ព្រៃ​លិច​ទឹក​​​តាម​ដងស្ទឹង​សង្កែ​ រហូត​ដល់​ទន្លេសាប​​​​កំពុង​រង​ការ​កាប់​​បំផ្លាញ?

278

ខេត្តបាត់ដំបង ៖ តំបន់​ព្រៃ​លិច​ទឹក​ស្ថិត​នៅ​តាម​បណ្ដោយ​ដងស្ទឹង​សង្កែ រហូត​ដល់​តំបន់​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ស្រុក​ឯក​ភ្នំ ដែល​ជា​តំបន់ហាមឃាត់​ដោយ​ច្បាប់​មិន​អនុញាត​ឲ្យ​កាប់​រុករាន​ធ្វើ​ជា​ដី​កម្មសិទ្ធិ ពេល​នេះ​កំពុង​ប្រឈម​នឹង​ការ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិឯកជន​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ពី​សំណាក់​ប្រជា​នេសាទ​មួយ​ចំនួន​នៅ​តំបន់​នោះ ក្រោម​លេស «​គ្មាន​មុខរបរ ឬ​អស់​ត្រី​នេសាទ​» ដោយ​គ្មាន​ការ​ទប់ស្កាត់​ឬ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ពី​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ឡើយ​។​ប្រភព​ព័ត៌មាន​នានា​ពី​មន្ត្រី​ស្រុក​ឯក​ភ្នំ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ភាគច្រើន ដែល​មានមុខ​របរ​នេសាទ កំពុង​នាំ​គ្នា​កាប់​រុករាន​វាទ​យក​ដី​នៅ​តំបន់​ព្រៃ​លិច​ទឹក ដែល​ជា​តំបន់ហាមឃាត់​ដោយ​ច្បាប់ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិឯកជន ដាំ​ដំណាំ​តាម​ការ​បំផុសបំផុល​របស់​ពួក​ឈ្មួញ​ទុច្ចរិត ។

Loading...

ប្រភព​ដដែល​បាន​ប្រាប់​ថា តំបន់​ព្រៃ​លិច​ទឹក​ដែល​កំពុង​ប្រឈម​នឹង​ការ​កាប់​ទន្ទ្រាន​យ៉ាងធ្ងន់ធ្ងរ​ជាងគេ​ពេល​នេះ គឺ​នៅ​តាម​បណ្ដោយ​ដងស្ទឹង​សង្កែ ចាប់ពី​ភូមិសាស្ត្រ​ក្នុង​ឃុំ​ព្រៃ​ចាស់ រហូត​ដល់​ឃុំ​កោះ​ជី​វាំង ក្នុងស្រុក​ឯក​ភ្នំ ដែល​ស្ថិត​នៅ​ជាប់​ដង​ទន្លេសាប​តែ​ម្ដង​។​អ្នក​តាម​ឃ្លាំមើល​សកម្មភាព​កាប់​រាន​ដី​ព្រៃ​លិច​ទឹក នៅ​ក្នុង​ឃុំ​កោះ​ជី​វាំង បាន​ប្រាប់​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​០៦ ធ្នូ​ថា កាលពី​ឆ្នាំទៅ​មិ​ញ ក៏​មានការ​កាប់​រុករាន​បែប​នេះ​ដែរ តែ​មាន​តិចតួច តែ​ឆ្នាំ​នេះ​(២០១៩) ប្រជាពលរដ្ឋ​ហាក់​មាន​សកម្មភាព​កាន់តែ​ខ្លាំង ស្ទើរ​គ្រប់​ទីកន្លែង​។ ជា​ពិសេស នៅ​តាម​បណ្ដោយ​ដងស្ទឹង​សង្កែ​តែ​ម្ដង ។

