រាជធានីភ្នំពេញ ៖ ដោយសារតែឡើងកូដនៅក្នុងពិភពប្រដាល់ កីឡាករ រឿង សារ័ត្ន ត្រូវបានគេប្រកាសឱ្យឡើងប្រកួត ជាមួយកីឡាករថៃ ប៉ា ឡាំងកៅ ក្នុងនាម ជាគូអន្តរជាតិខណៈដែលនេះគឺជាអ្វីដែល កីឡាកររូបនេះ ប្រាប់ថា ស្រមៃជាយូរ ។
អ្នកទាំងពីរនឹងប៉ះគ្នា នៅថ្ងៃសៅរ៍ទី៣០ វិច្ឆិកា ស្អែកនេះ នៅក្នុងព្រឹត្តិការណ៍ Tv5 Knock out Serie by K-Cement ក្នុងពេលដែលការប្រកួតជើងឯករដូវកាលទី៦នេះ ស្ថិតក្នុងដំណាក់កាល សម្រាកត្រៀមប្រកួតនៅសប្ដាហ៍ ក្រោយ ដើម្បីស្វែងរកជើងឯកវគ្គផ្ដាច់ព្រ័ត្រ ។
ការប្រកួតដែលនឹងចាប់ផ្ដើមពីម៉ោង៦ល្ងាចតទៅនេះ ត្រូវគេឃើញមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារតែភាពជាក់ស្ដែងគឺព្រឹត្តិការណ៍ដំណើរការចំពេល ល្ងាចថ្ងៃសម្រាក ដែលជាថ្ងៃមនុស្សម្នានៅតំបន់ព្រែកកំពិសនិយមមកទស្សនាកកកុញ ស្របគ្នាដែលនៅតំបន់ប៉ុស្ដិ៍លេខ៥ក៏មានកំណើនអ្នករស់នៅច្រើនឡើង ក្រោយមានវត្តមានសំណង់
បុរីព្រោងព្រាតប្រដេញគ្នា ។
កីឡាករកម្ពុជាដែលជាជើងខ្លាំងកំពុងឡើងកូដ ត្រូវបានគេចាប់អារម្មណ៍ហួសប្រមាណក្រោយពីមានការប្រកាសថា តម្រូវឱ្យស្វាគមន៍ជើងខ្លាំងមកពីប្រទេសថៃ ប៉ាឡាំងកៅ ដែលអ្នកណាៗក៏ស្គាល់ថាជាជើងខ្លាំង ធ្លាប់ប្រកួតឈ្នះលើកីឡាករកម្ពុជាកន្លងមក ។ វត្តមានកីឡាករទាំងកម្ពុជា និងថៃ ក្នុងសប្ដាហ៍នេះ មិនថាការប្រកួតជាលក្ខណៈអន្តរជាតិ ឬការប្រកួតជាលក្ខណៈមិត្តភាពក្នុងស្រុកនៅក្នុងថ្ងៃនោះទេ គឺពិតជាធ្វើឱ្យអ្នកស្នេហាវិស័យប្រដាល់មាន ការចាប់អារម្មណ៍ ជាពិសេសគឺវត្តមានរបស់ កីឡាកររឿង សារ័ត្ន មានការចាប់អារម្មណ៍ យ៉ាងខ្លាំង ដោយសារតែគេកំពុងឡើងកូដ។
សមាសភាពគូអន្តរជាតិនេះ ត្រូវបានគេអះអាងថា មានការសម្រាំងយ៉ាងពិសេស ដើម្បីឱ្យអ្នកទស្សនាកាន់តែកន្ត្រាក់អារម្មណ៍ ក្នុងពេលដែលសប្ដាហ៍នេះគឺជាសប្ដាហ៍ដែលតម្រូវឱ្យអ្នកមានឈ្មោះក្នុងការប្រកួតជ្រើសរើសជើងឯកដែលជ្រើសបានសម្រាកមួយសប្ដាហ៍ត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមជើងឯក និងចំណាត់ថ្នាក់លេខ៣។
លោក សេង កដិកា បញ្ជាក់ថា សមាសភាពខាងកម្ពុជាសម្រាប់ការប្រកួតជាមួយថៃ លោក
