សទ្ធា​កើត​មាន​តែ​ក្នុង​ចិត្ត​មនុស្ស​ល្អ

132

សទ្ធា​មិនកើត​ជាមួយនឹង​បុគ្គល​បាប​ឡើយ សទ្ធា​គឺជា​គុណជាតិ​ល្អ កើតឡើង​តែ​នៅ​ក្នុង​ចិត្តល្អ មនុស្ស​ល្អ​តែ​ប៉ុណ្ណោះ មិន​កើត​ជាមួយនឹង​បុគ្គល​បាប​ជា​ចិត្ត​អកុសល​ឡើយ ។
សទ្ធា​នេះ​ជា​រួម​មាន​៤​ប្រការ​គឺ​៖

Loading...

១- ការ​ជឿ​លើ​កម្ម គឺ​ជឿ​ថា បាបកម្ម ជា​អំពើ​ញ៉ាំង​សត្វលោក​ឲ្យ​ថោកទាប កុសលកម្ម ជា​អំពើ​ញ៉ាំង​សត្វលោក​ឲ្យ​ប្រសើរ​ថ្លៃថ្នូរ ខ្ពង់ខ្ពស់ ។

២- ការ​ជឿ​ទៅ​លើ​ផល គឺ​ជឿ​ថា សេចក្ដី​វិនាស​ហិនហោច និង​សេចក្ដី​ទុក្ខ​គ្រប់​ប្រការ ដែល​ខ្លួន​ត្រូវ​ជួប​ប្រទះ គឺជា​ផលរប​ស់កម្ម​អាក្រក់​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​ហើយ ចំណែក​សេចក្ដីសុខ​ចម្រើន​ដែល​ខ្លួន​ត្រូវ​ទទួល​បាន គឺជា​ផលរប​ស់កម្ម​ល្អ​ដែល​ខ្លួន​ធ្លាប់​ធ្វើ​ហើយ​ដែរ ដោយ​មិន​មាន​អ្នក​ណា​ជា​អ្នក​ធ្វើ​ជំនួស​នោះ​ទេ ។

៣- ជឿ​ថា សត្វ​ទាំងឡាយ​មានកម្ម​ជា​របស់​ខ្លួន គឺថា​កម្ម​ដែល​សត្វលោក​បាន​ធ្វើ​ហើយ​ទោះបីជា​ល្អ​ក្ដី អាក្រក់​ក្ដី តែងតែ​ជាប់​ទៅ​តាម​សត្វលោក​នោះ​ជា​និច្ច ដូច​កង់រទេះ​ដែល​វិល​ទៅ​តាម​ជើងគោ ឬ​ដូច​ជា​ស្រមោល​អន្ទោលតាមប្រាណ បើទុកជា​ខំ​រត់គេច ឬ​រាយមន្ត​ការពារ​យ៉ាងណា ក៏​មិន​អាច​រួច​ផុត​អំពី​អំណាច​កម្ម​បាន​ឡើយ ។

៤- ជឿ​ការ​ត្រាស់​ដឹង​របស់​ព្រះ​តថាគត គឺ​ជឿ​ថា ព្រះ​មាន​ព្រះ​ភាគ​នោះ ព្រះ​អង្គជា​អរហ​ន្ត ជា​សម្មាសម្ពុទ្ធ បរិបូណ៌​ដោយ​វិជ្ជា​និង​ចរណៈ​មាន​ព្រះ​ដំណើរ​ល្អ ជ្រាប​ច្បាស់​នូវ​លោក ឥត​មាន​បុគ្គល​ដទៃ​ស្មើ ទូន្មាន​នូវ​បុរស​ដែល​គួរ​ទូន្មាន​បាន ជា​គ្រូ​នៃ​ទេវតា​និង​មនុស្ស​ទាំង​ឡាយ ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច លែង​វិល​ត្រឡប់​មក​កាន់​ភព​ថ្មី​ទៀត​ឡើយ និង​រួម​មួយអន្លើ​ដោយ​ការ​ជឿ​គុណព្រះធម៌ និង​គុណព្រះសង្ឃ​ផង ។

ការ​ជឿ​ដែល​ចាត់​ចូល​ក្នុង​សទ្ធា​នេះ គឺ​សំដៅ​ដល់​ការ​ជឿ​ក្នុង​រឿង​ដែល​មាន​ហេតុផល ស្រ​ប​ទៅ​តាម​ធម្មជាតិ​ដែល​មាន​ពិត​ៗ មិនមែន​ជា​ការ​ជឿ​ក្នុង​រឿង​ភ្ញាក់ផ្អើល​នោះ​ទេ ។​ ដោយសាន សារិន