ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ហ្មត់ រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ

ខេត្តតាកែវ ៖ ផ្ទះ​បេតុង​ក្រោម ឈើ​ខាងលើ​មួយ​ខ្នង រួម​នឹង​សម្ភារ​មាន​តម្លៃ​រាប់​លាន​រៀល​ត្រូវ​បាន​អគ្គិភ័យ ឆាបឆេះ​ហ្មត់​គ្មាន​សល់​ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩​។ វេលា​ម៉ោង​៨​ព្រឹក នៅ​ភូមិ​ខ្មា​រ​ធំ ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ ដែល​មាន​ម្ចាស់​ជា​ប្តី​ឈ្មោះ ឌី សុទ្ធ អាយុ​៦៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ធន់ ភុ​ញ អាយុ​៦៥​ឆ្នាំ​។

ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ មាន​ទំហំ​៦​ម៉ែត្រ គុណ​នឹង​៧​ម៉ែត្រ និង​បន្ទប់​៥​ម៉ែត្រ គុណ​នឹង​៦​ម៉ែត្រ ក្រៅពី​នេះ​មានទ្រព្យ​សម្បត្តិ​ទាំងអស់​ដូច​ជា​ម៉ូតូ​០២​គ្រឿង ស្រូវ​១​តោន និង​សម្ភារ ឯកសារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ផង​ដែរ​។ ហេតុការណ៍​នេះ​ដែរ​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មិន​បាន​នៅផ្ទះ​នោះ​ទេ មុន​ពេល​កើតហេតុ ទើប​ឆេះ​បាត់បង់​ទ្រព្យសម្បត្តិ​ហ្មត់​ដោយ​មិន​អាច​យក​ចេញ​បាន​។

ក្រោយ​កើតហេតុ​ភ្លាម​ៗ​កម្លាំង​ពន្លត់​អគ្គិភ័យ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​បាន​ចុះ​អន្តរា​គម​ពន្លត់​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​ផ្សេង​ៗ​ទៀត តែ​គួរ​ឲ្យ​សោ​គ​ស្តាយ​ផង​ដែរ ដែល​មិន​អាច​ជួយ​សង្គ្រោះ​ផ្ទះ​រង​គ្រោះ​បាន​ដោយ​ជោគជ័យ ព្រោះ​អគ្គិភ័យ​ឆាប់ឆេះ​លឿន​ពេក​៕ ដោយ ៖ សេង សុធា