សហរដ្ឋអាមេរិក-ចិន ៖ ក្រុងប៉េកាំងកាលពីថ្ងៃទី២៨វិច្ឆិកា បានបញ្ចេញប្រតិកម្មដោយខឹងយ៉ាងខ្លាំង ដែលប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ចុះហត្ថលេខាលើច្បាប់ដែលគាំទ្រដល់បាតុកម្ម ស្និទ្ធប្រជាធិបតេយ្យនៅហុងកុងដោយចាត់ទុកថា ច្បាប់នោះអាក្រក់ក្រៃណា ហើយគំរាមក្រុងវ៉ាស៊ិនតោន ពីការសងសឹកវិញ ខណៈមហាអំណាចទាំង២កំពុងមានសង្គ្រាមពាណិជ្ជកម្មនឹងគ្នា។
ក្រសួងការបរទេសចិនក្នុងសេចក្ដីប្រកាសមួយបរិហារថា ច្បាប់នោះដែលសភាអាមេរិកអនុម័តកាលពីសប្ដាហ៍មុន ហើយលោកត្រាំចុះហត្ថលេខានាថ្ងៃទី២៧វិច្ឆិកា ពោរពេញដោយចេតនាអាក្រក់ តែមិនបានបញ្ជាក់ថាតើក្រុងប៉េកាំងនឹងចាត់វិធានការអ្វីខ្លះតបតវិញឡើយ។
ចិនបានចោទប្រកាន់ច្បាប់នេះថា គាំទ្រទាំងទទឹងទិសដល់បណ្ដាអំពើប្រព្រឹត្តប្រឆាំងបណ្ដាពលរដ្ឋស្លូតត្រង់ ដែលរងការវាយដំធ្វើបាប បង្ករបួសស្នាមនិងការដើរដុតបំផ្លាញពីសំណាក់ពួកឧក្រិដ្ឋជនហិង្សា។
ចំណែកអ្នកទទួលខុសត្រូវនៃរដ្ឋាភិបាលក្រុងហុងកុងមួយរូបយល់ឃើញថា ច្បាប់នេះជាការជ្រៀតជ្រែកដោយចំហ ចូលកិច្ចការផ្ទៃក្នុងហុងកុង ហើយបញ្ជូនសារអាក្រក់មួយដល់ពួកបាតុករ។
លោកត្រាំចុះហត្ថលេខាលើច្បាប់ឆ្នាំ់២០១៩នោះស្ដីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅហុងកុង ក្រោយការរារែកដ៏យូរ ព្រោះខ្លាចក្រែងវាអាចធ្វើឲ្យចិនបែរខ្នងជាមួយលោកដែលស្វែងរកចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ចាប់តាំងពីច្រើនខែមកហើយ។ ច្បាប់នេះដែលគំរាមផ្អាកលក្ខន្តិកៈសេដ្ឋកិច្ចពិសេសផ្ដល់ដោយក្រុងវ៉ាស៊ិនតោនដល់ហុងកុង ប្រសិនបើសិទ្ធិរបស់បាតុករពុំត្រូវបានគោរព ត្រូវបានសភាអាមេរិកអនុម័តកាលពីសប្ដាហ៍មុន។
សភាអាមេរិកក៏អនុម័តដែរវិធានការដែលហាមឃាត់មិនលក់ឲ្យប៉ួលិសហុងកុង នូវឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កៅស៊ូនិងឧបករណ៍ដទៃៗទៀតសម្រាប់បង្ក្រាបបាតុកម្ម ដែលលោកត្រាំក៏ចុះហត្ថលេខាដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)