ខេត្តកំពត ៖ ទោះបីជាមានការអនុញ្ញាត្តច្បាប់ឱ្យបើកកាស៊ីណូដោយស្របច្បាប់ពីសំណាក់ក្រសួងពាក់ព័ន្ធ មានការសមស្របក៏ដោយ ប៉ុន្តែការគោរពតាមបទបញ្ញត្តិរបស់អន្តរក្រសួងបានកំណត់ ឬដាក់បទបញ្ជាអនុញាត្តឲ្យតែជនបរទេសចូលលេងទេ គឺហាមដាច់ខាតជនជាតិខ្មែរមិនបានចូលលេង ឬចាក់ភ្នាល់រាល់ល្បែងដែលលេងនៅក្នុងកាស៊ីណូខាងលើនេះឡើយ ។

ប៉ុន្តែផ្ទុយទៅវិញ កាស៊ីណូមួយនេះពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញតែជនជាតិខ្មែរចូលលេងកាស៊ីណូនេះច្រើនជាងជនបរទេសទៅទៀត ហើយការចូលលេងពីសំណាក់ជនជាតិខ្មែរខាងលើ គេពុំឃើញអាជ្ញាធរ ឬសមត្ថកិច្ចនិងស្ថានប័នពាក់ពន្ធ័ ជួយណែនាំទប់ស្កាត់ ឬមានវិធានការដល់កាស៊ីណូខាងលើដល់ម្តងណាឡើយ។

រាល់ទង្វើដែលកាស៊ីណូខាងលើ អនុញ្ញាតឲ្យពលរដ្ឋខ្មែរសម្រុកចូលលេងយ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃបានដោយរលូនយ៉ាងនេះ គេមានការសង្ស័យថា បើម្ចាស់កាស៊ីណូច្រកទ្វារទ្វេរភាគីតន់ហន់នេះ មិនមានការត្រូវរ៉ូវគ្នា ជាមួយអាជ្ញានិងសមត្ថកិច្ចពាក់ព័ន្ធទេនោះ ម្ល៉េះប្រជាពលរដ្ឋខ្មែរមិនអាចហ៊ានចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូនេះឡើយ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់ច្រកទ្វារទ្វេរភាគីតន់ហន់ជាច្រើននាក់បានឲ្យដឹងថា ដោយសារតែពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូនេះច្រើន ទើបកើតមានចោរកម្មនៅក្នុងតំបន់នេះកើតឡើងជាហូរហែនាពេលកន្លងមកអំពើហិង្សាក្នុងគ្រួសារ ក៏តែងតែកើតមានជាហូរហែ ដោយសារតែការចាញ់ល្បែងកាស៊ីណូនេះផងដែរ។

