាមដាន​អស់​ជា​ច្រើន​ខែ​មក​ហើយ ​។

​ប្រភព​បន្ត​ថា​ ការ​បង្ក្រាប​នេ​អ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​។ ​លោក​បញ្ជាក់​ថា​ ក្រោយ​បញ្ចប់​កា​ត្រួតពិនិត្យ​និង​ហៅ​ម្ចាស់​យក​ទៅ​សាកសួរ ​និង​បញ្ជូន​ទំនិញ​ដែល​រក​ឃើញ​ទាំងនេះ ​ទៅ​កា​រិ​យា​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ ដើម្បី​បន្ត​និ​តិ​វិធី​ ។

​គួរ​បញ្ជាក់​ថា​ ទីតាំង​លក់​ស្រា​ចម្រុះ​យីហោ​មាន​ច្រើន​កន្លែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ពិសេស​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ប៉ុន្តែ​មិនដឹង​ថា​ មាន​ស្រា​ក្លែងបន្លំ​ដូច​ករណី​ខាងលើ ​ឬ​យ៉ាងណា​នោះ​ទេ ​។​ បើ​តាម​ប្រភព​ ហាង​ដែល​កំពុង​ត្រូវ​សមត្ថកិច្ច​ឆ្មក់​ចូល​បង្ក្រាប​នេះ ​​អតីត​ជា​អ្នកលក់​ស្រា​បារី​និង​ភេសជ្ជៈ​គ្រប់មុខ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ។