នៅតែព្រួយបារម្ភព្រោះជម្ងឺ​ហង់​សិន​នៅ​កម្ពុជា​មិន​ទាន់​លុប​បំបាត់​ទាំងស្រុង​

121

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នៅ​តែ​ផ្តោត​លើ​ការ​ស្វែងរក​ករណី​ថ្មី​ជម្ងឺ​ហង់​សិន និង​ការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ជាមួយ​ថ្នាំ​ច្រើន​មុខ ។ ទោះបី​យើង​បាន​កាត់​បន្ថយ​ជម្ងឺ​នេះ​ជា​បញ្ហា​សុខភាព​សា​ធា​ណៈ​ក៏​ដោយ ក៏​ប៉ុន្តែ​មិន​ទាន់​បាន​លុប​បំបាត់​ទាំងស្រុង​នោះ​ទេ ។ នេះ​ជា​ការ​លើក​របស់​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិ​បាល​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ប្រកាស​លទ្ធផល​ក្រោយ​បញ្ចប់​គម្រោង​ផ្តល់​ថ្នាំ​បង្ការ​ដល់​ជន​ប៉ះពាល់​ជម្ងឺ​ហង់​សិន​ដែល​រៀបចំ​នៅ​សាល​ប្រជុំ​ទន្លេបាសាក់​២ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ។

Loading...

លោកស្រី​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ទៀត​ថា ទោះបី​យើង​បាន​កាត់​បន្ថយ​ជម្ងឺ​នេះ​ជា​បញ្ហា​សុខភាព​សា​ធា​ណៈ​ក៏​ដោយ​ប៉ុន្តែ​មិន​ទាន់​បាន​លុប​បំបាត់​ទាំងស្រុង​នោះ​ទេ​មាន​ន័យ​ថា ការ​ចម្លង​កម្រិត​​ទាប និង​នៅ​តែ​បន្ត​ដែល​ជា​លទ្ធផល​ការ​កើតឡើង​ករណី​ថ្មី​នៅ​តែ​មាន ។ យើង​ដឹង​ថា​ដំណាក់​កាល​រោគ​នៃ​ជម្ងឺ​នេះ​មាន​រយៈពេល​យូរ​អាច​មាន​ពី​៣​ឆ្នាំ និង​លើស​ពី​នេះ​រហូត​ដល់​១០​ឆ្នាំ ឬ​ក៏​លើស​ពី​នេះ​ទៀត​ក៏​មាន​វា​នឹង​បន្ត​មាន​ករណី​ថ្មី​ច្រើន​ឆ្នាំ​ខាង​មុខ​ទៀត ។

ក្រសួងសុខាភិបាល​នៅ​តែ​ផ្តោត​លើ​ការ​ស្វែងរក​ករណី​ថ្មី​ជម្ងឺ​ហង់​សិន និង​ការ​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ជាមួយ​ថ្នាំ​ច្រើន​មុខ ។ ការ​ផ្សព្វផ្សាយ​ពី​ជម្ងឺ​ហង់​សិន​តាម​សហគមន៍ និង​បុគ្គលិក​ផ្នែក​សុខភាព​នៅ​គ្រប់​កម្រិត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ស្វែងរក​ករណី​ជា​ថ្មី ការ​ព្យាបាល​ជា​ពិសេស​ពេល​ដែល​អត្រា​ប្រេ​វ៉ាឡង់​កាន់តែ​ទាប​ទៅ​ៗ ។

លោកស្រី​បាន​បញ្ជាក់​ថា ៖ យើង​បាន​ជ្រាប​រួច​មក​ហើយ​ថា ឆ្នាំ​១៩៩៨ អង្គការ​សុខភាព​ពិភព​លោក​បាន​កំណត់​គោ​ដៅ​កាត់​បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​នៃ​ជំងឺ​ហង់​សិន​សម្រាប់​កម្ពុជា ត្រឹម​១​លើ​១០០០០​នាក់ ។ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​សកម្មភាព​របស់​កម្មវិធី​អ្នក​ប្រយុទ្ធ​នឹង​ជំងឺ​ហង់​សិន និង​មានការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ព្រមទាំង​ការ​ចូលរួម​ពី​ដៃគូរ​អភិ​វឌ្ឍន​អត្រា​ប្រេ​វ៉ាឡង់​នៃ​ជំងឺ​នេះ​បាន​ធ្លាក់​ចុះ​ពី​ចំនួន​២​លើ​១០០០០​នាក់​និង​ករណី​ថ្មី​ចំនួន​៩៤៥​នាក់​ឆ្នាំ​១៩៩៣​មក​ចំនួន​០.១​លើ​១០០០០​នាក់ និង​ករណី​ថ្មី​ចំនួន​៨០​នាក់​នៅ​ឆ្នាំ​២០១៩ ។

យើង​រំពឹង​ទុក​ថា​អត្រា​នេះ និង​បន្ត​ធ្លាក់​ចុះ​ថែម​ទៀត​ក្រោយ​ពី​ការ​អនុវត្ត​ផែន​សកម្មភាព​បី​ឆ្នាំ​តទៅ​មុខ​ទៀត ។ លទ្ធផល​ដ៏​ប្រសើរ​នេះ​សម្រេច​បាន​ដោយ​មានការ​បន្ត​គាំទ្រ​ពី​សំណាក់​ក្រសួងសុខា​ភិ​បាល និង​ដៃគូរ​សុខាភិបាល ព្រមទាំង​ការ​ចូលរួម​ចំណែក​ពី​ថ្នាក់ដឹកនាំ​មន្ត្រី​សុខាភិបាល និង​អ្នក​ស្ម័គ្រចិត្ត​គ្រប់​លំដាប់ថ្នាក់ ។ ការ​អនុវត្តន៍​សកម្មភាព​របស់​កម្មវិធី​ជាតិ​កំចាត់រោគ​ហង់​សិន និង​បាន​បន្ត​ក្នុង​ឆ្នាំ​២០១៩​ជម្ងឺ​ហង់​សិន​ត្រូវ​បាន​ក្រសួង​យកចិត្តទុកដាក់​ក្នុង​ចំណោម​ជម្ងឺឆ្លង​ដទៃ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស ៕

កែសម្រួល​ដោយ ៖ សំណាង