គ្មាន​ការ​សហ​ការណ៍​ពី​មហាជន ជន​រង​គ្រោះ​បទល្មើស​ឆក់​ប្លន់​នៅ​តែ​កើត​មាន

រាជធានី​ភ្នំពេញ ៖ រាល់​ការ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ បើ​គ្មាន​ការ​សហ​ការណ៍​ចូលរួម ផ្តល់​ព័ត៌មាន​ពី​មហាជន សមត្ថកិច្ច​ក៏​មិន​អាច​សម្រេច​បាន​លទ្ធ​ជោគជ័យ​នោះ​ទេ ដែល​នេះ​ជា​ការ​អំពាវនាវ​របស់​សមត្ថកិច្ច​។ ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវ ជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​សាលាដំបូង ដើម្បី​ធ្វើការ​សាកសួរ​ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​)​។

Loading...

ជនសង្ស័យ​ម្នាក់​ឈ្មោះ ចំរើន វាសនា ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​១៤៤ កែង​ផ្លូវ​នរោត្តម សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ នឹង​ម្នាក់​ឈ្មោះ មាស វាសនា ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន នៅ​ចំណុច​ឃ្លាំង​លើ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​២​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​សាធារណៈ​បាន​សម្រេច នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ប៉ុន្តែ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ជាក់ស្តែង បន្ទាប់​ពី​សកម្មភាព​ឆក់​ភ្លាម និង​ម្នាក់​ទៀត​ឃាត់ខ្លួន​ក្នុង​ថ្ងៃ​បន្ទាប់ តាម​រយៈ​ការ​សហ​ការណ៍​គ្នា​រវាង​សមត្ថកិច្ច ដែល​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​តាមដាន និង​ពួនស្ទាក់​អស់​រយៈពេល​១​យប់​១​ថ្ងៃ​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ទាំង​២​នាក់ បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​អាវុធហត្ថ​ថា កន្លង​មក​ពួក​គេ​ធ្លាប់​បាន​ប្រើប្រាស់​គ្រឿងញៀន ជា​ប្រចាំ​ថ្ងៃ​រយៈពេល​១​ឆ្នាំ​ហើយ​។

សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ហើប​ឲ្យ​ដឹង​ថា រាល់​ការ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បាន​សម្រេច និង​ទាន់​ពេលវេលា គឺ​អាស្រ័យ​លើ​ព័ត៌មាន​ជា​សំខាន់ ដូច្នេះ​សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​មហាជន មេត្តា​ជួយ​ផ្តល់​ព​ត៌​មាន និង​ដាក់​ពាក្យបណ្តឹង គ្រប់ពេលវេលា​ដែល​មាន​បទល្មើស​កើតឡើង ដើម្បី​ជា​ទុន​សម្រាប់​សមត្ថកិច្ច ក្នុង​ការ​ស្រាវជ្រាវ និង​បង្ក្រាប ព្រោះ​សមត្ថកិច្ច​មិន​អាច​ដឹង​ហេតុការណ៍​គ្រប់​រឿង គ្រប់ពេលវេលា​បាន​ទេ បើ​គ្មាន​ការ​សហការ​ពី​មហាជន ក៏​ដូច​ជា​ជន​រង​គ្រោះ​នោះ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់