កិច្ចប្រជុំ​ស្តី​ពី «​ការ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ »

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅ​សាលាខេត្ត​ព្រះ​សីហ​នុ លោក គង់ វិ​តាណៈ អភិបាលរង​ខេត្ត​បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តី​ពី​ការ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ ដោយ​មានការ​ចូលរួម​ពី​អភិបាលរង​ក្រុង ស្រុក អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​។ លោក​អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ដោយ​គូសបញ្ជាក់​ថា តាម​គោលនយោបាយ​ជាតិ ស្តី​ពី​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ របស់​រាជរដ្ឋាភិបាល​កម្ពុជា២០១៦ -២០២៦ ដើម្បី​រុញច្រាន​ផលិតផល​របស់ ប្រទេស​ជាតិ ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន យើង​ត្រូវ​បង្កើន​យន្តការ​រុញច្រាន​សេដ្ឋកិច្ច​កម្ពុជា ឱ្យ​ឈាន​ទៅ​មុខ​លើ​វិស័យ​មួយ​ចំនួន​ដូច​ជា​វិស័យ​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដូច្នេះ​ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវ​បង្កើន​ចលនា​ប្រជាពលរដ្ឋ ជំរុញ​លើកទឹកចិត្ត ប្រជាពលរដ្ឋ​ចូលរួម​ផលិត​នូវ​វត្ថុធាតុដើម ការ​កែ​ច្នៃ​វត្ថុ​អនុ ស្សាវ​រី​យ៍​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្ត ដែល​ខ្លួន​បាន​ផលិត​។

លោក​បាន​បន្ត​ថា ចលនា​ភូមិ​មួយ ផលិតផល​មួយ មាន​ចរិត​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ និង​ការ​អភិវឌ្ឍ​ចម្រុះ​នៅ​តាម​សហគមន៍ ចលនា​នេះ​មាន​ដើម​កំណើត​នៅ​ខេត្ត អយ​តា ប្រទេស​ជប៉ុន​នា​ទស្សវត្សរ៍ ឆ្នាំ​១៩៧០ ត្រូវ​បាន​ប្រទេស​កំពុង​អភិវឌ្ឍ​យក​ទៅ​អនុវត្ត​ប្រែ​ក្លាយជា​ចលនា​សកល ស្រប​តាម​ភូមិ សាស្ត្រ​សេដ្ឋកិច្ច នយោបាយ និង​សង្គម ដោយ​ពឹងផ្អែក​លើ​គោលការណ៍​គ្រឹះ​សំខាន់​ៗ​ដូច​ជា​៖ ១.​គិត​ជាស​កល ដោយ​ធ្វើ​តាម​មូលដ្ឋាន សំដៅលើ​គំនិត​ផ្សា​ភ្ជាប់​ជាមួយ​វប្បធម៌ ប្រពៃណី​តាម​មូលដ្ឋាន បង្កើត​ផលិត ផល​រក​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ២.​ពឹងផ្អែក​លើ​ខ្លួនឯង ដោយ​ការ​ច្នៃប្រឌិត​រស់​រវើក ហើយ​រដ្ឋបាល​មូល ដ្ឋា​ន​មាន​ភារកិច្ច​សម្របសម្រួល​ផ្នែក​បច្ចេកទេស និង​ទីផ្សារ​។

៣. ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​មួយ ឆ្លើយ​តប​ប្រកប ដោយ​ការ​កែ​ច្នៃប្រឌិត​រស់​រវើក​។ គំនិត​នៃ​កាំរ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ ឬ​ផលិតផល​នៅ​តាម​តំបន់ ឆ្លុះ​បញ្ចាំង​ពី​លក្ខណៈ​វប្បធម៌ ប្រពៃណី​តាម​បែប​បុរាណ និង​តាម​បែប​សម័យ​ទំនើប ដែល​ផ្តល់​នូវ​កិត្យានុភាព និង​មោទនភាព​ចំពោះ​ភូមិឋាន ដោយ​ពង្រឹងពង្រីក​បរិមាណ គុណភាព និង​សោភ័ណ​ភាព បង្កើន​តម្លៃបន្ថែម ជួយ​បង្កើន​ប្រាក់ ចំណូល​ប្រចាំ​គ្រួសារ​។ ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ផ្តោត​លើ​ការ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ខាង​មុខ និង​ចូលរួម​លើកកម្ពស់ សុខុមាលភាព​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ឡើង សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​ផលិតកម្ម ជា​ទំនិញ និង​សេវាកម្ម​នានា នៅ​តាម​ភូមិឋាន ឬ​សហគមន៍​ទូ​ទាំង​ខេត្ត ធានា​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព​លើ​គ្រប់​វិស័យ រួម​មាន សេដ្ឋកិច្ច បរិស្ថាន និង​សង្គម​ក្នុង​កម្រិត​ភូមិឋាន សហគមន៍​ប្រទេស​ជាតិ និង​សកលលោក​៕ ដោយ ៖ ឈុ​ន គឹ​ម​ហៃ