តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អ្នកឈ្នះរង្វាន់ Ballon ឆ្នាំនេះនឹងត្រូវប្រកាសនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ប៉ុន្តែពេលនេះមានការអះអាងថា ឈ្មោះអ្នកឈ្នះបាល់មាសឆ្នាំ ២០១៩ ត្រូវបានបែកធ្លាយរួចហើយ ។ យោងទៅតាម Mundo Deportivo បានឱ្យដឹងថា Lionel Messi អាចនឹងជាអ្នកឈ្នះពានរង្វាន់ ដែលអាចធ្វើឱ្យពាននេះក្លាយទៅជាពានលើកទី៦របស់គាត់ ។

ក្រុមការងាររបស់សារព័ត៌មាន France Football ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅ Barcelona ដើម្បីជូនដំណឹងដល់កីឡាករអាហ្សង់ទីន Messi អំពីជ័យជម្នះរបស់គាត់ ទោះបីជាការចេញលទ្ធផលផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២ ខែធ្នូ ក៏ដោយ ។ ក្រុមខាងរៀបចំរូបភាពបានទៅជួប Messi សម្រាប់ការសំភាសន៍ និងថតរូប ដែលនឹងត្រូវដាក់បង្ហាញនៅក្នុងទស្សនាវដ្តីបោះពុម្ពរបស់ France Football នៅថ្ងៃបន្ទាប់ពីការប្រកាសជាផ្លូវការ ។

Messi ដែលត្រូវបានគេដាក់ឈ្មោះថាជាកីឡាករល្អបំផុតរបស់ FIFA នៅដើមឆ្នាំនេះ គឺជាម្នាក់នៃបេក្ខភាពផ្សេងៗទៀត ដែលមានសង្ឃឹមខ្ពស់ក្នុងការឈ្នះ ។ ជាមួយគ្នានេះដែរ Cristiano Ronaldo និង Virgil van Dijk ដែលបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA កាលពីខែសីហា ក៏ស្ថិតនៅក្នុងកម្រិតនេះដែរ ។
គួរបញ្ជាក់ផងដែរថា Messi បានឈ្នះពាន Ballon d’Or នៅឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២, និង ២០១៥ ខណៈដែល Ronaldo ធ្វើជាម្ចាស់នៅឆ្នាំ ២០០៨, ២០១៣, ២០១៤, ២០១៦ និង ២០១៧។ ម្ចាស់ពានរង្វាន់បាល់មាសកាលពីឆ្នាំមុន គឺ Luka Modric ដែលពេលនេះ មិនមានឈ្មោះឡើងទៅយកពានទេ ៕