លោក លឹ​ម គាន​ហោ និង​ថ្នាក់ដឹកនាំ​ក្រសួ​ង​ជា​ច្រើន​រូប ចុះ​ផ្សព្វផ្សាយ​វិធាន​ការ​​ថែរក្សា​ទឹក​ទុក​នៅ​ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​ឯកឧត្តម ដែល​ជា​ប្រធាន អនុប្រធាន​មុខព្រួញ​ខេត្ត​កំពង់ស្ពឺ កណ្តាល និង​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ​ក្រសួង​ជា​ច្រើន​រូប​ទៀត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​សារាចរ​លេខ ១១ សរណ​ន ចុះ​ថ្ងៃ​ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក នៅ​សាល​ប្រជុំ​ខេត្តកំពង់ស្ពឺ ។

Loading...

កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ខាងលើ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ មន្ទីរ​នានា​ជុំវិញ​រដ្ឋបាល​ខេត្ត អភិ​បាល នៃ​គណៈ​អភិបាលស្រុក​-​ក្រុង ប្រធាន​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​ប្រធាន​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ទូ​ទាំង​ខេត្ត សរុប​ប្រមាណ​ជិត ៣០០ នាក់ ។

ជា​កិច្ច​ចាប់ផ្តើម​ឯកឧត្តម​អភិបាលខេត្ត ជំនួស​មុខ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​កងកម្លាំងប្រដាប់​អាវុធ​​ទាំងអស់ សូម​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី និង​ប្រតិភូ​អមដំណើរ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​សារាចរ​របស់​រាជរដ្ឋាភិបាល នា​ថ្ងៃនេះ ។

ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ធ្វើ​សេចក្តីរាយការណ៍​ពី​ភាព​រីក​ចំរើន និង​បញ្ហា​ប្រឈម​មួយ ចំនួន​ពាក់ព័ន្ធ​នឹង​គ្រោះ​ទឹកជំនន់ ការ​ខ្វះខាត​ទឹក​សម្រាប់​ការងារ​បង្កបង្កើន​ផល និង​ទឹក​សម្រាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត នា​បណ្តា​ឆ្នាំ​កន្លង​មក ។

ជាមួយ​គ្នា​នេះ ដើម្បី​ឲ្យ​គោលនយោបាយ​ទឹក​សម្រាប់​ការងារ​បង្កបង្កើន​ផល​មាន​ភាព​កាន់តែ​ល្អ និង​ប្រសើរ​ឡើង ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ធ្វើ​សំណូមពរ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​បង្កើត​ឡើង​នូវ​អាង​ទឹក ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​បាន​ច្រើន និង​សាងសង់​នូវ​ស្ថានីយ​បូមទឹក​ខ្នាត​ធំ​មួយ​កន្លែង ដើម្បី​ផ្គត់ផ្គង់​ទឹក​ដល់​ស្រុក​ចំនួន ៣ របស់​ខេត្ត​ផង​ដែរ ។

ឯកឧត្តម លឹ​ម គាន​ហោ ជំនួស​មុខ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ទាំងអស់ បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​អភិបាលខេត្ត ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​មក​ធ្វើការ​ផ្សព្វផ្សាយ​នូវ​សារាចរ​នេះ ។ ការ​ប្រែប្រួល​អាកាសធាតុ ជា​ប្រធានបទ​មួយ​ដ៏​សំខាន់​សម្រាប់​ពិភពលោក​ទាំងមូល ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​យកចិត្តទុកដាក់ ពិសេស​លើ​បញ្ហា​សន្តិសុខ​ទឹក ជាក់ស្តែង ចាប់ពី​បច្ចុប្បន្ន​រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​សារ​ជា​ថ្មី​នៅ​ក្នុង​ឆ្នាំ ២០២០ ខាង​មុខ ។

បន្ទាប់​ពី​ទទួល​បាន​នូវ​សារាចរ ក្នុង​នាម​ឯកឧត្តម​រដ្ឋមន្ត្រី​ជា​ប្រធាន​ស្ថាប័ន បាន​ចាត់តាំង​ថ្នាក់​ដឹកនាំ​ក្រសួង​ដែល​ទទួល​មុខព្រួញ​ទាំង ២៥ រាជធានី​-​ខេត្ត ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ជូន​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ យក​ទៅ​អនុវត្ត ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​យល់​ជ្រួតជ្រៀប និង​ទូលំទូលាយ​ពីសារ​សំខាន់​របស់​ទឹក ក្នុង​ន័យ​ធ្វើ​យ៉ាង​ចូលរួម​គ្រប់គ្រង និង​ថែរក្សា​ទឹក​ឲ្យ​បាន​ល្អ​ប្រសើរ ចៀសវាង​មាន​សភាពការណ៍​កើតឡើង​ដូច​នា​ឆ្នាំ ២០១៥-២០១៦ ។

ចំពោះ​សំណូមពរ​របស់​ឯកឧត្តម​អភិបាលខេត្ត ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្រេច​ផ្តល់​ជូន ស្ពានបេតុង​មួយ​កន្លែង កាត់​ប្រឡាយ​មេ​រលាំង​ជ្រៃ​ខាងជើង ត្រង់​ចំណុច​ភូមិ​ទួល​ធ្នង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន និង​ចាត់​អ្នកបច្ចេកទេស ចុះ​ធ្វើការ​សិក្សា​ជា​បន្ទាន់​ក្នុង​ការ​តម្លើង​ស្ថានីយ​បូម​ខ្នាត​ធំ​មួយ​គ្រឿង សម្រាប់​ជួយ ដល់​ស្រុក​សំរោង​ទង គងពិសី និង​ស្រុក​ប​សេដ្ឋ ។

សមិទ្ធផល​ដែល​កើត​មាន​ឡើង​នៅ​ពេល​នេះ គឺ​ដោយសារ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មានការ​រីក​ចំរើន​លើ​គ្រប់​វិស័យ ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម ថែរក្សា និង​ការពារ​ឲ្យ​បាន ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)