នារាត្រីកាលមួយញុំាងបឋមយាមឱ្យកន្លងផុតទៅហើយ ទេវតាមួយអង្គបានចូលទៅថ្វាយបង្គំព្រះមានព្រះភាគហើយទូលសួរយ៉ាងនេះថា បុគ្គលអ្នកមានលក្ខណៈដូចម្តេចដែលព្រះអង្គហៅថាជាអ្នកស្ងប់រម្ងាប់ ? បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គសួរហើយសូមប្រាប់នូវឧត្តមជននោះដោយក្តីសន្តោស ។
គ្រានោះព្រះបរមសាស្តាត្រាស់តបនឹងពាក្យទេវតាថា បុគ្គលណាមិនមានសេចក្តីសង្ស័យក្នុងធម៌ ជាអ្នករក្សាសីល មានសមាធិល្អហើយ មិនអាស្រ័យនូវតណ្ហានិងទិដ្ឋិ បុគ្គលនោះនឹងជាអ្នកមិនជាប់ជំពាក់ក្នុងសេចក្តីចម្រើននិងសេចក្តីវិនាស តថាគតហៅបុគ្គលអ្នកមិនអាឡោះអាល័យក្នុងកាមទាំងឡាយនោះថាជាអ្នកស្ងប់រម្ងាប់ ។
ម្នាលទេវតា អ្នកប្រាជ្ញទាំងឡាយលោកមិនជាប់ជំពាក់ក្នុងរូបជាដើម មិនមានសេចក្តីកំណាញ់ មិននិយាយលើកខ្លួន មិននិយាយបន្ទាបខ្លួន ជាអ្នកមិនមានតណ្ហា និងទិដ្ឋិ មិនលុះក្នុងអគតិធម៌ ជាអ្នកមានចិត្តស្មើ បុគ្គលនោះឯងលោកហៅថាជាអ្នកស្ងប់រម្ងាប់ ។