រាជធានីភ្នំពេញ ៖ អ្នកស្រីសរ កេសរ៉ា តារាភាពយន្តជើងចាស់តាំងពីជំនាន់ លោកគង់ សំអឿន រហូតមកដល់បច្ចុប្បន្ននៅតែ ស្រឡាញ់ពេញចិត្ត និងចូលប្រឡូកការងារនេះ ។ អ្នកស្រីផលិតបានភាពយន្តជាច្រើនរឿងមកហើយ ។
កាលពីពេល ថ្មីៗកន្លងមកអ្នកស្រីសរ កេសរ៉ា ថ្លែងថា «ខ្ញុំគ្មានបំណងចង់បានភាពចំណេញលើភាពយន្តខ្មែរ ក្រៅអំពីការជួយលើកស្ទួយឲ្យកាន់តែលេចធ្លោ »។

អ្នកស្រីសរ កេសរ៉ា បានថ្លែងបែបនេះពេលចូលរួមក្នុងមហោស្រពភាពយន្តជាតិលើកទី៦ ឆ្នាំ២០១៩ កាលពីពេល ថ្មីៗកន្លងមកនៅសាលមហោស្រពចតុម្មុខរាជធានីភ្នំពេញ ។ ក្រៅពីការងារលើវិស័យសិល្បៈភាពយន្តអ្នកស្រីសរ កេសរ៉ា ជាជំនួយការមើលការខុស ត្រូវបេក្ខនារីដែលចូលរួមប្រកួតកម្មវិធី «កញ្ញាឯកភពផែនដីឆ្នាំ២០២០» ដែលមានរំដួលលិចទឹកជាអ្នកគ្រប់គ្រង ។
ជាមួយនឹងការដាក់ភាពយន្តរឿង «រ៉ូហ្សា5»ចូលរួមប្រកួតប្រជែង អ្នកស្រីសរ កេសរ៉ា បញ្ជាក់ថា ផលិតកម្មអ្នកស្រីនឹងចេញថតរឿងថ្មីនាពេល ឆាប់ៗនេះ ។ អ្នកស្រីសរ កេសារ៉ា បញ្ជាក់ថា «បើទោះជាមួយរយៈមុនខ្ញុំមិនចេញផលិតភាពយន្ត តែមិនមែនមានន័យថា បោះបង់នោះទេ ពោលគឺដោយសារតែរវល់ និងមិនទាន់រកឃើញសាច់រឿងដែលសកិ្តសមប៉ុណ្ណោះ ។ ភាពយន្តថ្មីនេះ ខ្ញុំនឹងដាក់ឈ្មោះថា«ផ្កាអង្គារបុស្ស» ដែលដកស្រង់ពីជីវិតពិតយកមកបង្ហាញ ដោយរំពឹងថានឹងជោគជ័យ »។

ពាក់ព័ន្ធនឹងការចូលរួមប្រកួត អ្នកស្រីសរកេសរ៉ា ថាមិនមែនដើម្បីចង់បានពានរង្វាន់ ឬរំពឹងឈ្នះតំណែងជាភាពយន្តឆ្នើមនោះទេ ដោយសារតែយល់ថាក្នុងការផលិតរឿង«រ៉ូហ្សា៥» មិនទាន់មានគុណភាពគ្រប់គ្រាន់នៅឡើយ។ ការចូលរួមនេះ គ្រាន់តែចង់ឲ្យមហោស្រពភាពយន្តជាតិ មានភាពយន្តចម្រុះប្រភេទ និងកាន់តែមានច្រើនរឿងចូលរួមប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដីភាពយន្តដែលអ្នកស្រីសរ កេរ៉ា ដាក់ចូលរួមប្រកួត ល្អគួរសមដែរ ទើបជាប់ក្នុងចំណោម១៨រឿង សម្រាប់មហោស្រពភាពយន្តនេះ ។
ចំពោះភាពយន្តរឿង”ផ្កាអង្គាបុស្ស” ក្រៅពីដាក់បញ្ចាំងក្នុងស្រុក អ្នកស្រីសរ កេសរ៉ា ត្រៀមនឹងយកទៅកាន់មហោស្រពភាពយន្តអន្តរជាតិនៅអាមេរិក និងប្រទេស ផ្សេងៗផងដែរ។ អ្នកស្រីសរ កេសរ៉ា ទទូចឲ្យមានការគាំទ្រភាពយន្តខ្មែរ ហើយថាចំពោះអ្នកស្រីមិនដកថយក្នុងការផលិតភាពយន្តទេ បើទោះជាការផលិតភាពយន្តនាពេលបច្ចុប្បន្នពិបាកទទួលបានផលចំណេញក្ដី ៕ (កែសម្រួលដោយ ៖ បុប្ផា)


