រាជធានីភ្នំពេញ៖ សកម្មភាពរឹងប៉ឹងក្នុងការនាំចេញ និងតម្រូវការក្នុងស្រុកខ្លាំង ជាកត្តាទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឱ្យនៅរក្សាបានភាពស្វាហាប់និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែកំណើនជាក់ស្តែងរបស់សេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងថមថយល្បឿនមកនៅត្រឹម ៧ភាគរយ ក្នុងឆ្នាំ២០១៩ ចុះពី ៧,៥ភាគរយ ក្នុងឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយដែលចេញផ្សាយដោយធនាគារពិភពលោក (World Bank/WB) ចេញផ្សាយថ្ងៃទី ២៧ ខែវិច្ឆិកាម្សិលមិញ។

ប្រភពដដែលបានបង្ហាញថា ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដែលមានទំហំប្រហែល ៧០ភាគរយនៃទំនិញនាំចេញគ្រប់មុខ បានកើនចំនួន ១៧,៧ភាគរយ ក្នុងឆ្នាំ២០១៨ ប៉ុន្តែស្រុតចុះបន្តិចវិញមកនៅត្រឹម១៥,៣ភាគរយ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩។ វិស័យសំណង់នៅបន្តសកម្មភាពគគ្រឹកគគ្រេង ដែលឆ្លុះបញ្ចាំងឱ្យឃើញថាមិនទាន់មានភាពនឿយណាយនៃការវិនិយោគលើវិស័យនេះនៅឡើយទេ។ ជាលទ្ធផល ការនាំចូលដែកសំណង់បានស្ទុះឡើងយ៉ាងគំហុក ដល់ទៅ៦៣,៥ភាគរយ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ ពី ២៧,៧ភាគរយ ក្នុងឆ្នាំ២០១៨។
ជាមួយគ្នានេះដែរ ហានិភ័យបន្តកើនឡើងសម្រាប់វិស័យហិរញ្ញវត្ថុ ដោយសារតែមានការពាក់ព័ន្ធច្រើនជាមួយវិស័យសំណង់ និងអលនទ្រព្យ អមដោយការពូនគររបស់បំណុលផង ដែលក្នុងនោះទំហំនៃការខ្ចីបុលសរុបរួមគ្នាពីធនាគារ និងពីស្ថាប័នមីក្រូហិរញ្ញវត្ថុ មានជាង ១០០ភាគរយ នៃផ.ស.ស ទៅទៀត។ របាយការណ៍ដដែលរបស់ធនាគារពិភពលោកបានបញ្ជាក់ថា បន្ថែមលើនេះ លទ្ធភាពនៃការដកចេញភាពអនុគ្រោះពាណិជ្ជកម្មក្រោមប្រព័ន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ» (Everything But Arms/EBA) និងការធ្លាក់ចុះយ៉ាងគំហុកណាមួយនៃសេដ្ឋកិច្ចរបស់ប្រទេសចិន (ដែលអាចនឹងកើតមានមកពីភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន) អាចបង្កផលប៉ះទង្គិចយ៉ាងខ្លាំងទៅលើទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងក្រៅប្រទេស ថ្មីៗនេះ អាជ្ញាធរកម្ពុជាបានដាក់ចេញវិធានការមួយចំនួនសំដៅជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម ដោយបន្ទាបថ្លៃចំណាយលើការដឹកជញ្ជូន, កាត់បន្ថយការិយាធិបតេយ្យ, និងជួយដល់ធុរកិច្ចដោយកាត់បន្ថយថ្ងៃឈប់សម្រាកផ្លូវការចំនួន៦ថ្ងៃ នៅក្នុងឆ្នាំ២០២០។ បន្ថែមលើនេះ វិធានការកញ្ចប់ហិរញ្ញវត្ថុធំគួរសមមួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចដោយប្រើប្រាក់សន្សំរបស់រដ្ឋ នឹងអាចត្រូវបានដាក់ចេញនៅក្នុងឆ្នាំ២០២០ ដើម្បីជួយសម្រាលផលប៉ះទង្គិចអវិជ្ជមានដែលបណ្តាលមកពីការដក EBA ប្រសិនបើវានឹងកើតឡើងមែន។
របាយការណ៍នេះក៏បានគូសបញ្ជាក់ផងដែរថា ការចូលរួមរបស់កម្ពុជានៅក្នុងសេដ្ឋកិច្ចសាកលតាមរយៈខ្សែចង្វាក់តម្លៃសាកល (GVCs) មានសន្ទុះលឿនជាងប្រទេសប្រហាក់ប្រហែលគ្នាផ្សេងៗទៀត ទោះបីជាការចូលរួមនោះចាប់ផ្តើមពីមូលដ្ឋានទាបក៏ដោយ។ ការហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI), ភាពសម្បូរនៃពលកម្មមានជំនាញទាបនិងពលកម្មមានប្រាក់ឈ្នួលទាប, និងលទ្ធភាពទទួលបានភាពអនុគ្រោះនាំទំនិញចេញទៅកាន់ទីផ្សារធំៗ សុទ្ធតែជាកត្តានៅពីក្រោយការជំរុញសមាហរណកម្មយ៉ាងលឿនរបស់កម្ពុជាចូលទៅក្នុងខ្សែចង្វាក់តម្លៃសាកល នៅតាមផ្នែកផលិតកម្មមួយចំនួន។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា មានប្រសាសន៍ថា«ដើម្បីឈានឡើងទៅកាន់ដំណាក់កាលមួយទៀតនៃការចូលរួមក្នុងខ្សែចង្វាក់តម្លៃសាកលបាន ប្រទេសកម្ពុជាចាំបាច់ត្រូវតែមានល្បាយគោលនយោបាយកាន់តែទំនើបជឿនលឿនច្រើនថែមទៀត។ ក្នុងនោះរួមមាន ការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងធ្វើវាឱ្យកាន់តែស៊ីជម្រៅ, ការបន្ទាបរបារពាណិជ្ជកម្មសម្រាប់ទំនិញនាំចូល, ការបន្តធ្វើការកែលម្អគុណភាពវិស័យអប់រំនិងជំនាញរបស់កម្លាំងពលកម្ម, និងការចាប់យកសេដ្ឋកិច្ចឌីជីថលដើម្បីជួយបណ្តាក្រុមហ៊ុនឱ្យធ្វើសមាហរណកម្មខ្លួន ទៅក្នុងខ្សែចង្វាក់តម្លៃសាកល»។
បើតាមធនាគារពិភពលោក របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា នេះចេញផ្សាយពីរដងក្នុងមួយឆ្នាំ ដោយផ្តល់ព័ត៌មានថ្មីៗបំផុតស្តីពីការវិវត្តរបស់ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលខ្លីនិងមធ្យម៕ កែសម្រួលដោយ ៖សុឃាក់