ជំនឿដែលត្រឹមត្រូវគួរអាងទៅលើហេតុនិងផលជាចម្បងហើយច្បាស់លាស់ ហេតុគឺទង្វើសព្វបែបយ៉ាង ឯផលគឺផ្លែផ្កាកើតចេញមកអំពីទង្វើទាំងពួងទាំងឡាយនោះពិតៗ និងត្រូវប្រកបដោយបញ្ញាផង ។
ដូចនៅក្នុងគម្ពីរកាលាមសូត្រ ព្រះសម្ពុទ្ធទ្រង់បានទេសនាដាស់តឿនដល់បរិស័ទទូទៅថា មុននឹងជឿតាម ធ្វើតាមត្រូវគិតដោយឧបាយគឺបញ្ញា មិនមែនគ្រាន់តែឮភ្លាមហើយជឿភ្លែតនោះក៏ទេដែរ ។ ខាងក្រោមជាពុទ្ធឱវាទដែលព្រះភគវាសម្តែងទុកមកយ៉ាងនេះថា ៖
១-កុំប្រកាន់ជឿដោយអាងថាខ្លួនពេញចិត្ត ។
២-កុំប្រកាន់ជឿថាអ្នកនេះជាបញ្ញវន្តល្មមជឿតាមបាន ។
៣-កុំប្រកាន់ជឿតាមក្បួនរបស់ខ្លួនដែលមានមក ។
៤- កុំប្រកាន់ជឿដោយអាងហេតុនិងស្មានយក ។
៥- កុំប្រកាន់ជឿដោយអាងលើការគ្នេរគ្នាន់កាត់តម្រូវតាមចិត្តសន្តាន ។
៦-កុំប្រកាន់ជឿដោយអាងលើការត្រិះរិះតាមអាការៈដែលបានឃើញ ។
៧-កុំប្រកាន់ជឿដោយអាងថាសមណៈនេះជាគ្រូរបស់អញ ។
៨- កុំប្រកាន់ជឿអ្វីដែលឮតៗគ្នាមិនមានហេតុផល ។
៩- កុំប្រកាន់ជឿអ្វីដែលគេធ្វើមកតៗគ្នា ។
១០-កុំប្រកាន់ជឿអ្វីដោយអាងថាបានឮគេនិយាយមក ។
ការជឿដោយខ្វះបញ្ញា មិនមានហេតុផលត្រឹមត្រូវជាជំនឿនាំទុក្ខមកដាក់ខ្លួន ខាតទាំងពេលវេលា អស់ទាំងទ្រព្យសម្បត្តិ ។ ដោយសាន សារិន