ចាំ​មើលថា ការប្រកួត​លើក​នេះ​កីឡាករ​កម្ពុជា​អាច​ដណ្ដើម​​3​ពិន្ទុ​ជាមួយ​កីឡា​ករ​ថៃទេ

រាជធានី​ភ្នំពេញ ៖ គេ​នៅ​ចាំ​បាន​ថា ការ​ប្រកួត​ជុំ​ទី​២​ស​ប្ដា​ហ៍​ទី​១​នៃ​កម្មវិធី​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​» នៅ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​ស​ប្ដា​ហ៍​មុន មាន​តែ​កីឡាករ អេ​លី​ត ភក្ដី មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ​ប៉ុណ្ណោះ​ដែល​ដណ្ដើម​បាន​៣​ពិន្ទុ​មុនគេ បន្ទាប់​ពី​យកឈ្នះ​កីឡាករ​ថៃ​ដោយ​ពិន្ទុ ។ ឯ​កីឡាករ ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ មិន​មានឱកាស​រកបាន​៣​ពិន្ទុ​ឡើយ ក្រោយ​ពី​ត្រូវ​កីឡាករ​ថៃ​វាយ​ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​២ ។ សម្រាប់​ការ​ប្រកួត​ស​ប្ដា​ហ៍ ទី​២ នៅ​ថ្ងៃ​សៅរ៍​ទី​៣០ ខែវិច្ឆិកា គេ​ចាំ​មើល​ថា តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​មានសំណាង​រកបាន​៣​ពិន្ទុ​ឬ​អត់?

Loading...

តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ប្រចាំ​សង្វៀន​ស៊ី​អិន​ស៊ី ការ​ប្រកួត​វគ្គ​ជម្រុះ​លើក​នេះ កីឡាករ កូយ ឡាយ​មក​ពី​ក្លិប​កងទ័ព​ពិសេស​៩១១ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ រិ​ទ្ធ​អៃ​យ៉ា ត​.​សិលា​ឆ័​យ ។ ចំណែក​កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ​ថៃ ផេ​ត ខេ​ម​រ៉ា​ច អ៊ី​មី​និ​ន​អេ ។

កូយ ឡាយ ជា​កីឡាករ​ប្រដាល់​ជើង​ចាស់ មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការ​មក​ប៉ះ​ចំ​កីឡាករ​ថៃ រិ​ទ្ធ​អៃ​យ៉ា ដែល​មិន​ស្គាល់​ប្រវត្តិ​ច្បាស់លាស់ ហើយ​ថែម​ទាំង​មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយ​គ្នា​ពី​មុន​មក​ទៀត​នោះ មិនដឹង​ថា​គេ​អាច​យកឈ្នះ​ដើម្បី​ដណ្ដើម​យក​៣​ពិន្ទុ​មក​ទុក​នៅ​ក្នុង​ដៃ​បាន​ឬ​ក៏​អត់​នោះ​ទេ ។ ទោះជា​យ៉ាងណា ទស្សនៈ​អ្នក
គាំទ្រ​មួយ​ចំនួន​បាន​លើក​ឡើង​ថា បើ​មិន​ទាន់​ជួប គ្នា​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​នោះ​ទេ ។

ចំណែក សេក គឹ​ម​រួន វិញ​ក៏​មិន​ខុស​ពី កូយ ឡាយ ដែរ​ទោះបី​គេ​ជា​អ្នក​ប្រដាល់​ជើង​ចាស់​ធ្លាប់​ប្រកួត​នៅ​លើ​សង្វៀន​រាប់​ភ្លេច តែ​គេ​ត្រូវ​មក​ប៉ះ​ជាមួយ​កីឡាករ​ថៃ ដែល​មិន​ស្គាល់​ប្រវត្តិ​ច្បាស់​លាស់​បែប​នេះ ប្រហែលជា​ពិបាក​បន្តិច​ហើយ ។ ម្យ៉ាងវិញទៀត សេក គឹ​ម​រួន ក៏​មាន​វ័យ​ជ្រេ​បន្តិច​ទៅ​ហើយ​ដែរ បើ​និយាយ​ពី​បច្ចេកទេស​គឺ​នៅ​ល្អ ខ្លាច​តែ​អន់​កម្លាំង​ប៉ុណ្ណោះ ។

សម្រាប់​គូប្រកួត​មិត្តភាព កីឡាករ បាង កា​យ៉ាក មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ក​សិកម្ម ប្រកួត​ជាមួយ​កីឡាករ​អ៊ីរ៉​ង់ Tabtoukhzadeh Motafa ។ កីឡាករ លី​ន វី​រៈ មក​ពី​ក្លិប​បុរី​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ សោម ពិសិដ្ឋមក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)