រញ្ជួយ​ដី​យ៉ាង​ខ្លាំង មនុស្ស​កើន​ជាង​២០​នាក់ត្រូវ​បាត់បង់​ជីវិត

150

ប្រទេស​អាល់​បា​នី ៖ នា​ថ្ងៃ​ទី​២៧​វិច្ឆិកា​ប្រទេស​អាល់​បា​នី​បាន​កាន់ទុក្ខ​ជាតិ ក្រោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​បណ្ដាល​ឲ្យ​បាត់បង់​អាយុជីវិត​មនុស្ស​ជាង​២០​នាក់​មក​។ ពួក​អ្នក​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ប៉ុនប៉ង​តាម​រក​អ្នក​នៅ​រស់រាន​មានជីវិត​ក្រោម​គំនរ​បាក់បែក​។

Loading...

ក្រោម​ឥទ្ធិពល​នៃ​ការ​រញ្ជួយ​ដី​កម្លាំង​៦,៤​រី​ស្ទ័​រដែ​ល​កើត​មាន​នា​វេលា​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៦​វិច្ឆិកា អគារ​ទាំងឡាយ​បានរ​លំបាក់​កប់​ជន​រង​គ្រោះ​ក្រោម​គំនរ​បាក់បែក​។ នាយក​រដ្ឋមន្ត្រី​អាល់​បា​នី​លោក​អេ​ឌី​រ៉ា​ម៉ា​បាន​ទៅ​កាន់​បណ្ដា​មន្ទីរពេទ្យ​សាកសួរ​សុខទុក្ខ​អ្នក​របួស​នៅ​ក្រុង​ទី​រ៉ា​ណា​។ លោក​អះអាង​ថា​តុល្យការ​នៃ​ការ​បាត់បង់​ជីវិត​មនុស្ស​នៅ​មិន​ទាន់​ជា​ស្ថាពរ​នៅឡើយ​។ លោក​បាន​ប្រកាស​យក​ថ្ងៃ​ទី​២៧​វិច្ឆិកា​ជា​ថ្ងៃ​កាន់​មរណទុក្ខ​ជាតិ ចំពោះ​បណ្ដាជន​រង​គ្រោះ​។

យោង​តាម​តុល្យការ​ចុង​ក្រោយ​របស់​ក្រសួង​ការពារ​ប្រទេស​អាល់​បា​នី​ថា មនុស្ស​២២​នាក់​បាន​បាត់បង់​ជីវិត ភាគច្រើន​ក្នុង​ទីក្រុង​ទេសចរណ៍​ជាប់មាត់​សមុទ្រ​អា​ឌ្រី​យ៉ា​ទិ​ក​DURRES ព្រមទាំង​នៅ​ទីក្រុង​ធូ​ម៉ា​នភា​គ​ខាងជើង​រដ្ឋធានី​ទី​រ៉ា​ណា​។ មនុស្ស​ប្រមាណ​ជា​៤០​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ​។ តាម​ក្រសួងសុខាភិបាល​ថា​មនុស្ស​ប្រមាណ​ជា​៦០០​នាក់​រង​របួសស្រាល​ព្យាបាល​តាម​មន្ទីរពេទ្យ​ផ្សេង​ៗ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)