ប្រទេសអ៊ីរ៉ាក់-អ៊ីរ៉ង់ ៖ បាតុកម្មហិង្សានៅអ៊ីរ៉ាក់ដែលបណ្ដាលឲ្យមនុស្សស្លាប់៣៥០នាក់រួចហើយក្នុងរយៈពេល២ខែ នាថ្ងៃទី២៧វិច្ឆិកាបានឈានដល់របត់ថ្មីមួយទៀត ជាមួយការដុតស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងណាចាហ្វ ដោយពួកបាតុករបន្ទាប់ពីទិវាដ៏បង្ហូរឈាមថ្មីក្នុងចលនាប្រឆាំងរដ្ឋអំណាចក្រុងបាដាដនិងអ៊ីរ៉ង់។
បណ្ដាអ្នកកាសែតកត់សម្គាល់ឃើញថា នាវេលាល្ងាចពួកបាតុករ បានដុតស្ថានកុងស៊ុលអ៊ីរ៉ង់ ហើយពួកយុវជនបាននាំគ្នាស្រែកពាក្យថា អ៊ីរ៉ង់ចាកចេញ! ជោគជ័យនៅ អ៊ីរ៉ាក់! ។ការដុតស្ថានកុងស៊ុល អ៊ីរ៉ង់នេះគឺក្នុងទីក្រុងសក្ការបូជា របស់ពួកសីុអីុតណាចាហ្វ ដែលជានិមិត្តរូបមួយខណៈក្នុង១ឆ្នាំៗអ្នកធ្វើធម្មយាត្រាស៊ី អ៊ីតច្រើនលាននាក់ពិសេសមកពី អ៊ីរ៉ង់់ បានលើកគ្នាទៅកាន់ទីក្រុងនេះ។
ស្ថានកុងស៊ុល អ៊ីរ៉ង់ក្នុងទីក្រុងសក្ការៈមួយទៀតគឺទីក្រុងគ័របាឡា ធ្លាប់រងការគំរាមវាយប្រហារដុតរួចហើយ ដោយពួកបាតុករកាលពីដើមខែវិច្ឆិកា តែកងកម្លាំងសន្តិសុខ អ៊ីរ៉ាក់បានទប់ស្កាត់ដោយមានការប៉ះទង្គិចគ្នា បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់។ លើកនេះនៅក្រុងណាចាហ្វ ប៉ូលិសបានប៉ះទង្គិចគ្នាជាមួយពួកបាតុករ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបណ្ដាលឲ្យមនុស្សប្រមាណជា៥០នាក់រងរបួស។
ខណៈដែលពួកបាតុករបានប្រើភួយ ក្រដាសកាតុង សំបកកង់រថយន្តដុត ហើយគ្រវែងដាក់ប៉ូលិសបានបង្ខំឲ្យប៉ូលិសដកថយ។ បន្ទាប់មកពួកបាតុករបានគប់ភ្លើងដុតអគារស្ថានកុងស៊ុលដែលហាក់ពុំមានមនុស្សនៅក្នុងនោះឡើយ។ ពួកបាតុករបានវាយប្រហារស្ថានកុងស៊ុលនេះក៏មកពីពួកគេចោទប្រកាន់ អ៊ីរ៉ង់ថា កេងយកចំណេញពី អ៊ីរ៉ាក់។
ចាប់តាំងពីថ្ងៃទី១តុលាមក ពលរដ្ឋ អ៊ីរ៉ាក់ច្រើនសិបពាន់នាក់លើកគ្នាធ្វើបាតុកម្ម ទាមទារកែប្រែប្រព័ន្ធនយោបាយហើយផ្លាស់ប្ដូរទាំងស្រុងជួរថ្នាក់ដឹកនាំ ដែលពួកគេយល់ថាពុករលួយ ដោយតាមតួលេខផ្លូវការថាទឹកប្រាក់ប្រមាណជា៤១០ពាន់លានអឺរ៉ូត្រួវបានពង្វាងយក រយៈពេល១៦ឆ្នាំចុងក្រោយនេះគឺ២ដងច្រើនជាងផលទុនជាតិសរុបរបស់ប្រទេស៕ (កែសម្រួលដោយ ៖ បុប្ផា)