ខ្យល់បក់មួយប្រាវ ដើមអង្កាញ់ធំមួយ​ដួល​រលំមុខផ្សារឃ្លាំង​រំសែវ​

រាជធានី​ភ្នំពេញ ៖ ដើម​អង្កាញ់​មួយ​ដើម​នៅ​មុខ​ផ្សារ​ឃ្លាំង​រំសេវ​មាន​ទំហំ​ប៉ុន​ខ្លួន​មនុស្ស​ចាស់ ត្រូវ​បាន​គេ​សង្ស័យ​ថា ពុក​ផុយ​ឫស លុះ​ត្រូវ​ខ្យល់​បោកបក់​ស្រាប់តែ​ដួល​រលំរលើង​ទាំង​ឫស​កាត់​ទទឹង​ផ្លូវ តែ​សំណាងល្អ​ពុំ​បណ្តាលឱ្យ​​សង្កត់​លើ​មនុស្ស ឬ​យានយន្ត​នោះ​ទេ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ​តាម​មហាវិថី​ម៉ៅ​សេ​ទុង មុខ​ផ្សារ​ឃ្លាំង​រំសេវ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​អាជីវករ​លក់​បាយ​នៅ​ក្រោម​ដើម​អង្កាញ់​​ខាងលើ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​ខ្យល់​បោកបក់​នា​ខែ​មិគសិរ​ដោយ​ពុំ​មាន​ភ្លៀង​ធ្លាក់​នោះ​ទេ បណ្តាល​ឱ្យ​ដើម​អង្កាញ់​មួយ​ដើម​នោះ​ដួល​រលំរលើង​ទាំង​ឫស​កាត់​ទទឹង​ផ្លូវ ។

តាម​ប្រភព​ដដែល​បានអោយ​ដឹង​បន្ត​ថា ដោយសារ​តែ​មុន​ពេល​ដើម​អង្កាញ់​ដួល​រលំ​នោះ គឺ​គាត់​បានដឹង​មុន​ក៏​ជញ្ជូន​អីវ៉ាន់​ចេញ និង​ម្យ៉ាងទៀត ពេល​នោះ​ពុំ​មាន​យានយន្ត​ឈប់​ចត ឬ​មាន​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​នោះ​ទេ ជា​ហេតុ​ពុំ​បង្ក​អោយ​មនុស្ស​រង​របួស​។

តាម​ប្រភព​ដដែល​បានអោយ​ដឹង​បន្ត​ទៀត​ថា ដើម​អង្កាញ់​នោះ​បាន​ពុក​ឫស ហើយ​ឫស​ម្ខាង​ទៀត​ត្រូវ​បាន​គេ​ជីក​ដាក់​បង្កប់​ខ្សែភ្លើង​បាន​កាត់​ចេញ ជា​ហេតុ​នៅ​ពេល​មាន​ខ្យល់​បោកបក់​ក៏​ដួល​រលំរលើង​ទាំង​ឫស​កាត់​ទទឹង​ផ្លូវ​តែ​ម្តង​។

បន្ទាប់​ពី​កើតហេតុ គេ​ឃើញ​កម្លាំង​សណ្តាប់​ខណ្ឌទួលគោក​បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍​និង​នាំ​គ្នា​កាប់​មែកឈើ​នេះ​យក​ចេញពី​ទ្រូងផ្លូវ ដើម្បី​សម្រួល​ចរាចរណ៍​ឡើង​វិញ​៕ (​កែសម្រួល​ដោយ ធីតា​)