អាជ្ញាធរ​ខេត្ត​រៀបចំ​ពិធី​លុប​បំបាត់​ការ​បំពុល​ដោយ​ប្លា​ស្ទិក

ខេត្ត​ប៉ៃលិន ៖ ការ​បោះចោល​សំរាម និង​កាក​សំណល់​ពាស​វាល​ពាស​កាល ជា​ហេតុ​បង្ក​ទៅ​ជា​ការ​បំពុលបរិយាកាស និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ ធ្វើ​ឱ្យ​ឆ្លង​មេរោគ និង​ប៉ះពាល់​សុខភាព​មនុស្ស​សត្វ​ផង​ដែរ ដូច្នេះ​ហើយ ទើប​អាជ្ញាធរ​ខេត្ត​រៀបចំ​ធ្វើ​ពិធី​បំបាត់​ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក ។

Loading...

ពិធី​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​នៅ​សួន​កុមារ មុខ​បរិវេណ​សាលាខេត្ត ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ក្រោម​អធិបតីភាព​លោក សៅ សា​រ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន ដែល​មាន​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​អាជីវករ សរុប​ចំនួន​៦១៥​នាក់​ចូលរួម​ផង​ដែរ ។

លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​ដឹកនាំ​ដោយ​លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត បាន​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ភូមិ​ស្អាត សុខភាព​ល្អ​» ក្នុង​គោលបំណង ដើម្បី​បំផុស​ចលនា​ដល់​ប្រជាជន សិស្ស​នុ​សិស្ស​និស្សិត កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​អាជីវករ​ឲ្យ​ចូលរួម​ចំណែក​ទាំង​ស្មារតី សម្ភារៈ​និង​កំលាំងចិត្ត កំលាំងកាយ​ក្នុង​ទិស​ដៅ​បំបាត់​ឲ្យ​បាន​នូវ​ភាព​កខ្វក់ គ្មាន​អនាម័យ គ្មាន​សំរាម គ្មាន​ថង់​ប្លា​ស្ទីក គ្មាន​ការ​កក​ស្ទះលូ ដើម្បី​ប្រែក្លាយ​បរិស្ថាន​ខេត្ត​ឲ្យ​ស្អាត​ផូរផង់ ហើយ​រួមចំណែក​លើក​ស្ទួយ​កិត្យានុភាព​ជាតិ និង​លើកកំពស់​សុខុមាលភាព​ប្រជាជន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ ។

លោក​បន្ត​ទៀត​ថា កម្មវិធី​នេះ បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ដើម្បី​ពញ្ញាក់​ស្មារតី​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ និង​ចេះ​រក្សា​កាក​សំណល់​យក​ទៅ​បោះចោល​មួយ​កន្លែង មិន​ចោល​រាយ​ប៉ាយ​នោះ​ឡើយ ។ លោក​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​កាន់តែ​យល់​ច្រើន​ឡើង​ៗ​ពី​ល​ប៉ះពាល់​នៃ​ការ​បំពុល​បរិ​ស្ឋា​ន​ដោយ​ប្លា​ស្ទិ​ក ហើយ​ម្នាក់​ៗ មុន​នឹង​បោះចោល​សំរាម​ត្រូវ​គិត​ពី​ប្រយោជន៍​រួម ៕ (​កែសម្រួល​ដោយ ៖ ធីតា​)