រាជធានីភ្នំពេញ ៖ នៅទីបំផុតតារាសម្តែង និងជាពិធីករសម្បូរវោហាស័ព្ទលោក ប៉ែន ចំរ៉ុង បានចូលរោងការជាផ្លូវការហើយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្នុងបុរីពិភពថ្មីសែនសុខ អគារ B ខណៈពេលដែលពិធីមង្គលការរបស់លោកត្រូវបានរៀបចំឡើងព្រមគ្នាតែមួយថ្ងៃប៉ុណ្ណោះ ។
មង្គលការតែមួយថ្ងៃនោះ គឺត្រូវបានគេឃើញថា ទាំងពិធីតាមគន្លងប្រពៃណី និងពិធីតាមបែបសាសនាត្រូវបានរៀបចំបន្តបន្ទាប់តែមួយថ្ងៃប៉ុណ្ណោះ រហូតដល់ពេលរសៀលនឹងមានការជួបជុំសាច់ញាត្តិ និងមិត្តភក្តិជិតឆ្ងាយ ដើម្បីជួបជុំពិសាភោជនាហារតែម្តង ។

គេមិនបានដឹងទេថា មូលហេតុអ្វីបានជាលោក ប៉ែន ចំរ៉ុង សម្រេចរៀបចំពិធីមង្គលការតែមួយថ្ងៃដែលមានពិធីជាបន្តបន្ទាប់ព្រមគ្នា ក្នុងពេលដែលជាទូទៅពិធីមង្គលការតែងតែរៀបចំឡើងដោយមានរយៈពេល ២ ឬ ១ ថ្ងៃកន្លះ ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពិធីមង្គលការរបស់លោក ប៉ែន ចំរ៉ុង នាពេលនេះគេក៏សង្កេតឃើញមានវត្តមានមិត្តក្នុងសិល្បៈជាច្រើនបានចូលរួមអបអរសាទរផងដែរ ។ នៅមុនចូលរោងការនាពេលនេះ តារាសម្តែងលោក ប៉ែន ចំរ៉ុង មិនត្រឹមតែបង្ហាញនូវភាពផ្អែមល្ហែមចំពោះអនាគតភរិយានោះទេ ក៏ប៉ុន្តែនៅក្នុងនោះលោកក៏បានបង្ហាញក្តីស្រលាញ់ទៅកាន់គ្រួសារខាងស្រីផងដែរ។

សកម្មភាពទាំងនេះ បានធ្វើឲ្យអនាគតភរិយារបស់លោករីករាយ និងបង្ហាញស្នាមញញឹមជានិច្ច មិនត្រឹមតែប៉ុណ្ណោះបណ្តាអ្នកគាំទ្រជាច្រើនក៏ពេញចិត្តចំពោះការស្រលាញ់ ដែលលោកបានផ្តល់ឲ្យនាងយ៉ាងខ្លាំងបែបនេះផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)


