ខេត្តប៉ៃលិន ៖ រដូវប្រមូលផលពោតក្រហមនាចុងឆ្នាំ២០១៩ នេះ បានឈានចូលមកដល់ ធ្វើឱ្យកសិករម្នាក់ៗ ក្នុងក្រុងប៉ៃលិន ដែលប្រកបរបរដាំដំណាំពោតក្រហម បាននាំគ្នាម្នីម្នារកជួលកម្មករទៅប្រមូលផលពោត ដែលកំពុងតែទុំពេញក្នុងចម្ការយ៉ាងមមាញឹកតែម្តង ។ តែអ្វីដែលធ្វើឱ្យពួកគាត់មិនសប្បាយចិត្តនោះ គឺទិន្នផលពោតក្រហមមានការធ្លាក់ចុះ ចំណែកតម្លៃទីផ្សារក៏ស្ទើរតែនិយាយមិនចេញដែរ ជាហេតុធ្វើឱ្យពួកគាត់ម្នាក់ៗ រអ៊ូរទាំថា ដាំបានដំណាំអ្វី ពេលប្រមូលផលដំណាំនោះ មានការធ្លាក់ចុះថោក ។

កសិករម្នាក់ ឈ្មោះ រ៉ុន ភេទប្រុស អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ ចន្ថា អាយុ៣១ឆ្នាំ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងទាំងទឹកមុខស្រពាប់ស្រពោនថា នៅពេលនេះ ដំណាំពោតក្រហមរបស់គាត់ត្រូវបានជួលកម្មករទៅប្រមូលជិតរួចរាល់អស់ពីក្នុងចម្ការហើយ ។ តែអ្វីដែលធ្វើឱ្យគាត់មិនសប្បាយរីករាយក្នុងចិត្ត គឺដោយសារតែទិន្នផលពោតក្រហមឆ្នាំនេះមានការធ្លាក់ចុះ ព្រោះរាំងភ្លៀងរយ:ពេលយូរពេក បណ្តាលឱ្យងាប់អស់ជាច្រើន ។ ទោះបីជាពួកគាត់ខិតខំដាំជាច្រើនលើកច្រើនសារយ៉ាងណា ក៏ងាប់ដើមអស់ជាច្រើនដែរ ។

កសិករដដែលបានបន្តថា រហូតមកដល់ចុងឆ្នាំនេះ តម្លៃទីផ្សារកសិផលពោតក្រហម ក្នុង១គីឡូក្រាមលក់បានត្រឹមតែ៤.៣បាត (ប្រាក់ថៃ) ប្រហែល៥០០រៀលប៉ុណ្ណោះ ។ ចំណែកនៅឆ្នាំមុនៗ តម្លៃពោតក្រហម១គីឡូក្រាម អាចលក់បាន៥ទៅ៦បាត (ប្រាក់ថៃ)ដែរ តែយូរទៅកាន់តែថោកទៅៗ ។ ដូច្នេះ បន្ទាប់ពីប្រមូលផលរួច មើលទៅមិនអាចសល់ថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបាននោះទេ ខណ:ទិញគ្រាប់ពូជពោត ក៏ថ្លៃ ទិញជីប៉ូវដើម ប៉ូវផ្លែ និងប្រើថ្នាំបាញ់ស្មៅអស់ជាច្រើនថែមទៀត ។ ដូច្នេះ ម្នាក់ៗលែងមានអារម្មណ៍ចង់បន្តដាំពោតក្រហមទៀតហើយ ។ គាត់បញ្ជាក់ថា មិនមែនត្រឹមតែដំណាំពោតមានការធ្លាក់ថ្លៃនោះទេ ពោលគឺដាំអ្វីបាន គឺកសិផលនោះតែងតែមានការធ្លាក់ថ្លៃតែម្តង ដែលមិនអាចឱ្យពួកគាត់ ទទួលយកបាននោះឡើយ ។

ពួកគាត់ក៏សូមអំពាវនាវដល់អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរកសិកម្មខេត្ត មេត្តាជួយរកទីផ្សារជូនប្រជាពលរដ្ឋទាំងអស់ផង ព្រោះធ្វើចម្ការយូរៗទៅ ខាតដើម ខាតចុង ដោយម្នាក់ៗ ស្ទើរតែឈប់ដាំំដំណាំទាំងនេះ ហើយលក់ដីធ្លីរត់ទៅធ្វើការនៅប្រទេសថៃ ដើម្បីរកប្រាក់មកសងបំណុលគេផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីលោក សាយ សុផាត ប្រធានមន្ទីរកសិកម្មបានទេ ខណ:ភ្នាក់ងារយើងទូរស័ព្ទចូល លោកបានប្រាប់ថា កំពុងជាប់រវល់ប្រជុំ ហើយក៏បិទទូរស័ព្ទតែម្តង ៕ (កែសម្រួលដោយ ៖ ធីតា)













