ក្រោយ​ពី​ត្រូវ​ភ្លើង​ឆេះ​អស់​កាលពី​៦​ខែ​មុន ពេល​នេះ​នាយក​សាលា​អំពាវនាវ​ថ្នាក់លើ និង​សប្បុរសជន

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពេល​អគ្គិភ័យ​បាន​ឆាបឆេះ​សាលា​បឋម​សិក្សា​យុគន្ធ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូ​ណ៍​ខ្ទេច​អស់ទាំង​ស្រុង ដល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​៦​ខែ​មក​ហើយ បច្ចុប្បន្ន សិស្ស​នៃ​សាលា​បឋម​សិក្សា​ខាងលើ កំពុង​រៀន​នៅ​ក្នុង វត្ត​យុគន្ធ​ដោយ​យក​សាលាឆាន់ យក បន្ទប់​របស់​វត្ត​ធ្វើ​ជា​ថ្នាក់រៀន​បាន​កំពុង​ជួប​ការ​លំបាក​ខ្វះខាត​សៀវភៅ​សិក្សា​គោល និង​សម្ភារ សិក្សា​មួយ​ចំនួន ព្រមទាំង​បន្ទប់​ថ្នាក់រៀន​ផង​ដែរ​។ លោកនាយក​សាលា លោកគ្រូ និង​សិស្សានុសិស្ស សូម​អំពាវនាវ​ដល់​ថ្នាក់លើ និង​សប្បុរសជន ជិត​ឆ្ងាយ មេត្តា​ជួយ​ឧបត្ថម្ភ​ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ​។

Loading...

លោក នួន បូ​រ៉ា នាយក​សាលា​យុគន្ធ និង​លោក ជុំ ហៃ ជា​គ្រូបង្រៀន បាន​ឲ្យ​ដឹង​ថា​៖ ក្រោយ​ពី​សាលារៀន ត្រូវ​ភ្លើង​ឆេះ​អស់​កាលពី​៦​ខែ​មុន​មក សិស្សសាលា​ដែល​មាន​៧​ថ្នាក់ គឺ​ពី​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី​៦ ដែល​ចំនួន​សរុប ១៨៤​នាក់ បាន​សុំ​សាលាឆាន់​ព្រះសង្ឃ​វត្ត​យុគន្ធ រៀន​បណ្តោះអាសន្ន ដោយ​ចែក​គ្នា​រៀន​ព្រឹក​៤​ថ្នាក់ និង​រសៀល​៣​ថ្នាក់​។ ប៉ុន្តែ​ការ​បង្រៀន និង​ការ​រៀន​របស់​សិស្ស​មិន​បាន​ល្អ​ទេ ព្រោះ​បន្ទប់រៀន​ជាប់​គ្នា បាំង​តែ​ក្តារ កុង​ប្លា​កេ​តែ​ប៉ុណ្ណោះ ម្លោះ​ហើយ​ពេល​អាន​ត្រូវ​ចែក​គ្នា​អាន​ម្តង​១​ថ្នាក់ បើ​អាន​ព្រម​គ្នា​ស្តាប់​គ្នា​មិន​បាន​ឡើយ​។

ម្យ៉ាងទៀត​សិស្សសាលា​នៅ​តំបន់​នេះ​ជា​តំបន់​លិច​ទឹក សិស្ស​មួយ​ចំនួន​ត្រូវ​ជិះទូក​មក​រៀន ដូច្នេះ​ចំពោះ​សៀវភៅ​គោល​សម្រាប់​សិក្សា​តាម​ថ្នាក់​នីមួយ​ៗ ពេល​គ្រូ​ចែក​ឲ្យ​សិស្ស​គ្រប់​គ្នា​ហើយ​តែ​ពេល​ប្រមូល​មក​វិញ គឺ​បាន​តែ​៤០ ទៅ​៤៥% តែ​ប៉ុណ្ណោះ គឺ​ជ្រុះ​បាត់​ក្នុង​ទឹក​មួយ​ចំនួន​ធំ​។ ចំពោះ​ទូរ​ដាក់​ឯកសារ​របស់​គ្រូបង្រៀន និង​នាយ​សាលា ក៏​អត់​មាន​អ្វី​សម្រាប់​ទុកដាក់​ដែរ​។ ហេតុនេះ​ហើយ​លោកនាយក​សាលា លោកគ្រូ​បង្រៀន និង​សិស្ស​ស្សានុសិស្ស សំណូមពរ​អំពាវនាវ​ដល់​ថ្នាក់លើ និង​សប្បុរ​ជន​នទី​ជិត​ឆ្ងាយ មេត្តា​ជួយ​ឧបត្ថម្ភ​នៅ​ការ​ខ្វះខាត​ខាងលើ​ដោយ​ក្តី​អនុគ្រោះ​។

លោក សាំង គឹ​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ​នេះ​បាន​ឲ្យ​ដឹង​ថា​៖ ក្រោយ​ពេល​សាលា​បឋម​សិក្សា​យុគន្ធ​នេះ​ឆេះ​អស់​ទៅ កន្លង​មក​ក៏​មាន​ថ្នាក់​ខេត្ត​មន្ទីរ​អប់រំ​ខេត្ត និង​ក្រសួង ចុះ​មក​ពិនិត្យ និង​ឧបត្ថម្ភ​សម្ភារ​សិក្សា ជូន​សាលា​បាន​មួយ​ចំនួន​ផង​ដែរ តែ​វា​មិន​គ្រប់គ្រាន់​ទៅ​តាម​តម្រូវការ​នោះ​ទេ​។ ចំពោះ​ការ​សាងសង់​អគារ​ថ្មី អាជ្ញាធរ​ឃុំ​បាន​ទទួល​ព័ត៌មាន​ពី​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ឃុំ​ឆ្នុកទ្រូ​ថា ៖ សម្តេចព្រះ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​សព្វ​ព្រះរាជ​ហរ​ទ័យ នឹង​ជួយ​កសាង​សាលា​បឋម​សិក្សា​យុគន្ធ​មួយ​នេះ នូវ​អគារសិក្សា​ថ្ម​២​ខ្នង ដែល​នឹង​ចាប់ផ្តើម​សាងសង់ នៅ​ដើមឆ្នាំ​២០២០ ខាង​មុខ​នេះ​ហើយ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន