រាជធានីភ្នំពេញ ៖ មានចម្ងល់ជាថ្មីម្តងទៀតហើយ នៅពេលដែលគេឃើញរូបថតតុបតែងបែបមង្គលការរវាងពិធីការិនី សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់លោក លី វ៉ាហេទ ។ រូបភាពនេះ កំពុងតែមានការតាមដានយ៉ាងច្រើន ដោយខ្លះយល់ថា នាងជិតការហើយ ។

ចាប់តាំងពី សុខ សោម៉ាវត្តី បែកបាក់ស្នេហ៍ទី១ រួចមកគេឃើញថា នាងព្យាយាមគេចចេញពីបញ្ហា ដោយសម្ងំប្រើអារម្មណ៍ស្ងប់ស្ងាត់ គេចចេញពីការនិយាយពាក្យផ្សេងៗ ជាពិសេសព័ត៌មានផ្សេងៗ ។

ពិធីការិនីរូបនេះ ធ្លាប់និយាយថា តាំងពីបែកបាក់ស្នេហ៍ទី១ មក នាងព្យាយាមធ្វើចិត្តស្ងប់ មិនតតាំងជាមួយនរណា ហើយពេលនោះនាងញញឹមទាំងតឹងទ្រូងធ្វើការដើម្បីកូន និង គ្រួសារ ។ អ៊ីចឹងហើយក្រោយពេលនាងជំពប់ស្នេហ៍ជាមួយប្រុសក្មេង លី វ៉ាហេទ មកឃើញថា ជំងឺស្នេហាដែលមានពីមុនមកត្រូវលប់បាត់អស់ អាចថា គូស្នេហ៍ខុសវ័យរបស់នាងចេះយល់ចិត្ត ហើយជួយឱ្យនាងសម្រេចការងារជាច្រើន ។

ពាក្យពេចន៍ដែល សោម៉ាវត្តី បានបង្ហោះតាមបណ្តាញសង្គមបានរៀបរាប់ថា «វាជាពេលវេលាដ៏មានន័យសម្រាប់ការផ្ដល់ឱ្យ មិនមែនត្រឹមតែជាពាក្យសំដី តែជាទង្វើ ការស្រលាញ់ ការថ្នាក់ថ្នម ភាពកក់ក្ដៅដែលឱ្យមនុស្សស្រីម្នាក់នេះនឹកស្មានមិនដល់ថា មានមនុស្សប្រុសល្អដូចបងមករួមដំណើរ និងកាន់ដៃអូនមិនលែងបែបនេះ សង្ឃឹមថាការធ្វើល្អចំពោះអូនបែបនេះ ជាការពិតមិនមានលាក់លៀម ឬលាក់ពុត តែបើការធ្វើល្អចំពោះអូនបែបនេះជាការកុហកអញ្ចឹង សុំឱ្យបងកុហកអូនតែ 20000 ថ្ងៃទៀតបានហើយ Happy anni…3 y babe »៕ (កែសម្រួលដោយ ៖ បុប្ផា)







