រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រៀបធៀបការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ទៅនឹងក្រឡាអុកថា សម្តេចតេជោពូកែលេងអុក និងកំពុងដើរបានល្អ ហើយអាចគ្រប់គ្រង់ប្រទេសបន្តទៀត ប្រសិនគ្មានបញ្ហាសេដ្ឋកិច្ច។
លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) និងជាអ្នកនាំពាក្យបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ដោយបានធ្វើការវិភាគ យ៉ាងដូច្នេះថា ៖ «ក្រឡាអុករបស់សម្តេចនាយករដ្ឋមន្ត្រីតាមការសង្កេតរបស់ខ្ញុំ លោក កឹម សុខា មានភាពជាអ្នកដឹកនាំ ដែលហ៊ានប្រឈមដោយមោះមុត អត់ធ្មត់ និងអហិង្សា ដែល អាចមានសមត្ថភាពដឹកនាំការផ្លាស់ប្តូរដោយសន្តិភាពបាននៅកម្ពុជា។ ក៏ប៉ុន្តែក្នុងដំណើរបង្រួបបង្រួមកម្លាំងប្រជាធិបតេយ្យដែលចង់បានការផ្លាស់ប្តូរ លោក កឹម សុខា ពិបាកឡើង ផ្លោះជញ្ជាំងដ៏ខ្ពស់និ ងមុតស្រួចមួយ គឺលោក សម រង្ស៊ី»។

ជាមួយគ្នានោះដែរលោកថា លោក សម រង្ស៊ី ដែលមិនហ៊ានប្រឈមដោយមោះមុតទេ តែមានទេពកោសល្យកេងប្រវ័ញ្ចនយោបាយពីមហាជនដែលប្រឆាំងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈវោហាសព្ទវាយប្រហារ និងចោទប្រកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្ងន់ៗ និងរារាំងលោក កឹម សុខា មិនឱ្យបង្រួបបង្រួមកម្លាំងប្រជាធិបតេយ្យក្នុងទ្រង់ទ្រាយធំបាន។
លោកបានគូសបញ្ជាក់ថា ៖ «សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកលេងអុកដ៏ពូកែ ដឹងថា លោកពិបាកទប់ទល់ជាមួយដៃគូ ដែលមានចិត្តអត់ធ្មត់ខ្ពស់ ហ៊ានប្រឈមដោយមោះមុត និងចេះអត់ឱន ដូចលោក កឹម សុខា។
ក៏ប៉ុន្តែសម្តេចបានស្គាល់ដៃគូទាំងពីររបស់ខ្លួនច្បាស់ ក៏ដូចជាទឹកចិត្តមហាជនដែលប្រឆាំងនឹងសម្តេច។ ដូច្នេះសម្តេចក៏បន្តដើរក្រឡាអុកដ៏ឈ្លាសវៃរបស់ខ្លួន គឺទុកឱ្យមហាជនដែលប្រឆាំងនឹងខ្លួនភាគច្រើននៅជាមួយលោក សម រង្ស៊ី ហើយទុកឱ្យលោក កឹម សុខា ដឹកនាំចលនាប្រជាធិបតេយ្យបែបអហិង្សាជាមួយកម្លាំងតូច ឬមធ្យម»។

លោក សាម អ៊ីន បានបន្ថែមថា ក្រឡាអុកបែក ហើយគ្រប់គ្រងនេះ នឹងជួយសម្តេច នាយករដ្ឋមន្ត្រីបន្តគ្រប់គ្រងកម្ពុជាដោយងាយស្រួល បើពុំមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរកើតឡើង។
សូមជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូនោះ បានបង្ហាញរូបថតកាលពី១០ឆ្នាំមុន ដែលសម្តេចអះអាងថា លេងពេលនោះ គឺលេងអុកជា មួយដៃគូដែលលេងខូច ។
ក្នុងន័យនេះ សម្តេចសំដៅដល់ការធ្វើនយោបាយ គឺថា «ការធ្វើនយោបាយមិនខុសពីការលេងអុកនោះទេ ខ្ញុំមិនបណ្តោយឲ្យអ្នកណា ឬក្រុមណាលេងខុសពីច្បាប់ដែលបានចែងនោះឡើយ»៕ (កែសម្រួលដោយ ៖ បុប្ផា)

