កម្ពុជា​-​អា​ល្លឺ​ម៉​ង់​ចុះ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​លើ​ទំហំ​ទឹកប្រាក់​៧៤​លាន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​អា​ល្លឺ​ម៉​ង់​បាន​ចុះ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​លើក​ទំហំ​ទឹកប្រាក់​៧៤​លាន​ដុល្លារ​អា​មេ​រិ​កលើ​កិច្ច​សហប្រតិបត្តិការ​ចំនួន​២ ។ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ចំនួន​២ ជាមួយ​លោក​អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថ​លើ​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​៧៤​លាន​ដុល្លារ ។

Loading...

កិច្ចព្រមព្រៀង​ទាំង​២​នោះ​រួម​មាន ១-​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ ឆ្នាំ​២០១៨​តាម​រយៈ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ ឆ្នាំ​២០១៨​នេះ ដែល​ជា​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ និង​ផ្តល់​ឥណទាន​សម្បទាន​ចំនួន ៣០​លាន​អឺ​រ៉ូ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​២​លាន​អឺ​រ៉ូ សម្រាប់​ហិរញ្ញប្បទាន​លើ​គម្រោង​ប្រសិទ្ធិ​ភាព​ថាមពល​សម្រាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ជនបទ ។ ឥណទាន​សម្បទាន​ចំនួន​៣០ លាន​អឺ​រ៉ូ គឺ​ឥណទាន​សម្បទា​នទី​១ ដែល​ភាគី​អា​ល្លឺ​ម៉​ង់​ហៅ​ថា «Reduced Interest Loan» នឹង​ត្រូវ​បាន​ផ្តល់​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​អា​ល្លឺ​ម៉​ង់ (KW) ។

២- កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ឆ្នាំ​២០១៩ តាម​រយៈ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ឆ្នាំ​២០១៩ ដែល​ជា​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ផ្តល់​ឥណទាន​សម្បទាន​ចំនួន​៣០ លាន​អឺ​រ៉ូ​សម្រាប់​ហិរញ្ញប្បទាន​លើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​សម្រាប់​កម្ពុជា និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៥,១ លាន​អឺ​រ៉ូ សម្រាប់​គាំទ្រ​ការ​ធ្វើ​ហិរញ្ញប្បទាន​លើ​គម្រោង​ជាក់លាក់​មួយ​ចំនួន​ទៀត ។ ឥណទាន​សម្បទាន​ចំនួន​៣០​លាន​អឺ​រ៉ូ ជា​ឥណទាន​សម្បទា​នទី​២ ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ ដែល​នឹង​ត្រូវ​បាន​ផ្តល់​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​អា​ល្លឺ​ម៉​ង់ (KW) ផង​ដែរ​។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អា​ល្លឺ​ម៉​ង់ (KW) នៅ​ពេល​ក្រោយ​ទៀត ដើម្បី​ទទួល​បាន​ឥណទាន​មក​ប្រើប្រាស់​សម្រាប់​អនុវត្ត​គម្រោង​ជាក់ស្តែង ។ ក្នុង​ឱកាស​នោះ​លោក​អូន ព័ន្ធ​ម្នី​រ័​ត្ន បាន​គូសបញ្ជាក់​ថា រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ គឺជា​ដៃគូ​អភិវឌ្ឍន៍​ប្រទេស​អឺរ៉ុប ទី​២- បន្ទាប់​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់