រាជធានីភ្នំពេញ ៖ អង្គការអសង្កាជំនួយអន្តរជាតិ និងមន្ទីរពេទ្យរ៉ុងជុងកៅស្យុង ជាមួយក្រុមហ៊ុនអាកាសចរណ៍ជុងហ័រ បានរួមដៃគ្នាជួយសង្គ្រោះឆ្លងប្រទេស កុមារកម្ពុជា មានជំងឺបេះដូងទទួលបានជីវិតថ្មី ។
ចាប់តាំងពីបានបង្កើតអង្គការអសង្កាជំនួយអន្តរជាតិពីតៃវ៉ាន់ (Asanga International Aid) នៅឆ្នាំ២០១៣មក គឺអង្គការអសង្កាជំនួយអន្តរជាតិយើងខ្ញុំបានកំណត់ពេលវេលាក្នុងការអនុវត្តកម្មវិធី នៅតំបន់ជនបទក្នុងប្រទេសកម្ពុជា មានកម្មវិធីពិនិត្យសុខភាពកុមារតូចៗព្រមទាំងធ្វើការផ្សព្វផ្សាយ និងការអប់រំលើកកម្ពស់សុខភាពកុមារ។

នៅខែមីនា ឆ្នាំ២០១៦ ក្នុងពេលធ្វើកម្មវិធី អង្គការអសង្កាជំនួយអន្តរជាតិយើងខ្ញុំបានពិនិត្យឃើញជំងឺបេះដូងរបស់កុមារលាងសែ ទោះបីអង្គការអសង្កាជំនួយអន្តរជាតិ បានដឹងពីសភាពជំងឺរបស់កុមារលាងសែជាយូរមកហើយ ប៉ុន្តែពួកយើងមិនហ៊ានយកកុមារលាងសែមកព្យាបាលនៅប្រទេសតៃវ៉ាន់ ដោយងាយៗនោះទេ យើងខ្ញុំធ្លាប់បានសាកសួរមន្ទីរពេទ្យនៅប្រទេសកម្ពុជា និងនៅតៃវ៉ាន់ជាច្រើន តែទាំងអស់សុទ្ធតែយល់ថា កុមារលាងសែបានខកខាន ឬហួសពេលសមស្របដែលត្រូវវះកាត់ហើយ លុះមកទល់ខែសីហា ឆ្នាំ២០១៨ ទើបត្រូវបានគ្រូពេទ្យឯកទេសផ្នែកបេះដូងកុមារនៃក្រុមវេជ្ជសាស្ត្រទូទៅមន្ទីរពេទ្យកៅស្យុង (Kaohsiung Veterans General Hospital) វេជ្ជបណ្ឌិត លូវឹនស៊ាន ធ្វើរោគវិនិច្ឆ័យ ហើយក៏បានចាប់ផ្ដើមពិគ្រោះនិងរកវិធីជួយកុមារលាងសែ។

វាមិនមែនងាយស្រួលសម្រាប់លាងសែទេ ក្នុងការមកវះកាត់បេះដូងនៅប្រទេសតៃវ៉ាន់ ព្រោះថា សម្ពាធឈាមរបស់កុមារលាងសែទាបណាស់ ពិតជាគ្រោះថ្នាក់ខ្លាំង ពេលយន្តហោះកំពុងហោះហើរ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនអាកាសចរណ៍ជុងហ័រពីតៃវ៉ាន់ (China Airlines) ដែលបានសហការណ៍យ៉ាងពេញទំហឹងក្នុងការធ្វើដំណើរមកព្យាបាលរបស់កុមារលាងសែ នៅប្រទេសតៃវ៉ាន់រួមបន្ថែមសហការជាមួយ ខាងមន្ទីរពេទ្យរ៉ុងជុង ទីក្រុងកៅស្យុង ដែលមានសមត្ថភាពឯកទេសខ្ពស់ក្នុងការបញ្ជូនជំងឺ បានធ្វើឱ្យដំណើរការបញ្ជូនជំងឺសម្រេចដោយជោគជ័យទាំងស្រុង នេះពិតជាស្ដង់ដាអន្តរជាតិ។
កុមារលាងសែមានជំងឺ «សរសៃឈាមធំបេះដូងខុសទីតាំងពីកំណើត និងស្មុគស្មាញ» ឬហៅថា (D-Transposition of the Great Arteries) បច្ចុប្បន្ននេះនៅកម្ពុជា មិនមានមន្ទីរពេទ្យដែលមានបច្ចេកវិទ្យាវះកាត់គ្រប់គ្រាន់ដើម្បីដោះស្រាយ ក៏ដោយសារតែដូច្នេះ ទើបពន្យារពេលអាយុដែលគួរតែត្រូវបានអនុវត្តន៍ការវះកាត់។

បន្ទាប់ពីសមាគមន៍អ៊ូជ័របានបញ្ជូនលាងសែត្រឡប់ទៅតៃវ៉ាន់ នៅមន្ទីរពេទ្យរ៉ុងជុង មុនដំបូងពិនិត្យបំពង់បូមបេះដូង (Cardiac Catheterization) បន្ទាប់មកលោកវេជ្ជបណ្ឌិត ផាស ជីនយៀន ប្រធានផ្នែកវះកាត់បេះដូងកុមារ បានភ្ជាប់សរសៃឈាមធំបេះដូងត្រឡប់ទៅទីតាំងត្រឹមត្រូវវិញ ព្រមទាំងភ្ជាប់សរសៃឈាមបេះដូងតូចៗជាមួយ សរសៃឈាមធំបេះដូងឡើងវិញ ការវះកាត់នេះមានការពិបាកខ្លាំងណាស់ គឺអស់រយៈពេល១៣ម៉ោង ទីបំផុតបានបញ្ចប់ការវះកាត់ដោយជោគជ័យ។ មន្ទីរពេទ្យរ៉ុងជុង ទីក្រុងកៅស្យុង ក្រុមការងារផ្នែកជំងឺបេះដូងកុមារ និងក្រុមគិលានុបដ្ឋាយិកា បានថែទាំដោយយកចិត្តទុកដាក់ក្រោយការវះកាត់ ធ្វើឱ្យកុមារលាងសែបានធូរស្បើយឡើងវិញយ៉ាងរលូន មានឱកាសរីកធំធាត់ដូចកុមារដទៃ។

កញ្ញា ឆេង ណាន់យូ នាយិកានៃអង្គការអសង្កាជំនួយអន្តរជាតិ បាននិយាយថា៖ លើសពីនេះទៀត ចំពោះកុមារដែលមិនស្គាល់ ហើយមកពីចម្ងាយ មានអ្នកចិត្តល្អជនជាតិតៃវ៉ាន់និងជនជាតិខ្មែរ នៅតៃវ៉ាន់ជាច្រើន ពាណិជ្ជករតៃវ៉ាន់នៅកម្ពុជា ក្រុមគ្រូពេទ្យមកទទួលការបណ្ដុះបណ្ដាលនៅតៃវ៉ាន់ បានផ្ដល់ឱ្យនូវការយកចិត្តទុកដាក់ខាងស្មារតី និងខាងសម្ភារៈ។ ភារកិច្ចនៃការថែរក្សាសុខភាពវេជ្ជសាស្ត្រអន្តរជាតិឆ្លងប្រទេសនេះ គឺទទួលបានជោគជ័យ ដោយសារមានការសហការណ៍ និងធ្វើការរួមគ្នា៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)

