២៦​ឆ្នាំ​អូស្ត្រាលី​ជួយ​កម្ពុជា​ប្រមាណ​១​ពាន់​លាន់​ដុល្លារ​លើ​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ និង​សង្គម

58

រាជធានី​ភ្នំពេញ ៖ ជំនួយ​អភិវឌ្ឍ​របស់​ប្រទេស​អូស្ត្រាលី​មក​ដល់​កម្ពុជា​ចាប់ពី​ឆ្នាំ​១៩៩២​មក​ដល់​ឆ្នាំ​២០១៨​មាន​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​បាន​ផ្តោត​លើ​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ ពាណិជ្ជកម្ម កសិកម្ម ជលផល ទឹក វិស័យ​អប់រំ សុខាភិបាល ដោះ​មីន និង​ផ្តល់​ជំនួយ​ដល់​សាលាក្តី​ខ្មែរក្រហម​ផង​ដែរ ។

Loading...

នេះ​ជា​ការ​ថ្លែង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពេល​បាន​អនុញ្ញាត​ឲ្យ​លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាបលា ក្នុង​ឱកាស​ដែល​លោក​ជំទាវ បញ្ចប់​អាណត្តិ បេសកកម្ម​ការទូត​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ថ្លែង​ថា ក្នុង​ពេល​ដែល​លោក​ជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​រយៈពេល​ជាង​៣​ឆ្នាំ​កន្លង​មកនេះ​ក្នុង​កំឡុង​លោក​ជំទាវ​បំពេញការងារ​បាន​ធ្វើ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ថ្នាក់ឧត្តម​មន្ត្រី​នៃ​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​ពីរ ។ កាលពី​ពេល​ថ្មី​ៗ​នេះ​មាន​កិច្ចប្រជុំ​ថ្នាក់ឧត្តម​មន្ត្រី​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​កង់​ប៊ែ​រ៉ា​ប្រទេស​អូស្ត្រាលី ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​បញ្ជាក់​ថា​ប្រទេស​ទាំង​ពី​បាន​ពិភាក្សា​ជា​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ក្នុង​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បាន​ជួយ​ដល់​កម្ពុ​ជានា​ពេល​កន្លង​មកនេះ​ដែល​បាន​ជួយ​ដល់​ការ​វិវត្តន៍​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា​មក​ដល់​ពេល​នេះ ។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា ក្រសួងការបរទេស​បាន​ត្រៀម​រួច​ជាស​ម្រេច​ក្នុង​ការ​សហការ​ធ្វើ​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​ដែល​នឹង​អញ្ជើញ​មក​បំពេញការងារ​នៅ​ពេល​ខាង​មុខ ។

ជា​ការ​ឆ្លើយ​តប​លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​លើក​ឡើង​ថា ក្នុង​រយៈពេល​បំពេញការងារ​ជាង​៣​ឆ្នាំ​នៅ​កម្ពុជា​លោកស្រី​បាន​ពេញចិត្ត​យ៉ាង​ខ្លាំង និង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ពី​ភាគី​កម្ពុជា​តាម​រយៈ​ក្រសួងការបរទេស​បាន​ប្រកបដោយ​ជោគជ័យ ៕

កែសម្រួល​ដោយ ៖ សំណាង