រាជធានីភ្នំពេញ ៖ អ្នកនាងផ្កាយ វលក្ខណ៍ តារាដែលធ្លាប់សាងស្នាដៃក្នុងពិភពសិល្បៈបានបាត់មុខជិត១០ឆ្នាំ ក្រោយពេលបានស្វាមីជាឯកឧត្តម ។ បើទោះបីមានជីវិតហ៉ហាក្ដីអ្នកនាងវលក្ខណ៍បានចិញ្ចឹមចិត្តត្រឡប់មកពិភពសិល្បៈឡើងវិញ ទីដែលធ្លាប់មានឈ្មោះបោះសំឡេង ។
អ្នកនាងផ្កាយ វលក្ខណ៍ ទោះបីជាជីវភាពធូរធារបែបណាក្ដី នាងនៅតែសាមញ្ញ រួសរាយ ចំពោះអ្នកផង និងអ្នកសិល្បៈមិនថាថ្មី ឬចាស់ទេ ។ នៅក្រៅរង្វង់សិល្បៈ តែអ្នកនាងវលក្ខណ៍នៅតែបង្ហាញវត្តមានគ្រប់ការអញ្ជើញចូលរួមពិធី ផ្សេងៗរបស់មិត្តសិល្បៈ ។

កាលពីពេល ថ្មីៗកន្លងមកអ្នកនាងផ្កាយ វលក្ខណ៍ បានរៀបរាប់ឲ្យដឹងថា «នាងខ្ញុំនៅតែបើកចិត្តទទួលយកការងារសិល្បៈ ប្រសិនបើមានគេហៅ ឬទាក់ទង ប៉ុន្តែពេលនេះមិនទាន់ចង់បង្ហាញវត្តមានឡើងវិញទេ ព្រោះធាត់ពេក កំពុងរកគន្លឹះ សម្រករាងសិនទើបបកមកសិល្បៈវិញ ។ ខ្ញុំត្រៀមទៅកូរ៉េជួបពេទ្យខាងសម្រស់ដើម្បីកែខៃចំណុចខ្វះខាតឲ្យមើលទៅប្លែក ព្រោះកូរ៉េគេល្បីខាងច្នៃសម្រស់ឲ្យស្អាត »។

អ្នកនាងផ្កាយ វលក្ខណ៍ ជាអតីតតារាកំប្លែងប្រចាំក្រុមនាយក្រឹម ។ បន្ទាប់ពីលេចធ្លោខាងកំប្លែង នាងត្រូវបានគេទាក់ទងឲ្យសម្តែង ចម្រៀងកាយវិការខារ៉ាអូខេជាច្រើនបទផងដែរ ។
បន្ទាប់មកផ្កាយ វលក្ខណ៍ បាត់មុខពីពិភពសិល្បៈក្រោយរៀបការរួច ។ សព្វថ្ងៃនាងមានកូន២នាក់ ប្រុស១ ។ មានកូនមែន តែសម្រស់មិនស្រកស្រុតខ្លាំងទេ ៕ (កែសម្រួលដោយ ៖ បុប្ផា)



