ខេត្តសៀមរាប ៖ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្ដរជាតិ ហ្វ្រង់កូហ្វូនី (OIF) បានធ្វើទស្សaនកិច្ចផ្លូវការមកកាន់រមណីយដ្ឋានអង្គរ ក្នុងនោះលោកជំទាវបានទៅទស្សនាប្រាសាទបាយ័ន និងចុងក្រោយនៅប្រាសាទអង្គរវត្ត។ ក្នុងដំណើរ ទស្សនកិច្ចលើទឹកដីប្រវត្តិសាស្ត្រសៀមរាប លោកជំទាវអគ្គលេខាធិការអង្គការអន្ដរជាតិ ហ្វ្រង់កូហ្វូនី បានចាប់អារម្មណ៍ទៅនឹងវិសាលភាពនៃរាជធានីអង្គរកាលសម័យបុរាណដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៦ពាន់គីឡូម៉ែត្រក្រឡា។

តាមការបញ្ជាក់របស់លោក អ៊ឹម សុខរិទ្ធី ដែលជាមគ្គុទ្ទេសក៏សម្រាប់ គណៈប្រតិភូបានឲ្យដឹងថា លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ ក៏ចាប់អារម្មណ៍ទៅនឹងសំណង់ប្រាសាទ ជាច្រើនដែលត្រូវបានសង់នៅសម័យបុរាណ ក្នុងនោះលោកបានពន្យល់ផងដែរថា សំណង់ទាំង នោះគឺសម្រាប់អ្នកកសាងគោរពបូជាពេលនៅរស់ ហើយវាក្លាយជាទីឋានអាស្រ័យពេលអ្នកកសាងនោះ ស្លាប់ទៅ។ បន្ថែមពីនេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ ក៏បានធ្វើការស្វែង យល់អំពីចំនួនប្រជាជន រស់នៅតំបន់រមណីយដ្ឋានអង្គរ មធ្យោបាយដឹកជញ្ជូនថ្មសង់ប្រាសាទ បច្ចេកទេសកសាងផ្សេងៗទៀត។

ក្នុងនោះលោកជំទាវក៏បានទៅស្វែងយល់ពីការដ្ឋានជួសជុលស្ពានហាលផងដែរ គឺការជួសជុលនៅទី នោះ មិនមែនទើបតែមាននោះទេ។ តាមឯកសារស្ពានហាលអង្គរវត្ត ធ្លាប់មានការជួសជុលច្រើនដង មកហើយនៅអតីតកាល រួមនឹងសម័យបារាំង។ គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់លោកជំទាវ អគ្គលេខាធិការអង្គការអន្ដរជាតិ ហ្វ្រង់កូហ្វនី ប្រព្រឹត្តិទៅក្នុងពេលដំណាលគ្នានឹង មហាសន្និបាត អភិបាលក្រុងនិយាយភាសាបារាំង (AIMF) នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ហ្វ្រង់កូហ្វីនី ដ៏សំខាន់មួយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ទស្សនកិច្ចរយៈពេល៤ថ្ងៃនៅកម្ពុជា លោកជំទាវបាន ចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជួបសម្ដែងការគួរសមចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ លោក ប្រាក់ សុខុន និងថ្នាក់ដឹកនាំមួយចំនួនទៀត៕ ដោយ ៖ ច័ន្ទ រស្មី






