រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធចេញពីធ្វើការខារ៉ាអូខេ ស្រាប់តែត្រូវជនសង្ស័យដែលជាមុខសញ្ញាដដែលៗជិះម៉ូតូមកធាក់ប្លន់យកម៉ូតូជនរងគ្រោះបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង (QMI) ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សេចក្តីរាយការណ៍បន្តថា ម៉ូតូជនរងគ្រោះដែលត្រូវក្រុមចោរប្លន់ម៉ាកហុងដាឌ្រីម សេរី ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HI-0319។
បើតាមសម្ដីជនរងគ្រោះនិយាយប្រាប់ថា មុនពេលកើតហេតុ រូបគាត់ឌុបប្រពន្ធចេញពីធ្វើការនៅខារ៉ាអូខេ ម្តុំផ្លូវវេងស្រេង រួចធ្វើដំណើរត្រឡប់មកផ្ទះជួលវិញនៅភូមិជម្ពូវ័ន លុះមកដល់ចំណុចកើតហេតុនៅផ្លូវ ខ្យូអឹម អាយ (QMI ) ក៏ស្រាប់តែមានជនសង្ស័យជិះម៉ូតូហុងដាឌ្រីមចំនួន២គ្រឿងដែលមិនស្គាល់ស្លាកលេខ មានគ្នា៤នាក់ ដោយម៉ូតូ១ជិះគ្នា២នាក់ៗ រួចធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះពីក្រោយ បណ្តាលឲ្យជនរងគ្រោះដួលតែម្តង។

ប្រភពដដែលបន្តទៀតថា ក្រោយពីធាក់ម៉ូតូជនរងគ្រោះឱ្យដួលរួច ក្រុមជនសង្ស័យបានយកកាំបិតបុ័ងតោមកដេញកាប់ជនរងគ្រោះធ្វើឲ្យជនរងគ្រោះភ័យរត់ចេញពីម៉ូតូ ក្រោយមកជនសង្ស័យក៏បានលើកម៉ូតូជនរងគ្រោះជិះចេញទៅភ្លាមៗ។ ខណៈនោះជនរងគ្រោះក៏បានស្រែកថា «ចោរៗ» តែជនសង្ស័យខាងលើបានជិះគេចខ្លួនបាត់ស្រមោលទៅហើយ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងដល់ទីស្នាក់ការប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងកំណត់មុខសញ្ញា តាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមច្បាប់ ៕(កែសម្រួលដោយ ៖ បុប្ផា)
