ប្រទេសបារាំង-ម៉ាលី ៖ ទាហានបារាំង១៣នាក់នៃកងកម្លាំងBARKHANE បានបាត់បង់ជីវិតកាលពីយប់ថ្ងៃទី២៥វិច្ឆិកានៅប្រទេសម៉ាលី ដោយសារឧទ្ធម្ភាគចក្រ២គ្រឿងបុកគ្នា ក្នុងពេលធ្វើប្រតិបត្តិការប្រយុទ្ធប្រឆាំងពួកជីហាដក្នុងតំបន់SAHELអាហ្វ្រិកដែលមានអសន្តិសុខបំផុត។
នេះជាការបាត់បង់ទាហានបារាំងដ៏ច្រើន តាំងពីដាក់ពង្រាយនៅតំបន់SAHELអាហ្រិ្វកពីឆ្នាំ២០១៣មក និងជាការបាត់បង់ដ៏ធំបំផុតរបស់កងទ័ពបារាំង តាំងពីការវាយប្រហារភេរវកម្មប្រឆាំងទីបញ្ជាការដ្ឋាន កងទ័ពបារាំងនៅក្រុងបីរូត កាលពីឆ្នាំ១៩៨៣បណ្ដាលឲ្យបាត់បង់ទាហាន៥៨នាក់មក។

គ្រោះថ្នាក់នោះកើតមានកាលពីយប់ថ្ងៃទី២៥វិច្ឆិកា ក្នុងប្រតិបត្តិការប្រយុទ្ធមួយនៅLIPTAKO ក្នុងតំបន់មេណាកាជាតំបន់ប្រសប់គ្នារបស់ម៉ាលី នីហ្សេនិងបូគីណាហ្វាសូ ដែលនៅទីនោះកងកម្លាំងប្រឆាំងជីហាដបារាំងBARKHANEតែងធ្វើប្រតិបត្តិការទៀងទាត់ ប្រឆាំងបណ្ដាក្រុមប្រដាប់អាវុធ ក្នុងនោះមានក្រុមរដ្ឋអ៊ិស្លាមនៅតំបន់មហាសាហារ៉ា។
តាមTWITTERប្រធានាធិបតីបារាំង លោកអេម៉ានុយអែលម៉ាក្រុន មានប្រតិកម្មថានោះជាវីរបុរស១៣នាក់ ដែលមានគោលដៅតែមួយគត់គឹការពារពួកយើង។ ចំណែករដ្ឋមន្ត្រីការពារប្រទេសបារាំងលោកស្រីFLORENCE PARLY លើកពីដំណឹងដ៏សែនទារុណនិងប្រកាសពីការបើកធ្វើការស៊ើបអង្កេតមួយលើគ្រោះថ្នាក់នោះ។
ការបាត់បង់ទាហានបារាំងទាំង១៣នាក់នេះ កើតមានក្នុងពេលដែលប្រសិទ្ធភាពរបស់កងទ័ពបារាំងកាន់់តែចុះខ្សោយ ដោយសារការស្រុតចុះនៃសន្តិសុខនៅតំបន់SAHEL។ ចំពោះសំណើរបស់សមាជិកសភាប្រឆាំងបារាំងម្នាក់ដែលស្នើឲ្យបារាំង ផ្លាស់ប្ដូរយុទ្ធសាស្ត្រក្នុងតំបន់នោះ នាយករដ្ឋមន្ត្រីបារាំងលោកអេឌូអាដហ្វីលីបលើកឡើងថា សកម្មភាពយោធានៅទីនោះគឹចាំបាច់។
រដ្ឋាភិបាលម៉ាលីនិងប្រធានាធិបតីបួគីណាហ្វាសូលោកROCH MARC CHRISTIAN KABORE បានសម្ដែងសាមគ្គីភាពជាមួយបារាំង ដែលកងយោធារបស់ខ្លួនកំពុងប្រយុទ្ធប្រឆាំងពួកជីហាដ រួមជាមួយកងទ័ពជាតិរបស់ប្រទេសទាំងនេះ។
ឧត្ដមសេនីយFRANCOIS LECOINTRE នាយសេនាធិការកងទ័ពបារាំងបញ្ជាក់ថា បណ្ដាកងកុំម៉ង់ដូឆ័ត្រយោង បានពិនិត្យឃើញនាថ្ងៃទី២៥វិច្ឆិកា សត្រូវ១ក្រុមដែលជិះរថយន្តPICK -UPមួយគ្រឿងនិងម៉ូតូច្រើនគ្រឿង។ ពួកគេក៏ប្រយុទ្ធប្រឆាំងសត្រូវទាំងនេះ ហើយបានហៅរកជំនួយខាងអាកាស។ ឧទ្ធម្ភាគចក្រ២គ្រឿង មួយគ្រឿងធុនTIGREនិងមួយគ្រឿងទៀតធុនCOUGARក៏បានមកដល់តំបន់នោះយ៉ាងឆាប់។ ក្នុងពេលប្រតិបត្តិការស៊ើបការណ៍ពេលយប់កងកុំម៉ង់ដូនៅលើដី បានស្ដាប់ឮស្នូរផ្ទុះ២ដែលនោះជាការបុកគ្នាធ្លាក់របស់ឧទ្ធម្ភាគចក្រទាំង២គ្រឿង៕ (កែសម្រួលដោយ ៖ បុប្ផា)