ប្រភព​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ដដែល​នេះ បាន​បញ្ជាក់​ថា សកម្មភាព​ពលរដ្ឋ​កាប់​រាន​ព្រៃ​លិច​ទឹក​សព្វ​ថ្ងៃនេះ បាន​និង​កំពុង​ធ្វើ​ឡើង​យ៉ាង​ភ្លូកទឹកភ្លូកដី កាប់​ឆ្ការព្រៃ ដុត​បំផ្លាញ​ទាំង​យប់​ទាំង​ថ្ងៃ​មិន​បន្ធូរ​ដៃ​ឡើយ សូ​ម្បី​តែ​ដាំ​ដំណាំ​ក៏​ពួក​គេ​សម្ងំ​ដាំ​ទាំង​យប់​ដែរ​។ តាម​ការ​ពិនិត្យ​លើ​ស្ថានភាព​នៃ​ការ​កាប់​រាន​វាទ​យក​ដី​ព្រៃ​លិច​ទឹក​ខាងលើ​នេះ អាច​មាន​ចំនួន​រាប់រយ​ហិ​កតា នៅ​រ៉​ប​តាម​ដងស្ទឹង រហូត​ដល់​ទន្លេសាប​។ ហើយ​ការ​កាប់​រុករាន​តំបន់​ព្រៃ​ហាមឃាត់​នេះ បើ​តាម​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​ពួក​ក្រុម​ឈ្មួញ​ទិញ​ម្ទេស ជា​អ្នក​បំផុសបំផុល ឲ្យ​ពលរដ្ឋ​កាប់​រាន​ព្រៃ ដើម្បី​ដាំ​ម្ទេស​លក់​ឲ្យ​ពួក​គេ​មាន​តំលៃ​ខ្ពស់ ទើប​ពលរដ្ឋ​នាំ​គ្នា​កាប់​វាទ​យក​ដី​ព្រៃ​លិច​ទឹក ដើម្បី​ដាំ​ដំណាំ​ម្ទេស ក្រោម​លេស​« គ្មាន​មុខរបរ និង​អស់​ត្រី​នេសាទ​»​។

ពាក់ព័ន្ធ​នឹង​ការ​កាប់​រាន​ព្រៃ​លិច​ទឹក ដែល​ជា​តំបន់​ជម្រក​ត្រី​ពង​កូន និង​ត្រូវ​ហាមឃាត់​ដោយ​ច្បាប់​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ឡុ​ង ផុ​ន មេឃុំ​ព្រៃ​ចាស់​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ធ្នូ ដោយ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន ។ ប៉ុន្តែ​មេឃុំ​កោះ​ជី​វាំង លោក​ពុំ ចិន បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដូច្នេះ​ថា «​ខ្ញុំ​ទើប​ទ​ទូល​ព័ត៌មាន​នេះ នៅ​ព្រឹក​នេះ​(០៩ ១២ ១៩) ហើយ​ខ្ញុំ​បាន​ទាក់ទង​ទៅ​លោក​មេ​ភូមិ​នានា ដែល​ពាក់ព័ន្ធ​ឲ្យ​ចុះ​ពិនិត្យ និង​ធ្វើ​របាយការណ៍​អំពី​ស្ថានភាព​កាប់​រុករាន​ដី​ព្រៃ​លិច​ទឹក​ខាងលើ​នេះ ដើម្បី​រាយការណ៍​ជួន​ថ្នាក់លើ​»​។ លោក​ពុំ ចិន បាន​រំលឹក​ថា កាលពី​ឆ្នាំទៅ​មិ​ញ ក៏​មាន​ពលរដ្ឋ​កាប់​រាន​ព្រៃ​លិច​ទឹក​បែប​នេះ​ខ្លះ​ដែរ តែ​មិន​ច្រើន​ទេ ដើម្បី​ដាំ​ម្ទេស ។

លោក​ថា កាលនោះ​មាន​អ្នក​ដើរ​បំផុស​ឲ្យ​ពលរដ្ឋ​ដាំ​ដំណាំ​ម្ទេស​នេះ ព្រោះ​លក់​បាន​តំលៃ​ខ្ពស់ ទើប​ឆ្នាំ​នេះ មានការ​ផុសផុល​រហូត​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យ៉ាង​អនាធិបតេយ្យ ។ លោក​មេឃុំ​រូប​នេះ បាន​លើក​ហេតុផល ក្នុង​ន័យ​ជួយ​សម្រាល​បន្ទុក​អ្នក​កាប់​ទន្ទ្រានព្រៃ​បែប​នេះ​ថា «​ពលរដ្ឋ​ទាំងនោះ​ភាគច្រើន​មានមុខ​របរ​នេសាទ​ត្រី តែ​ដោយសារ​តែ​បច្ចុប្បន្ន មិនសូវ​សំបូរ​ត្រី​នេសាទ ហើយ​គ្មាន​មុខរបរ​ផ្សេង ទើប​ពួក​គេ​នាំ​គ្នា​កាប់​រាន​ដី​ព្រៃ​លិច​ទឹក ដែល​ជា​តំបន់ហាមឃាត់ ដើម្បី​ដាំ​ដំណាំ​ម្ទេស ជំនួស​របរ​នេសាទ​»​។

