បទល្មើស​លួច ឆក់ ក្នុង​ខែវិច្ឆិកា មាន​៥៤​ករណី ​បង្ក្រាប​បាន​៥២​ករណី

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ដឹកនាំ​អនុវត្ត​ផែនការ​សកម្មភាព បង្ការ ទប់ស្កាត់ បង្ក្រាប​អំពើ​លួច ឆក់ នៅ​រាជធានី​ភ្នំពេញ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩​នេះ បាន​បើក​កិច្ចប្រជុំ​វាយតម្លៃ​សភាពការណ៍​បទល្មើស លួច ឆក់ ប្រចាំខែ​វិច្ឆិកា និង​លើក​ទិស​ដៅ​បន្ដ​។

កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ និង​មានការ​ចូលរួម​ពី អនុប្រធាន​សេនាធិការ​, ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, ប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍​, ប្រធាន​នាយកដ្ឋាន​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ដ្រ​, អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទ​ណ្ម​, ស្នងការ​រង​រាជធានី​ភ្នំពេញ​ទទួល​ផែន​ព្រហ្មទណ្ឌ​, នាយការិយាល័យ​ជំនាញ និង​អធិការ​ខណ្ឌ​ទាំង​១៤​។

យោង​តាម​របាយការណ៍​របស់ លោក​ឧត្តមសេនីយ៍ទោ ស៊ុ​យ សុ​គ​ន្ធា ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈ​បញ្ជាការ​ដឹកនាំ​ការ​អនុវត្ត​ផែនការ​សកម្មភាព បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​លួច ឆក់ ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សម្រាប់​ខែវិច្ឆិកា ដោយ​មានការ​ខិតខំ​ប្រឹងប្រែង​ពី​កងកម្លាំង​គ្រប់​អង្គភាព​ទាំងអស់ បាន​ចំនួន​៥២​ករណី ចាប់​បាន​ជនសង្ស័យ​៧០​នាក់ ស្មើ​៩៦​ភាគ​។​ក្នុង​នោះ បទល្មើស​លួច ២៦​ករណី លើ​២៨​ករណី​, បទល្មើស​ឆក់ ២៦​ករណី លើ​២៦​ករណី​។ ដោយឡែក ករណី​នៅ​សេសសល់ មាន​ចំនួន​២​ករណី គឺ​ខណ្ឌ​ជ្រោយចង្វា ១​ករណី និង​ខណ្ឌ​កំ​បូល ១​ករណី​។ ជា​ការ​កត់សម្គាល់ ជនសង្ស័យ​បង្ក្រាប​បាន​ក្រោយ​ពី​ធ្វើតេស្ដ​ធ្លាប់​ប្រើប្រាស់​សារធាតុ​ញៀន មាន​៥៣​នាក់ ស្មើនឹង​៧៦​ភាគរយ​។

ថ្លែង​ក្នុង​ឱកាស​នោះ លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន បាន​ថ្លែង​ការ​កោតសរសើរ​ដល់​កម្លាំង​ជំនាញ​ទាំងអស់ ដែល​បាន​ខិតខំ​រួម​គ្នា​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ទទួល​បាន​លទ្ធផល​ខ្ពស់ និង​បាន​ដាក់​បទបញ្ជា​ឲ្យ​កងកម្លាំង​ពាក់ព័ន្ធ និង​តាម​បណ្ដា​ខណ្ឌ​ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​បរទេស ឲ្យ​ប្រុង​ប្រយ័ត្ន​រក្សាទ្រព្យ​សម្បត្តិ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​វែកមុខ មុខសញ្ញា​សង្ស័យ​ជាដើម​។

លើស​ពី​នេះ លោកនាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង ក៏​បាន​ជំរុញ​ឲ្យ​ខិតខំ​ពង្រឹង​ការងារ​គ្រប់គ្រង​មុខសញ្ញា និង​នីតិវិធី​កសាង​សំណុំរឿង ដើម្បី​មាន​ភ័ស្ដុតាង​រឹង​មាំ​ដាក់បន្ទុក​ផ្ដន្ទាទោស​ឲ្យ​បាន​កម្រិត​ខ្ពស់ (​បទឧក្រិដ្ឋ​) ស្រប​តាម​ក្រមព្រហ្មទណ្ឌ និង​ត្រូវ​ពិនិត្យ​ឡើង​វិញ​ករណី​មុខសញ្ញា​ឆក់ ដែល​ត្រូវ​បាន​ដោះ​លែង ហើយ​ធ្វើ​សកម្មភាព​ឡើង​វិញ ដើម្បី​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​មាន​វិធានការ​បន្ដ​។​

អ្វី​ដែល​លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន បាន​សង្កត់ធ្ងន់​ដល់​កងកម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នោះ គឺ​បង្កើន​ការ​ល្បាត​ប្រទាក់ក្រឡា​ក្នុងភូមិសាស្ដ្រ​​ងាយ​រង​គ្រោះ ដើម្បី​បង្ការ និង​ឈាន​ដល់​ការ​បង្ក្រាប​ជន​ដៃដល់​ដែល​ប្រព្រឹត្ត​បទល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​៕(​កែសម្រួល​ដោយ ៖ ធីតា​)