សហរដ្ឋអាមេរិក-កួរ៉េខាងត្បូង ៖ យោងតាមYONHAPថា ក្រសួងការពារប្រទេសអាមេរិកវាយតម្លៃថាការដាក់ពង្រាយកងទាហានអាមេរិក នៅកួរ៉េខាងត្បូងនឹងត្រូវការប្រាក់ប្រមាណជា៤,៥ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២០ ដែលបែបនេះនាំឲ្យមានសំនួរសួរថា ហេតុអីក៏ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ស្នើដល់ក្រុងសេអ៊ូលឲ្យបង់ប្រាក់រហូតដល់៥ពាន់លានដុល្លារ ក្នុងក្របខណ្ឌនៃការជួយចែកចំណែកគ្នា ចំពោះការចំណាយលើកងទ័ពអាមេរិកដែលជ្ទយការពារកូរ៉េខាងត្បូងសម្រាប់ឆ្នាំខាងមុខ។
យោងតាមគម្រោងថវិកាដែលរៀបរៀងក្នុងខែមីនាដោយមន្ទីរប៉ង់តាហ្គោន ការចំណាយសម្រាប់បុគ្គលិកយោធា ដល់បណ្ដាប្រតិបត្តិការនិងលំនៅឋានសម្រាប់គ្រួសារយោធានៅកូរ៉េខាងត្បូង មានប្រមាណជា៤,៤៦ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ដែលនឹងបញ្ចប់នាថ្ងៃទី៣០កញ្ញាឆ្នាំ២០២០។ សម្រាប់ឆ្នាំសារពើពន្ធ២០១៩តួលេខចំណាយមាន៤,៤៣ពាន់លានដុល្លារ ទល់នឹង៤,៣២ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។
អាមេរិកនិងកូរ៉េខាងត្បូងកំពុងចរចាគ្នាលើការជួយចេញការចំណាយ សម្រាប់ការដាក់ពង្រាយកងទាហានអាមេរិក២៨.៥០០នាក់នៅឧបទ្វីបកូរ៉េ ដែលលោកត្រាំទាមទារឲ្យក្រុងសេអ៊ូលជួយចេញច្រើនថែមទៀត៕ (កែសម្រួលដោយ ៖ បុប្ផា)