តាមប្រភពព័ត៌មាន Bleacher Report បានឱ្យដឹងថា នាយកក្លឹប Paris Saint-Germain លោក Leonardo បាននិយាយថា គ្មានឱកាសដែល Kylian Mbappe នឹងចាកចេញទៅកាន់ Real Madrid នោះទេ ហើយ PSG កំពុងធ្វើការបន្តកុងត្រាថ្មីសម្រាប់តារាឆ្នើមរូបនេះ។

តាមសារព័ត៌មាន Goal បានឱ្យដឹងថា អ្នកចាត់ការទូទៅរបស់ក្លិប Real លោក Zinedine Zidane បានចាប់អារម្មណ៍នឹង Mbappe នៅក្នុងការប្រកួតស្មើរគ្នារវាង Real និង PSG កាលពីថ្ងៃអង្គារ ជាមួយនឹងលទ្ធផល ២-២។ លោក Leonardo បានប្រាប់ថា លោកមិនបានឃើញអ្វីពី Zidane ឡើយ ហើយក៏បានប្រាប់ថា៖ «អ្វីដែលខ្ញុំដឹងច្បាស់គឺ Mbappe ១០០% នឹងនៅទីនេះបន្ត។ ពួកយើងកំពុងតែរត់ការកុងត្រាសម្រាប់គេហើយ»។

ការប្រកួតបើកឆាកដោយ Real Madrid ស៊ុតចូលនៅនាទីទី១៧ ដោយកីឡាករ Karim Benzema និង គ្រាប់បាល់ទី២ ក៏ត្រូវស៊ុតដោយកីឡាកររូបនេះដែរ នៅនាទីទី៧៩។ ដល់នាទីទី៨១ បានដល់វេនរបស់ PSG រកគ្រាប់វិញម្តង ដោយកីឡាករបារាំង Mbappe ហើយបាន២នាទីក្រោយមក ក៏ Pablo Sarabia ស៊ុតចូលមួយគ្រាប់ទៀត។
គួរបញ្ជាក់ផងដែរថា Mbappe កំពុងរីករាយជាមួយនឹងរដូវកាលដ៏ល្អមួយផ្សេងទៀត សម្រាប់ក្រុម PSG ដោយរកបាន ៥គ្រាប់ ក្នុង ៨ប្រកួត ចំពោះលីគ១ ៕