ក្រុម​នេះ​ល្បី​យូរហើយ​មាន​ទាំងស្រី និង​ប្រុស​ពេល​នេះ​ក្របួច​បាន​ក្នុង​បន្ទប់​ជួល

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជនសង្ស័យ​ដែល​តែងតែ​នាំ​គ្នា​ចេញ​ធ្វើ​សកម្មភាព​ប្លន់​តាម​ដងផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវលំ​មួយ​ចំនួន​ទៀត ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ពេល​ពាក់កណ្តាល​រាត្រី​ទាប​ភ្លឺ​មួយ​សម្បុក​ត្រូវ​បាន​សមត្ថកិច្ច​ក្របួច​បាន​ព្រមទាំង​ដកហូត​ម៉ូតូ​៦​គ្រឿង​រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នា​រសៀល​ថៃ្ង​ទី​០៨ ខែធ្នូ ២០១៩ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង​នៅ​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

Loading...

ជនសង្ស័យ​ទាំងនោះ​រួម​មានឈ្មោះ​ដូច​ខាងក្រោម ទី​១-​ឈ្មោះ រឿ​ន កវី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​វល្លិ​សរ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង​, ទី​២-​ឈ្មោះ នាង សីហា ហៅ​ប៉ាវ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ជ្រលង​ថ្កូវ ឃុំ​រលាំងចក ស្រុក​សំរោង​ទង​, ទី​៣-​ឈ្មោះ ស៊ន ភក្ដី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ចំការ​រដ្ឋ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង​, ទី​៤-​ឈ្មោះ ហ៊ីង ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​វល្លិ​សរ ឃុំ​វល្លិ​សរ​ស្រុក​សំរោង​ទង​, ទី​៥-​ឈ្មោះ និ​ត ចំណាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​សំពៅ​ងរ ឃុំ​ព្នាយ ស្រុក​សំរោង​ទង​, ទី​៦-​ឈ្មោះ ញ៉ែ​ម ចាន់​ដែ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​រំលោង ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង​, ទី​៧-​ឈ្មោះ សុខ ស្រី​លាប ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​សំពៅ សង្កាត់​ច្បារមន ក្រុង​ច្បារមន និង​ទី​៨-​ឈ្មោះ បួ​យ កែវ ស្រី អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ស្នោរ​ទី​១ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ។

ប្រភព​ពី​មន្ត្រី​នគរបាល​ជំ​បាញ​បានឱ្យ​ដឹង​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ស្តី​ពី​ករណី​ស្ទាក់​វាយ​ប្លន់​របស់​ជន​រង​គ្រោះជា​ច្រើន​សមត្ថកិច្ច​នគរបាល​ស្រុក និង​ជំនាញ​បាន​ខិតខំ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន​ទាំងស្រុង ។ ប្រវត្តិ​សកម្មភាព​ពួក​ក្រុម​ជនសង្ស័យ​ទាំងនោះ​គឺ​ស្ទាក់​វៃ​ប្លន់​ដោយ​ប្រើប្រាស់​ដាវ និង​ដំបង​ជា​ញឹកញាប់​ក្រុម​នេះ​តែងតែ​ធើ្វ​សកម្មភាព​ប្លន់​តាម​ដងផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវលំ​មួយ​ចំនួន​ទៀត ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ នៅ​វេលា​ពេល​ទៀប​ភ្លឺ និង​ពាក់កណ្ដាល​រាត្រី ពេល​មាន​អ្នកដំណើរ​ចេញ​-​ទៅ​រកស៊ី ឬ​ដឹក​បន្លែ​ទៅ​លក់​តាម​ទីផ្សា​ជាដើម ។

ដោយឡែក​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា ភាព​សាហាវ​របស់​ក្រុម​នេះ​ភាគច្រើន​តែង​កាប់​ជន​រង​គ្រោះ​ដើម្បី​ប្លន់​យក​ម៉ូតូ និង​សម្ភារ​តែ​ម្ដង​។ ហើយ​ប្រិប​ត្តិ​ការ​នេះ​ធ្វើ​ឡើង​ដោយ​មានការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង សហការ​ដោយ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ។

ជា​លទ្ធផល​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​បាន​ចុះ​ក្រសោប​មុខសញ្ញា​ទាំងអស់​នៅ​បន្ទប់​ផ្ទះ​ជួល​របស់​ឈ្មោះ ខឹ​ម ក​ល្លិ​កា ភេទ​ស្រី អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ចំនួន​៦​គ្រឿង និង​សម្ភារ​គ្រឿងបន្លាស់​មួយ​ចំនួន​ទៀត ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​ពិតប្រាកដ​មែន ។ ក្នុង​នេះ​បក្ខពួក​មួយ​ចំនួន​ទៀត​បាន​កំពុង​រត់គេច​ខ្លួន​បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បក្ខពួក​របស់​គេ ។ ទោះជា​យ៉ាងណា សមត្ថកិច្ច​បាន​បញ្ជាក់​ថា មុខ​សង្ស័យ​សេសសល់​ទាំងនោះ​គឺ​កម្លាំង​ជំនាញ​បាន​ស្គាល់​អត្តសញ្ញាណ​អស់ហើយ និង​បន្ដ​ស្រាវជ្រាវ​ឈាន​ដល់​ការ​បង្ក្រាប​ជា​បន្ដ​នៅ​ពេល​ខាង​មុខ​ដើម្បី​ឱ្យ​ច្បាប់​ចាត់ការ​តាម​នីតិវិធី​៕

កែសម្រួល​ដោយ ៖ សំណាង