ស្ត្រីជន​ជាតិចិន​ម្នាក់​ឆ​បោកប្រាក់គេ​ជិត​១​លាន​បាត រួច​រត់គេច​ខ្លួន​បាត់

100

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ដោយ​នាង​អះអាង​ថា មាន​ស្ត្រី​ជា​ជនជាតិ​ចិន​ម្នាក់ បាន​ឆបោក​ប្រាក់​ខ្លួន​៩០​ម៉ឺន​បាត (​ប្រាក់​ថៃ​) ស្មើនឹង​ជាង​១០០​លាន​រៀល កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩ ហើយ​សន្យា​សង​វិញ​នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៩ តែ​ដល់​ថ្ងៃ​កំណត់​ស្ត្រី​ខាងលើ​បែរជា​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​វិញ​។ ហេតុការណ៍ ស្ត្រី​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែធ្នូ​នេះ នៅ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

Loading...

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្រី្ត ឈ្មោះ មិន រ៉ា អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ សាំ វួ​យ​យៀង អាយុ​២៥​ឆ្នាំ បាន​ល្បួង​សុំ​ខ្ចី​លុយ​នាង​ចំនួន​៩០​ម៉ឺន​បាត (​ប្រាក់​ថៃ​) ប្រហែលជា ជាង​១០០​លាន​រៀល ហើយ​បាន​សន្យា​សង​វិញ​នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៩ តែ​ដល់​ថ្ងៃ​កំណត់​ជន​ខាងលើ​បាន​រត់គេច​ខ្លួន​បាត់​មិនដឹង​ជា​ទៅ​ទីណា​នោះ​ទេ។

ស្រី្ត​ខាងលើ​បាន​បន្ត​ទៀត​ថា ដោយ​ស្ត្រី​ខាងលើ​ជា​បុគ្គលិក​កាស៊ីណូ​ជាមួយ​គ្នា ម្យ៉ាងទៀត​ស្ត្រី​រូប​នោះ ជា​កូនចៅ​របស់​ប្តី​ខ្លួន​ផង​ទើប​នាង​ទុកចិត្ត​ឲ្យ​ខ្ចី​លុយ​យ៉ាងច្រើន​បែប​នេះ ហើយ​ក៏​គេចខ្លួន​រហូត​មក​។ នាង​បញ្ជាក់​ថា បើ​បងប្អូន​ណា​ប្រទះ​ឃើញ​ស្ត្រី​ដូច​មាន​រូបរាង​ខាងលើ សូម​ផ្តល់​ព័ត៌មាន​ឲ្យ​សមត្ថកិច្ច​ផង ព្រោះ​មាន​ពាក្យបណ្តឹង​នៅ​រួចរាល់​អស់ហើយ ឬ​ក៏​ទូរស័ព្ទ​ទៅ​កាន់​លេខ 088 36 99 872 ខាង​ម្ចាស់បំណុល​នឹង​ជូន​ជាស​គុណ​ជាទី​គាប់ចិត្ត​ផង​ដែរ​៕ ដោយ ៖ នី​យ៉ា