មឿ​ន សុខ​ហ៊ុ​ច ត្រូវ​អ្នក​រៀបចំ​ការ​ប្រកួត​ដាក់​​ឱ្យ​ថៃ សងសឹក

215

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ ទី​៨ ខែធ្នូ ឆ្នាំ​២០១៩ កីឡាករ​កម្ពុជា មឿ​ន សុខ​ហ៊ុ​ច ឬ ពុទ្ធ ហ៊ុ​ច បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​លើ​កីឡាករ​ថៃ Check Sayam​។

Loading...

យ៉ាងណាមិញ ក្រោយ​លទ្ធផល​នេះ ត្រូវ​បញ្ចប់ ភាគី​ខាង​ថៃ បាន​អះអាង​ថា គឺ​ចាញ់​ដោយ​ការ​ភ្លាត់ស្នៀត ទើប​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​យល់ព្រម​ឱ្យ​ពួក​គេ​ប៉ះ​គ្នា​សងសឹក ដោយ​គ្រាន់តែ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ ធ្វើ​ឡើង​តែ​៤​ទឹក​ប៉ុណ្ណោះ ដោយ​កីឡា​ករ​កម្ពុជា​វ័ធ​ត្រូវ​ចំ​សំខាន់ ហើយ​ធ្វើ​ឱ្យ​កីឡាករ​ថៃ​បង់ការ​ប្រកួត​។ មួយគូ​នេះ​ល្អមើល​តាំងពី​ដើម​ដល់​ចប់ ជា​ពិសេស​ក្នុង​ទឹក​ទី​៣​។ អ្នក​រៀបចំ​ការ​ប្រកួត​គ្រោង​នឹង កំណត់​ឱ្យ​ប៉ះ​គ្នា​សងសឹក​នោះ​ផង។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រកាស​ថា ដើម្បី​កុំឱ្យ​ថៃ​យល់ ថា​មិន​អស់ចិត្ត លោក​នឹង​រៀប​ពេលវេលា​ឱ្យ​ប៉ះ​គ្នា​សងសឹក ដើម្បី​ដឹង​ថា បើ​ប៉ះ​គ្នា​លើក​ទី​២ តើ​អ្នក​ណា​ឈ្នះ​។ យ៉ាង​ណា​មិញ លោក​ថា ការ​កំណត់​ថ្ងៃ​ប្រកួត​នឹង​ប្រកាស​ពេល​ក្រោយ​។

ដោយឡែក​នៅ​ថ្ងៃអាទិត្យ ទី​២២ ខែធ្នូ ខាង​មុខ​នេះ ព្រឹត្តិការណ៍ «​ជើងឯក​អ្នក​ប្រយុទ្ធ​កំពូល​ថាម​ពល​ឆេ​ម​ពាន​» នឹង​ឈាន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ​កីឡាករ​ថៃ​១​រូប និង​កម្ពុជា​១​រូប នឹង​ប៉ះ​គ្នា​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​អន្តរជាតិ​។ ទឹកប្រាក់​សម្រាប់​ការ​ប្រកួត​នោះ គឺ​លេខ​១ ទទួល​បាន​៥​ពាន់​ដុល្លារ លេខ​២ ទឹកប្រាក់​៣​ពាន់​ដុល្លារ លេខ​៣​ទឹកប្រាក់​១៥០០ និង​លេខ​៤​ទឹកប្រាក់​១០០០​ដុល្លារ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)