ប៉ុន្តែ​យ៉ាងណា ពេល​នេះ លោក​បាន​បញ្ជា​ឲ្យ​លោក​មេ​ភូមិ​នានា ចុះ​ត្រូ​ត​ពិនិត្យ ដើម្បី​បញ្ឈប់​សកម្មភាព​ពួក​គេ​ហើយ​។​ដោយឡែក អភិបាលស្រុក​ឯក​ភ្នំ លោក​ម៉ិ​ល សុផល បាន​ថ្លែងប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ​ដែរ​ថា «​សកម្មភាព​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក នៅ​តំបន់​ទន្លេសាប​ខាងលើ​នេះ ខ្ញុំ​ទើបតែ​ដឹង​នៅ​ព្រឹក​នេះ​ដែរ (០៩ ១២ ១៩)​។ បើ​តាម​ការ​ស្រាវជ្រាវ​ជាបឋម​ដំបូង នៃ​សកម្មភាព​កាប់​រាន​ព្រៃ​លិច​ទឹក​នេះ គឺ​មាន​អ្នក​បំផុស​ឲ្យ​ដាំ​ម្ទេស ទើប​ពលរដ្ឋ​នាំ​គ្នា​លួច​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​បែប​នេះ​»​។

លោក​អភិបាលស្រុក​រូប​នេះ បាន​លើក​ឡើង​ដែរ​ថា កាលពី​ឆ្នាំ​មុន នៅ​ក្នុង​វេទ​ការ​សាធារណៈ ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​ស្នើរ​សុំ​មក​លោក​ដើម្បី​កាប់​ឆ្ការព្រៃ​លិច​ទឹក​នៅ​តំបន់​នោះ ដាំ​ដំណាំ តែ​លោក​មិន​អនុញាត​ទេ​។ ព្រោះ​ដី​ព្រៃ​លិច​ទឹក​ទាំងនោះ ស្ថិត​ក្នុង​តំបន់​ការពារ​ដោយ​«​ព្រះរាជ​ក្រិ​ត្យ​» ដូច្នេះ​លោក​មិន​អនុញាត​ឡើយ​។ ប៉ុន្តែ​ពេល​នេះ​ស្រាប់តែ​ត្រូវ​បាន​គេ​បំផុស​ឲ្យ​ពលរដ្ឋ​កាប់​រាន​ព្រៃ​តំបន់ហាមឃាត់​នោះ​ដាំ​ដំណាំ​ម្ទេស​ព្រោងព្រាត​ទៅ​វិញ ?​។​លោក​ម៉ិ​ល សុផល បាន​បញ្ជាក់​ថា លោក​នឹង​ចាត់​កម្លាំង​ជំនាញ​ចុះ​ទៅ​កាន់ តំបន់​នោះ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​សិក្សា​អំពី​ផល​ប៉ះពាល់​។

លោក​បាន​បន្ថែម​ថា ជំ​ហ៊ាន​ដំបូង បើ​រក​ឃើញ​ថា មាន​ករណី​នេះ​មែន យើង​នឹង​ធ្វើការ​អប់រំ​ពួក​គាត់ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​ពួក​គាត់​ឈប់​ធ្វើ​សកម្មភាព​ទាំងស្រុង​។ ប៉ុន្តែ​បើ​ពួក​គាត់​មិន​ព្រម​ឈប់ នៅ​តែ​បន្តសកម្មភាព​ទៀត យើង​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់​តែ​ម្ដង​។ ប៉ុន្តែ​យ៉ាងណា ជុំវិញ​ករណី​កាប់​ទន្ទ្រាន​វាទ​យក​ដី​នៅ​តំបន់​ព្រៃ​លិច​ទឹក ដែល​ជា​តំបន់ហាមឃាត់​ទាំងនោះ ត្រូវ​គេ​សង្កេត​ឃើញ​ថា មិន​ការ​ថមថយ​ឡើយ បើ​ទោះជា​អាជ្ញាធរ ឬ មន្ត្រី​ជំនាញ​ធ្លាប់​មាន​វិធានការ​ចុះ​ទប់ស្កាត់​ឬ​បង្ក្រាប​ជា​រឿយ​ៗ​ក្ដី​។

