កំលាំង​ពលកម្ម​កម្ពុជា​ដែល​មាន​ជំនាញ​ក្នុង​វិស័យ​សំណង់​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន

149

រាជធានី​ភ្នំពេញ ៖ ខណៈ​វិស័យ​សំណង់​នៅ​កម្ពុជា​បាន​និង​កំពុង​ផ្ដល់​ការងារ​ជិត​៣​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ពលរដ្ឋ​ម​កម្ពុជា តែបើ​ក្រលេក​ទៅ​មើល​ទីផ្សារពលកម្ម​ជំនាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​តម្រូវការ​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ធ្វើ​អោយ​ការ​ផ្គត់ផ្គង់​កំលាំង​ពលកម្ម​ជំនាញ​នេះ​មិន​ទាន់​ឆ្លើយ​តប​នៅឡើយ​។ ដូច្នេះ​វា​ទាមទារ​អោយ​មានការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជា​ពិ សេស​ក្នុង​វិស័យ​សំណង់ ព្រោះ​វិស័យ​នេះ​កំពុង​រីក​ដុះដាល​និង​ដើរតួ​នាទី​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

Loading...

យោង​តាម​ប្រសាសន៍​លោក​ទាង សាក់ ប្រ​ធានា​ន​យក​ដ្ឋា​ន​ស្ដង់ដារ និង​កម្មវិធី​សិក្សា នៃ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អោយ​ដឹង​ថា ជា​ទូទៅ​តម្រូវការ​ធនធាន​ជំនាញ​វា​កំពុង​មាន​តម្រូវការ​ខ្ពស់ មាន​កំណើន​ខ្ពស់ ហើយ​វិស័យ​បច្ចេកវិទ្យា​កាន់តែ​លឿន ក៏​ត្រូវការ​អ្នកជំនាញ​ដែល​ស្រប​នឹង​ស្ថានភាព​កាន់តែ​ខ្លាំង​ដែរ ចឹ​ង​ហើយ​ធនធានមនុស្ស​ក្នុង​វិស័យ​សំណង់​ក៏​ទាមទារ​អោយ​មាន​សមត្ថភាព​ខ្ពស់​ផង​ដែរ ដូច្នេះ​ហើយ​ទើប​ក្រសួង​ការងារ​ជំរុញ​អោយ​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ទាំងអស់​ពង្រឹងគុណភាព​បណ្ដុះបណ្ដាល​ជំនាញ អោយ​ខ្លាំង​ជាង​មុន មានគុណ​ភាព​ឃ្លាំង​ជាង​មុន ។

បច្ចុប្បន្ន​នេះ តាម​ការដ្ឋាន​នានា​ក្នុង​គម្រោង​សំណង់​កំពុង​សាងសង់​គេ​ឃើញ​ថា ពលកម្ម​ជំនាញ និង​កម្មករ​មួយ​ចំនួន​ជា​ជនបរទេស​ដូច​ជា​ចិន និង​វៀតណាម តែ​ក៏​មាន​ជនជាតិ​ខ្មែរ​មួយ​ចំនួន​ផង​ដែរ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ទាង សាក់​បាន​មាន​ប្រសាសន៍​បន្ត​ថា នេះ​ដោយសារ​តែ​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា ទៅ​លើ​ការងារ​មួយ​នេះ​នៅ​តែ​ខ្លាចរអារ ហើយ​គិត​ថា​ជា​ការងារ​ដែល​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដូច្នេះ​ហើយ​សិស្ស​និស្សិត​មួយ​ចំនួន​ធំ បាន​ងាក​ទៅ​សិក្សា​លើ​ជំនាញ​ការងារ​ក្នុង​ការិយាល័យ និង​មិន​រៀន​ជំនាញ​ណា​ដែល​ធ្វើការ​ក្រោម​កំ​ដៅ​ថ្ងៃ​ជាដើម ។ ​លោក​បាន​បន្ត​ថា «​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន មិន​ចង់​ធ្វើការ​ពិបាក​ៗ ឬ​ការងារ​ណា​ដែល​គគ្រេច តែ​ក្រសួង​បាន​ខិតខំ​ទាញ​ចំណាប់អារម្មណ៍​សិស្ស​អោយមក​សិក្សា​លើ​ជំនាញ​ទាំងនេះ ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់ » ។

