សំណុំរឿង​លក់​ព្រហ្មចារី​តាម​សណ្ឋាគារ​ឱ្យ​ក្រុម​ជនបរទេស បញ្ជូន​ទៅ​តុលាការ

162

រាជធានី​ភ្នំពេញ ៖ មេអណ្តើក​ប្រុស​ស្រី២​នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួងលោម​ក្មេង​ស្រី​អាយុ​ក្រោម​១៥​ឆ្នាំ យក​ទៅ​លក់​ព្រហ្មចារី​ឲ្យ​ជន​បរទេស​សោយសុខ​នៅ​តាម​សណ្ឋាគារ បាន​ត្រូវនគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជនក្រសួងមហាផ្ទៃ ចាប់​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

Loading...

ជនជាប់ចោទ​ជា​មេអណ្តើក​នេះ បុរស​ឈ្មោះ ព្រឿ​ង ចាន់ អាយុ​៤៥​ឆ្នាំ និង​ស្រី្ត​ឈ្មោះ អុ​ឹ​ម សុផល ហៅ​យាយ​មី អាយុ​៧៥​ឆ្នាំ ។ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​កន្លង​មក នៅផ្ទះ​លេខ​១៨៤ ផ្លូវ​លេខ​៤៥០ ភូមិ​១ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​មេអណ្តើក​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ជា​ការ​ធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់​អាណាព្យាបាល​ជនរង​គ្រោះ ដែល​មានការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​អង្គការ​ក្រៅរដ្ឋាភិ​បាល​មួយ ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ​យាយ​មី បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា រូប​គាត់​ជា​អ្នក​ដើរ​អូស​ទាញ​និង​លួងលោម​ក្មេង​ស្រី​ដែល​ជា​ក្មេង​អនាថា ក្រីក្រ ខ្វះ​ការ​គ្រប់គ្រង ត្រូវ​ឪពុក​ម្តាយ​យក​ទៅ​ឲ្យ​បម្រើ​ការងារ​រត់​តុ លក់​កាហ្វេ និង​ដើរ​គ្មាន​គោលដៅ​តាម​សួនច្បារ ដើម្បី​នាំ​យក​ទៅ​ឲ្យ​ជនបរ​ទេស​រួម​ភេទ​នៅ​ក្នុងផ្ទះ​សំណាក់ និង​សណ្ឋាគារ ហើយ​គាត់​ទទួល​បាន​ប្រាក់​តែ​១០​ដុល្លារ​អា​មេ​រិ​ក​ទេ​សម្រាប់​ក្មេង​ស្រី​ម្នាក់ ។ យាយ​មី​បន្ត​ថា ប្រាក់​១០​ដុល្លារ​នេះ​ជា​កុំ​មីស្យុ​ង​សម្រាប់​គាត់​ជិះ​ម៉ូតូ​កង់​បី​នាំ​ក្មេង​ស្រី​យក​ទៅ​ប្រគល់​ឲ្យ​ឈ្មោះ ឆាង ដែល​ជា​អ្នក​ទាក់ទង​ភ្ញៀវ​បរ​ទស​តាម​សណ្ឋាគារ​នោះ ។

ចំណែក​ជន​ឈ្មោះ ព្រឿ​ង ចាន់ សារភាព​ថា ខ្លួន​ជា​អ្នក​ទាក់ទង​ភ្ញៀវ​តាម​សណ្ឋាគារ​ជាមួយ​ឈ្មោះ ឆាង ដែល​ពេល​នេះ​កំពុង​គេចខ្លួន ដើម្បី​ផ្ដល់​សេវា​ផ្លូវភេទ​ដែល​យាយ​មី​នាំ​មក​ឲ្យ ។ ខ្លួន​ទទួល​បាន​ប្រាក់​ក្នុង​មួយ​នាក់​១០០​ទៅ​១៥០​ដុល្លារ​អា​មេ​រិ​ក ដែល​ប្រាក់​នោះ​ចែក​គ្នា​ស្មើ​ជាមួយ​ឈ្មោះ ឆាង ។

ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ជួញដូរ​មនុស្ស​លក់​ព្រហ្មចារី​ឲ្យ​ជនបរទេស​នោះ​ហើយ ទើប​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ជនសង្ស័យ​ជា​មេអណ្តើក​ទាំង​២​នាក់ ទៅ​កាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​តាម​នីតិវិធី ៕​