មន្ត្រី​ខ្លះ​និយាយ​ថា អ្នកកា​ប់រាន​យក​ដី​ព្រៃ​លិច​ទឹក ភាគច្រើន​ជា​ក្រុម​ជន​ទុច្ចរិត ដែល​មាន​លុយ​កាត់ អ្នកមាន​អំណាច ឬ ជា​មន្ត្រី​ជំនាញ​គ្រប់គ្រង​តំបន់​នោះ​តែ​ម្ដង​។ ពួក​គេ​មាន​លទ្ធភាព កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​វាទ​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ ម្នាក់​ៗ​រាប់​សិប​ហិច​តា ក្រោម​ការ​ឃុំ​ឃិ​ត​ជាមួយ​បក្ស​ដែល​ជា​មន្ត្រី​ជំនាញ​។ រីឯ​ប្រជាពលរដ្ឋ​វិញ មិន​មាន​លទ្ធភាព កាប់​រាន​ព្រៃ​លិច​ទឹក​រាប់​សិប​ហិច​តា​ដូច​អ្នកមាន​លុយ​មាន​អំណាច​ទេ​។ យ៉ាងច្រើន​ម្នាក់​ៗ​បាន​ត្រិ​ម​១​ឬ​២​ហិច​តា​ប៉ុណ្ណោះ ហើយ​ប្រឈម​នឹង​ផ្លូវច្បាប់​គ្រប់​បែប​យ៉ាង​ទៀត​។

ខេត្តបាត់ដំបង ជា​ខេត្ត​មួយ​ដែល​មាន​ភូមិសាស្ត្រ​ប៉ែក​ខាងជើង​នៅ​ក្នុងស្រុក​ចំនួន​៤ ជាប់​នឹង​បឹង​ទន្លេសាប​។ ក្នុង​នោះ​មានស្រុក​ថ្មគោល ស្រុក​ឯក​ភ្នំ ស្រុក​សង្កែ និង ស្រុក​មោង​ឬ​ស្សី​។ តំបន់​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន ស្ថិត​នៅ​តាម​ភូមិសាស្ត្រ​នានា នៃ​ស្រុក​ទាំង​៤​នេះ ដែល​ជាប់​បឹង​ទន្លេសាប ដែល​ច្បាប់​ហាមប្រាម​មិន​អនុញាត​ឲ្យ​មានការ​កាប់​ទន្ទ្រាន​វាទ​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ​ឡើយ​។ ប៉ុន្តែ​បច្ចុប្បន្ន​តំបន់ហាមឃាត់​ទាំងនោះ បាន​ក្លាយជា​វាល​រហោស្ថាន ដែល​អ្នកមាន​អំណាច មាន​លុយ កាប់​ទន្ទ្រាន​យក​ធ្វើ​ជា​ដី​កម្ម​សិទ្ធ​ស្ទើរ​អស់​គ្មាន​សល់​ទៅ​ហើយ​។

បើ​យោង​តាម​របាយ​ការ​ណ៏​ស្រាវជ្រាវ​របស់​គណៈកម្មការ​សម្រុះ​មួយ​ដែល​ធ្វើ​ឡើង កាលពីដើម​ឆ្នាំ​២០១៩ នេះ ត្រូវ​គេ​រក​ឃើញ​ថា មាន​ផ្ទៃដី​សរុប​ប្រមាណ​ជាង​៣,៦៨០​ហិច​តា ដែល​ជា​តំបន់​ព្រៃ​លិច​ទឹក នៅ​ក្នុង​ភូមិ​សាស្ត្រ ស្រុក​ទាំង​៤​ខាងលើ​នេះ ដែល​ការពារ​ដោយ​«​ព្រះរាជ​ក្រិ​ត្យ​» បាន​និង​កំពុង​ក្លាយជា​ដី​កម្ម​សិទ្ធ​ឯង​ជន​របស់​អ្នកមាន​លុយ និង​មន្ត្រី​មាន​អំណាច​នៅ​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​។ ហើយ​ស្រុក​មោង​ឬ​ស្សី និង ស្រុក​សង្កែ បាន​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ក្នុង​ចំណោម​ស្រុក​ទាំង​៤​នេះ​។ ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ​មានការ​អនុវត្ត​ច្បាប់​បែប​ណា ទៅ​លើ​ក្រុម​ជន​ទុច្ចរិត​ដែល​កំពុង​នាំ​គ្នា​ដណ្ដើម​កាន់កាប់​ដី​រដ្ឋ​ទាំងនោះ​នៅឡើយ​ទេ​។ ពោល​គឺ​ស្ងាត់​ដូច​ចោរលួច​សេះ​តែ​ម្ដង​៕