​លោក​ឡៅ ហ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កំពុង​តម្រង់​មុខព្រួញ ធនធានមនុស្ស​និង​គុណភាព​ធនធានមនុស្ស​កម្ពុជា​អោយ​ត្រូវ​នឹង​ទីផ្សារ ការងារ​នា​ពេល​បច្ចុប្បន្ន ដូច្នេះ​ហើយ​ទើប​ក្រសួង​កំណត់​យុទ្ធសាស្ត្រ​មួយ តម្រូវ​អោយ​មាន​កិច្ចសហការ​រវាង​វិស័យ​សាធារណៈ​និង​ឯកជន ដើម្បី​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​អោយ​ត្រូវ​នឹង​ស្ថានភាព​ទីផ្សារ​ងារ​សព្វ​ថ្ងៃនេះ ។

​លោក Wirot Phanitphotchamarn នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​និង​ការ​លក់​របស់ SCG នៅ​កម្ពុជា​ដែល​ជា​ក្រុមហ៊ុន​សំណង់​ដ៏​ធំ​មួយ​ក្នុង​តំបន់​អាស៊ាន បានអោយ​ដឹង​ថា សេដ្ឋកិច្ច​កម្ពុជា កំពុង​មានការ​កើនឡើង​ក្នុង​នោះ​វិស័យ​សំណង់​ក៏​កំពុង​ដើរតួ​នាទី​សំខាន់​ក្នុង​កំណើនសេដ្ឋកិច្ច​ផង​ដែរ ដែល​ត្រូវការ​ធនធានមនុស្ស​ក្នុង​ជំនាញ​នេះ​កាន់តែ​ច្រើន ។​លោក​ថា​៖«​ក្នុង​នាម​ជា​អ្នក​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​មួយ​នៅ​ក​កម្ពុជា យើង​ក៏​មាន​ឆន្ទៈ​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស​កម្ពុជា ក្នុង​វិស័យ​សំណង់​អោយ​កាន់តែ​រឹង​មាំ​ផង​ដែរ តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជំនាញ​ជាងសំណង់​ក្នុង​មួយ​ឆ្នាំ​ៗ​រាប់រយ​នាក់ » ។ ​លោក​បាន​បន្ត​ថា យើង​ព្យាយាម​យក​បទ​ពិសោធន៍ និង​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ខ្លួន ក្នុង​វិស័យ​សំណង់​ពី​ប្រទេស​ថៃ​មក​ផ្ដល់​ជូន​អ្នកជំនាញ​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​អោយ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត ស្រប​ពេល​ដែល​វិនិយោគិន​ជា​ច្រើន​កំពុង​ចាប់អារម្មណ៍​លើ​វិស័យ​សំណង់​និង​កំពុង​ដាក់​ទុន​ជា​ច្រើន​ក្នុង​វិស័យ​នេះ ។

យោង​តាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​ថា វិស័យ​សំណង់​បាន​ផ្ដល់​ការងារ ជិត​៣​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ តម្លៃ​ពលកម្ម សម្រាប់​កម្មករ​គ្មាន​ជំនាញ ទទួល​បាន ៣​ម៉ឺន​រៀល និង​កម្មករ​មាន​ជំនាញ​ទទួល​បាន ៦​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ។ រីឯ វិស្វករ ស្ថាបត្យករ និង​អ្នកជំនាញ​ផ្សេង​ទៀត ទទួល​បាន​ប្រាក់​ឈ្នួល​ពី ៤០០​ដុល្លារ ទៅ ២.៥០០​ដុល្លារ ក្នុង​មួយ​ខែ​ផង​ដែរ ។

របាយការណ៍​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា គិត​ចាប់តាំងពី​ឆ្នាំ​២០០០ មក​ដល់​ត្រឹម​ខែកញ្ញា​ឆ្នាំ​២០១៩ នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​ទូ​ទាំង​ប្រទេស​សរុប​ជាង ៤​ម៉ឺន​៦​ពាន់​គម្រោង ដែល​គិត​ជា​ទឹកប្រាក់​ជាង ៤៨​ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ មាន​អគារ​ខ្ពស់​ៗ ចាប់ពី​៥​ជាន់ឡើង​ទៅ​ជាង ១​ពាន់​៥០០​អគារ និង​គម្រោង​អគារ​បុរី​លំនៅ​ដ្ឋា​ន និង​បណ្តុំ​លំនៅ​ដ្ឋា​ន​លក្ខណៈ​បុរី​មាន​២៦៨ គម្រោង ៕ កែសម្រួលដោយ ៖ សុឃាក់