ជឿជាក់ខ្លាំងលើកីឡាករ រឿង សារ័ត្ន ដោយសារតែគេគឺជាជើងខ្លាំង ហើយបើទោះជាមិនសូវមានបទពិសោធន៍ច្រើននៅក្នុងការប្រកួតអន្តរជាតិកន្លងមក ប៉ុន្តែសមត្ថភាពគេល្អលោកពេញចិត្ត។
ម្យ៉ាងមកពីលោកចង់លើកមុខម្ចាស់ពានផង ទើបលោកសម្រេចដាក់ឱ្យប្រកួតជាលក្ខណៈអន្តរជាតិ ដើម្បីឱ្យកាន់តែទទួលបានការចាប់អារម្មណ៍នៅក្នុងវិស័យប្រដាល់ ។ លោកប្រកាសថា វត្តមានចុះមករបស់កីឡាករ ប៉ាឡាំងកៅ លោកចង់ផ្ដល់ឱកាសឱ្យរឿង សារ័ត្ន ដោយសារតែអ្នកទាំងពីរសុទ្ធតែជាជើងខ្លាំងដូចគ្នា ទើបលោកហ៊ានសម្រេចផ្គូផ្គង បើទោះជាមានអ្នកគាំទ្រភាគច្រើនថា កីឡាករកម្ពុជារូបនេះអាចនឹងពិបាកទប់ជាមួយកីឡាករថៃ ព្រោះគេគ្រាន់តែជាជើងថ្មី ។
លោកក៏បានកំណត់ឱ្យកីឡាករកម្ពុជាហ្វឹកហាត់ជាប់លាប់មិនតិចជាង១ សប្ដាហ៍ផងដែរ មុនពេលផ្គូផ្គង ទើបលោកយល់ថាសមាសភាពរបស់កីឡាករកម្ពុជារូបនេះ គ្រប់គ្រាន់សម្រាប់ឱ្យប៉ុស្តិ៍លេខ៥ដាក់ប្រកួតជាលក្ខណៈអន្តរជាតិ នៅថ្ងៃសៅរ៍នេះ ។ លោកថា កីឡាករកម្ពុជា និងថៃ សុទ្ធតែត្រូវបានអះអាងថាមានការត្រៀមខ្លួនច្បាស់លាស់ ដោយសារតែភាគីម្ខាងៗចង់ឈ្នះការប្រកួតរៀងខ្លួន និងមិនចង់បាត់បង់ក្រេឌីតក្រោយពេលប៉ះគ្នា ។ មួយគូនេះ មានការចាប់អារម្មណ៍ភាគច្រើន ដោយរំពឹងថានឹងមានអ្នកស្នេហាវិស័យប្រដាល់ជក់ចិត្ត និងចង់ដឹងពីបទពិសោធន៍អ្នកទាំងពីរនៅពេលប៉ះគ្នា ។
ម្យ៉ាងកីឡាករកម្ពុជាមិនសូវមានទម្លាប់ឡើងវ៉ៃលាក់ដៃស្រាប់ទើបលោកពេញចិត្ត ។ លោក សេង កដិកា បន្តថា ជំនួបអន្តរជាតិដែលបានធ្វើឡើងនៅប៉ុស្តិ៍លេខ៥ មិនមែនសុទ្ធតែរន្ថើនព្រឹត្តិការណ៍ជើងឯកអោយអ្នកទស្សនាកាន់តែមានអារម្មណ៍កញ្ជ្រោលនោះទេ ប៉ុន្តែសម្រាប់ជំនួបរវាងកីឡាករទាំង២លោកជឿជាក់ថានឹងកក្រើក ដោយសារកីឡាករថៃលោកស្គាល់ថ្វីដៃច្បាស់ហើយថា មិនធម្មតា ហើយសម្រាប់កីឡាករកម្ពុជា វិញ ក៏ល្អស្ថិតក្នុងទំនុកចិត្តលោក តាំងពីមុនផ្គូផ្គង ។
យ៉ាងណាក៏ដោយលោកថា កីឡាករកម្ពុជាដ្បិតថារូបលោក និងអ្នកគាំទ្រទុកចិត្តពីសមត្ថភាពយ៉ាងហ្នឹង តែបើគេប្រកួតមិនល្អ ឬ មិនអស់ពីសមត្ថភាព ក៏ពិតជារងការរិះគន់ថាជាជើងឯកមិនល្អ ទើបតម្រូវឱ្យគេត្រូវតែប្រកួតឱ្យខ្លាំង ៕ (កែសម្រួលដោយ ៖ បុប្ផា)