ចាប់លោកប៉ូលិសស័ក្តិ៣ក្លែងក្លាយ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ស្រាប់តែ​នគរបាល​ម្នាក់​ជិះ​ម៉ូតូ​កាក់​ឱ្យ​ឈប់​ប្រុង​កៀបស៊ី តែ​មិន​បាន​សម្រេច​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ចុះ​ធ្វើ​អន្តរា​គម​ន៏​នាំ​ខ្លួន​យក​មក​សាកសួរ​ទើប​ដឹង​ថា​ ជា​នគរបាល​ក្លែងក្លាយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ វិច្ឆិកា ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចំណុច​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ​ជា សុ​ផា​ណាត់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​បុរស​ម្នាក់​ដែល​បន្លំ​ខ្លួន​មាន​ឯកសណ្ឋាន​ជា​នគរបាល​ឈ្មោះ ទូច ដេ​វីត ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ មុខរបរ​លក់ទំនិញ​តាម​អន​ឡាញ ស្នាក់​នៅ​សង្កាត់​ទូល​ទំពូង ខណ្ឌ​ចំការមន ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FE -1609 ក្នុង​ទិស​ដៅ​ពី​រង្វង់​មូល​ចោម​ចៅ​ពី​កើត​ទៅ​លិច ។ គាត់​ថា ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​បាន​ស៊ី​ញ៉ូ​បត់​ឆ្វេង ស្រាប់តែ​មាន​បុរស​ម្នាក់​ស្លៀក​ឯកសណ្ឋាន​ជា​នគរបាល​ពាក់​សក្តិ​៣ មាន​អត្តលេខ ២២២៣២៤ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០១៤ ព​ណ័​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CU -9499 ជិះ​ស្របគ្នា​ដេញ​គាត់​ពីក្រោយ​រហូត​ដល់​ចំណុច​កើតហេតុ​ខាងលើ​ដែល​ជា​កន្លែង​ស្ងាត់​បាន​កាក់​ម៉ូតូ​របស់​គាត់​ឱ្យ​ឈប់ ។

ពេល​ឈប់​ភ្លាម​ប៉ូលិស​នោះ​សួរ​ថា គិត​ម៉េច​រឿង​ម៉ូតូ​របស់​ឯង​ដាក់​ភ្លើងពណ៌​ខៀវ​(LED) និង​ចោទ​ថា​បាន​កៀរ​ម៉ូតូ​របស់​គាត់ ព្រមទាំង​គំរាម​ចាប់​យក​ទៅ​ដោះស្រាយ​នៅ​ខណ្ឌ ធ្វើ​ឲ្យ​រូប​គាត់​ឃើញ​បែប​នេះ​មានការ​ភិតភ័យ​ផង សង្ស័យ​ផង​ក៏​ធ្វើ​ជា​សុំ​សម្រួល​ជាមួយ​ជន​ស្លៀកពាក់​នគរបាល​នេះ ព្រោះ​បន្ទប់​ជួល​របស់​ខ្លួន​នៅ​ក្បែរ​នោះ​ដែរ ។

ប៉ុន្តែ​បុរស​ជា​នគរបាល​នោះ​មិន​ព្រម​ទេ ហើយ​ធ្វើ​ជា​លើក​ទូរស័ព្ទ​និយាយ​ហៅ​បក្សពួក​របស់​គេ​មក​នាំ​យក​ទៅ​ពិនិត្យ​ទឹកនោម ។ ជន​រង​គ្រោះ​បាន​សួរ​ទៅ​ជនសង្ស័យ​ថា​យក​ទៅ​ខណ្ឌ​ណា​ប៉ុស្តិ៍​ណាតែ​ជនសង្ស័យ​មិន​ប្រាប់ ។ ពេល​នោះ​ជន​រង​គ្រោះ​មានការ​សង្ស័យ​ក៏​ធ្វើ​ជា​អង្វរ​ទន់ភ្លន់​សុំ​សម្រួល​ទៅ​និយាយ​គ្នា​នៅផ្ទះ​វិញ ដែល​នៅ​ខាង​មុន​នេះ ព្រោះ​គាត់​គិត​ថា​ខាង​មុខ​នេះ​ជា​កន្លែង​ដែល​មាន​កាមេរ៉ា​សុវត្ថិភាព ។ ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចេញ ត្រូវ​ជន​រង​គ្រោះ​ដេញ​ឃាត់ខ្លួន​ម្តង​វិញ ហើយ​ហៅ​ឱ្យ​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ក៏​បាន​នាំ​ខ្លួន​ប៉ូលិស​សក្តិ​៣​ដ៏​សង្ហា​នេះ និង​យុវជន​រង​គ្រោះ​ខាងលើ​មក​ប៉ុស្តិ៍​ចោម​ចៅ​៣​ដើម្បី​សាកសួរ ។ ក្រោយ​ពី​សួរនាំ​ហើយ​បុរស​ម្នាក់​នោះ​បាន​ឆ្លើយ​សារ​ភាព​ថា ខ្លួន​ពិតជា​បាន​ក្លែងក្លាយ​ធ្វើ​ជា​នគរបាល​ប្រាកដ​មែន ។

ចំណែក​ឯកសណ្ឋាន​នេះ​ទិញ​ពី​ផ្សារ​ទឹកថ្លា​ព្រោះ​ចង់​ឲ្យ​គេ​ដឹង​ថា​ជា​សមត្ថកិច្ច​មាន​អំណាច ។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់​ដោះ​សម្លៀក​បំពាក់​នគរ​បាល​ចេញពី​ខ្លួន​ភ្លាម​ៗ​ហើយ​ឃុំខ្លួន​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ។ គេ​នាំ​គ្នា​ហួសចិត្ត​ហើយ​និយាយ​ថា​នៅ​សុខ​ៗ​ចេះ​រក​គុក​ឃើញ​…​បើ​ម្ល៉ឹង​ៗ​ហើយ​មិន​រាង​ទៀត​…​ថ្ងៃ​ក្រោយ​សុំ​កុំ​រាង !​