គោលដៅសំខាន់របស់អ្នកលក់ គឺជំរុញឲ្យអតិថិជនទិញកាន់តែច្រើនពីពួកគេ ដូច្នេះ អ្នកលក់អាចប្រើល្បិចខុសៗគ្នា ដើម្បីបោកប្រាស់ឲ្យអ្នកទិញខ្ជះខ្ជាយថវិកាលើផលិតផលដែលពួកគេមិនត្រូវការ ។ ក្នុងនាមជាអ្នកទិញ អ្នកមានតែវិធីមួយទេ ដើម្បីជៀសវាងល្បិចទាំងនេះ គឺសិក្សាពីវានិងដឹងថា ពេលណាអ្នកលក់កំពុងតែលេងល្បិចជាមួយអ្នក ។

ខាងក្រោមនេះ គឺជាល្បិចភាគច្រើនដែលអ្នកលក់តែងតែប្រើ ដើម្បីបង្ខំឲ្យអតិថិជនចាយវាយច្រើនទាំងមិនដឹងខ្លួន៖
១-ផ្លាកតម្លៃ៖
ជាទូទៅអ្នកមិនគួរទិញអ្វីដែលមានការលក់បញ្ចុះតម្លៃទេប្រសិនបើអ្នកមិនដឹងពីតម្លៃមុនរបស់ផលិតផលនោះ ព្រោះអ្នកលក់អាចនឹងប្តូរផ្លាកតម្លៃដែលបង្ហាញពីការចុះថ្លៃច្រើនទាំងកាលពិតគែតម្លៃផលិតផលត្រូវបានបញ្ចុះតែបន្តិចប៉ុណ្ណោះ ។

២-លក្ខខណ្ឌដែលតម្រូវឲ្យអ្នកទិញច្រើនទើបទទួលបានការបញ្ចុះតម្លៃ៖
ពេលខ្លះទៀត អ្នកលក់អាចនឹងបង្ខំឲ្យអ្នកទិញទំនិញក្នុងចំនួនណាមួយទើបអាចទទួលបានការបញ្ចុះតម្លៃបន្តិចបន្តួចជាដើម ។ មនុស្សភាគច្រើនប្រើលក្ខខណ្ឌទាំងនេះជាការដោះសារដើម្បីទិញទំនិញដែលខ្លួនមិនត្រូវការទាំងកាលពិតគឺពួកគេកំពុងតែខ្ជះខ្ជាយលុយ ។

៣-ចាក់បទចម្រៀងដែលអ្នកចូលចិត្ត៖
បទចម្រៀងក្នុងខាងអាចនឹងជះឥទ្ធិពលលើទម្លាប់ទិញរបស់អ្នកបាន ។ ការសិក្សាស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ការចាក់ភ្លេងបែប Classical អាចជំរុញឲ្យអ្នកទិញចាយវាយច្រើន ខណៈដែលបទចម្រៀងណូអែលក៏អាចមានឥទ្ធិពលដូចគ្នា ព្រោះវាធ្វើឲ្យមនុស្សនឹកដល់ការទិញកាដូ ។ ជាទូទៅ អតិថិជននឹងចាយវាយតិចប្រសិនបើពួកគេស្តាប់ចម្រៀងដែលលឿនៗដូច្នេះអ្នកអាចជៀសវាងល្បិចនេះបានដោយស្តាប់បទចម្រៀងមានលើទូរស័ព្ទរបស់ខ្លួន ។
៤-ជំរុញឲ្យអ្នកប៉ះផលិតផល៖
ការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Ohio State University ប្រចាំសហរដ្ឋអាមេរិកបានប្រទះឃើញថា ការប៉ះផលិតផលណាមួយអាចជំរុញឱកាសឲ្យអ្នកទិញវាកាន់តែខ្ពស់ឡើង ព្រោះវាជំរុញឲ្យអ្នកមានអារម្មណ៍ថាជាម្ចាស់កម្មសិទ្ធិរបស់វា ។ ពេលខ្លះគ្រាន់តែកាន់វាតែ ១០ វិនាទីក៏អាចធ្វើឲ្យមនុស្សមានអារម្មណ៍ទាំងនេះដែរ ។
