រឿងលុយអាចជាប្រធានបទមួយដែលមនុស្សពីរនាក់ចៀសវាងនិយាយ ប្រសិនបើភាគីខាងភរិយារកបានច្រើនជាងខាងស្វាមី ។ ទោះជាគូជីវិតមួយចំនួនមិនមានបញ្ហាពិតមែនក្តី មនុស្សខ្លះទៀតនៅតែមិនទាន់អាចទទួលយកបានព្រោះមានសម្ពាធពីសង្គមជាពិសេសទៅលើស្វាមី ។

ប្រសិនបើអ្នកជាភាគីខាងបុរសដែលមានភរិយាជាអ្នកដែលរកប្រាក់ចំណូលបានច្រើនជាងខ្លួនក្នុងគ្រួសារនោះ អ្នកគួរអនុវត្តតាមវិធីខាងក្រោមនេះប្រសិនបើអ្នកចង់ការពារទំនាក់ទំនងអាពាហ៍ពិពាហ៍របស់អ្នក ។
១-រក្សាភាពស្មោះត្រង់៖
ជំហានដំបូងសម្រាប់អ្នក គឺបើកទូលាយពីអារម្មណ៍ និងគំនិតរបស់អ្នកជាមួយនឹងភរិយា ជាពិសេសលើទំនួលខុសត្រូវដែលអ្នកទាំងពីរចែករំលែកជាមួយគ្នាក្នុងផ្នែកលុយ ។ ក្រៅពីរឿងលុយហើយ អ្នកទាំងពីរក៏គួរតែឧស្សាហ៍និយាយគ្នាទាក់ទិននឹងអារម្មណ៍ដែលខ្លួនមានដែរព្រោះអ្នកទាំងពីរអាចនឹងចាប់ផ្តើមលាក់អារម្មណ៍ព្រោះតែខាងភរិយារកចំណូលបានច្រើនជាង ។
២-ចូលរួមជួយក្នុងវិធីផ្សេង៖
បើអ្នករកចំណូលបានទាបជាងភរិយា អ្នកមិនគួរមានអារម្មណ៍ថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ឡើយ ។ ផ្ទុយមកវិញ អ្នកគួរគិតពីវិធីផ្សេងៗដែលអ្នកអាចចូលរួមជួយក្នុងគ្រួសារអ្នកបានដូចជាការធ្វើកិច្ចការក្នុងផ្ទះ និងមើលថែកូនៗជាដើម ។ ចូរចងចាំថាភរិយារបស់អ្នកក៏អាចជួបនឹងសម្ពាធធ្ងន់ធ្ងរព្រោះតែការងារដែរដូច្នេះក្នុងនាមជាដៃគូជីវិត អ្នកមិនគួរប្រកាន់ច្រើនទេ និងជួយគាំទ្រគ្នាទៅវិញទៅមកវិញ ។

៣-រៀបចំគោលដៅជាមួយគ្នា៖
ចំណុចសំខាន់ដែលអ្នកត្រូវតែចងចាំគឺការចូលដៃគ្នាដើម្បីបង្កើតគម្រោងការ និងគោលដៅរួមមិនថាជាគោលដៅផ្នែកលុយ ជីវិត ឬអនាគតទេឲ្យតែវាល្អសម្រាប់អ្នកទាំងពីរ ។ អ្នកក៏អាចពិភាក្សាពីគោលដៅផ្សេងៗដែលមិនពាន់ព័ន្ធនិងលុយដែរដូចជាការសម្រកទម្ងន់ ឬការពង្រឹងសុខភាពជាមួយគ្នាជាដើម ។
៤-ចូរចងចាំថាអ្នកត្រូវការគ្នាទៅវិញទៅមកទើបអាចជោគជ័យបាន៖
ពេលដែលដៃគូរបស់អ្នកជោគជ័យនោះអ្នកក៏ជោគជ័យដែរ ។ អ្នកមិនមែនកំពុងតែប្រកួតប្រជែងជាមួយគ្នាដើម្បីដឹងថានរណាអាចរកចំណូលបានច្រើនជាងគេ ។ អ្នកចែករំលែកពេលល្អៗ និងពេលលំបាកជាមួយគ្នាមិនថាអ្នករកចំណូលបានប៉ុន្មានទេ ៕
