ក្នុង​ឆ្នាំ​២០១៩​ ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​និង​អ្នក​ជំងឺអេដស៍​មាន​ប្រមាណ​៤.៦៩២​នាក់

142

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ឆ្នាំ​២០១៩​នៅ​ខេត្តបន្ទាយមានជ័យ​មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​និង​អ្នក​ជំងឺអេដស៍​មាន​ប្រមាណ​៤.៦៩២​នាក់​ដោយ​យោង​តាម​របាយការណ៍​ក្នុង​ពិធី​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​កាលពី​ថ្មី​ៗ​នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។

Loading...

លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា នា​ឆ្នាំ​២០១៩​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​និង​អ្នក​ជំងឺអេដស៍​មាន​ប្រមាណ​៤.៦៩២​នាក់ ។ ការ​ថយ​ចុះ​នៃ​អត្រា​ប្រេ​វ៉ាឡង់​ជំងឺអេដស៍​នេះ បាន​បង្ហាញ​អោយ​ឃើញ​ពី​កិច្ច​ខំប្រឹង​ប្រែង​រួម​គ្នា​ជា​ពហុ​វិស័យ​ក្នុង​ការ​រួម​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​នេះ​។

លោក​បាន​បញ្ជាក់​ថា ការ​ថែទាំ​និង​ព្យាបាល​បន្ត​ក្នុង​ខេត្តបន្ទាយមានជ័យ មណ្ឌល​សុខភាព​បាន​ផ្តល់​ប្រឹក្សា​និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍​ដោយ​ជោះ​ចុង​ម្រាមដៃ​មាន​៦៩​កន្លែង ហើយ​បាន​ធ្វើតេស្ត​លើ​ប្រជាពលរដ្ឋ​ចំនួន​១៤.៨៤១​នាក់ ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៩​នេះ ។ ការ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍​ដោយ​ស្ម័គ្រចិត្ត និង​រក្សា​ការ​សម្ងាត់​មាន​ចំនួន​៥​កន្លែង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍​មាន​ចំនួន​៣.៧៣៤​នាក់ ក្នុង​នោះ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​១៩៧​នាក់​។

លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៨​នេះ ទាំងអស់​គ្នា​ចូលរួម​ជា​ចរន្ត​ជាតិ​មួយ​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​អេ​ដស៍​និង​ជំងឺអេដស៍ ។ ដើម្បី​ពង្រឹង​លើ​កិច្ចសហការ​ល្អជា​មួយ​ស្ថាប័ន​និង​អង្គការ​ជា​ដៃគូ​ទាំងអស់​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ រួម​ទាំង​ការ​ធ្វើ​ចលនា​ធនធាន ដើម្បី​អនុវត្ត​សកម្មភាព​ទប់ស្កាត់​ជំងឺអេដស៍​មាន​ភាព​រលូន​និង​ទទួល​បាន​ជោគជ័យ​។

លោក​បាន​បញ្ជាក់​ថា អេ​ដស៍​ជា​ជំងឺ​មួយ​ដែល​មក​ដល់​ពេល​នេះ​ពុំ​មាន​ឱសថ​ណាមួយ​អាច​ព្យាបាល​អោយ​ជា​សះស្បើយ​បាន​ឡើយ ហើយ​ជំងឺ​នេះ​ជា​បញ្ហា​ដ៏ស្មុគស្មាញ​និង​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ដែល​រាជរដ្ឋាភិបាល​បាន​ត្រូវ​ប្រឈម​មុខ​ដោះស្រាយ​ដោយ​ត្រូវ​ចំណាយ​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។ ដូច​ជា​ការ​ឃោសនា អប់រំ ផ្សព្វផ្សាយ ចំណេះដឹង​ពី​ជំងឺអេដស៍ ការ​ចំណាយ​លើ​គ្រួសារ​ស្ត្រី​មេម៉ាយ​កុមា​កំព្រា​ដែល​រង​គ្រោះ​ដោយ​ជំងឺអេដស៍​ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)