ភ្លាត់ស្នៀត​ត្រូវ​ខ្លួនឯង អ្នក​ភូមិ​ផ្អើល​ឈុ​លយ​ក​ទៅ​កប់​ដីខ្សាច់​និង​ចាក់ទឹក​សង្គ្រោះ​ជីវិត

259

រាជធានី​ភ្នំពេញ ​៖ ​បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​និង​ជា​កម្មករ​សំណង់​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ហើយ​​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​សង្គ្រោះ​បឋម​ ដោយ​​យក​ទៅ​កប់​​ក្នុង​ដីខ្សាច់​ និង​ចាក់ទឹក ប៉ុន្តែ​នៅ​តែ​មិនដឹង​ខ្លួន​ ទើបដឹក​តាម​រថយន្ត​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ បន្ទាប់​ពី​​បុរសរងគ្រោះ​ឆ្លៀតពេល​ទំនេរ​ពី​ការងារ​រត់​ម៉ូតូឌុប​ ហើយ​រាយ​ខ្សែភ្លើង​ឆក់​ត្រី​នៅ​ក្នុង​ស្រះ​ទឹក​ជិត​ផ្ទះ តែ​ភ្លាត់ស្នៀត​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​បណ្ដាល​រង​របួសធ្ងន់​បែប​នេះ​តែ​ម្ដង​។

Loading...

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​ស្រះ​ទឹក​ក្រោយ​ផ្ទះ​របស់​គាត់​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ ឌី ណា អាយុ​៣៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប និង​កម្មករ​សំណង់​ ស្នាក់នៅភូមិឃុំកើតហេតុ​ខាងលើ​។

តាម​ប្រភពពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ​មុនពេល​​កើតហេតុ​ ក្រោយ​ពី​ត្រឡប់​មក​ពី​រត់​ម៉ូតូឌុប​វិញ​ បុរស​រង​គ្រោះ​បាន​រាយ​ខ្សែភ្លើង​ត​ចេញពី​ព្រី​នៅ​ក្នុងផ្ទះ​ចុះ​ទៅ​ឆក់​ត្រី​នៅ​ក្នុង​ទឹកស្រះ​ក្រោយ​ផ្ទះ​ដើម្បី​យក​មក​ធ្វើ​ម្ហូប​ ​ប៉ុន្តែ​ភ្លាត់ស្នៀត​បែរជា​ឆ្លង​ចរន្ត​អគ្គិសនី បណ្ដាល​ឲ្យ​ឆក់​ខ្លួនឯង​ដួល​ប្រកាច់​នៅ​ក្នុង​ទឹក​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​។​​ខណៈនោះ​អ្នក​ជិតខាង​បាន​ជួយ​ដក​ឌុយ​ភ្លើង​ចេញ​រួ​ច​​សែង​ចេញពី​ក្នុង​ទឹក​នាំ​ទៅ​កប់​ក្នុង​ដីខ្សាច់​ ព្រមទាំង​ចាក់ទឹក​ស្រា​ច​ពីលើ​ជា​ការ​សង្គ្រោះ​បឋមដែរ​ ​នៅ​តែ​​មិន​​ធូរស្រាល​ ទើប​ដឹក​តាម​រថយន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ហើយ​ពុំ​ទាន់​ដឹង​ថា​គាត់​អាច​រួច​ផុត​ពី​គ្រោះថ្នាក់​ឬ​អត់​នោះ​ឡើយ​។

នេះ​ពុំ​មែន​ជា​លើក​ទី​១​ទេ​សម្រាប់​អ្នក​ឆក់​ត្រី​ដោយ​កា​រត​ភ្ជាប់​ចរន្តអគ្គិសនី​ជាមួយ​ឧបករណ៍​កែ​ច្នៃ​ ហើយ​​រងគ្រោះថ្នាក់​ដោយសារ​ចរន្តអគ្គិសនី​ឆក់​បណ្ដាល​ឲ្យ​រង​របួស​បែប​នេះ ហើយ​ក៏​មាន​អ្នកខ្លះ​រង​គ្រោះ​រហូត​ដល់​បាត់បង់​ជីវិត​ជា​ច្រើន​នាក់​​ថែម​ទៀត​ផង​៕​ (កែសម្រួលដោយ ៖ ធីតា​)