រាជធានីភ្នំពេញ ៖ អ្នកនាង កែវ កល្យាណ ដែលបានចាកឆ្ងាយពីវិថីសិល្បៈអស់រាប់ឆ្នាំមកហើយនោះ នៅតែមិនបានបង្ហាញតម្រុយចូលបម្រើវិថីចាស់មួយនេះទៀតនោះទេ ទោះមានការចង់ឃើញស្នាដៃសម្តែង ឡើងវិញបែបណា។ អ្នកនាងត្រូវគេនិយាយថា អាចនឹងឈប់សិល្បៈទាំងស្រុង ហើយក្នុងសមាជិករបស់ អ្នកនាងប្រហែលជាគ្មានវត្តមានអ្នកណាស្នងឡើយ។ យ៉ាងណាមិញផ្ទុយពីការយល់ឃើញ អ្នកនាងស្រាប់តែជម្រុញកូនស្រីដ៏ស្រស់សោភាទើបពេញវ័ញឲ្យចូលបម្រើក្នុងវិស័យសិល្បៈ។

មានការភ្ញាក់ផ្អើលតែម្តងនៅពេលកំពុងតែថតកម្មវិធីអបអរទិវាជ័យជម្នះ៧មករា ពីសមាគមទូរទស្សន៍ ក្នុងទីតាំងបរិវេណទូរទស្សន៍ថោន កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ គេឃើញមានអ្នកស្រី កែវ កល្យាណចូលរួម។ ប៉ុន្តែបែរជាទទួលដំណឹងថា អ្នកស្រីនាំកូនស្រីរបស់ខ្លួនចូលសម្តែង ទើបក្លាយជាប្រធានបទថ្មីមួយទៀតក្នុងបរិយាកាសនោះតែម្តង។ ជាមួយគ្នានេះ បណ្តាសិល្បករជាច្រើន តាមសួរនាំ ខ្លះសម្តែងការនឹករលឹកដល់អ្នកស្រី ហើយខ្លះលាន់មាត់ថា កូនស្រីរបស់គាត់ពិតជាមាន រូបសម្រស់បានសាច់ស ត្រេមុខសមជាតារាម្នាក់ មើលយូរដូចកូនកាត់ឥណ្ឌា។

ដូចនេះហើយ អ្នកនាង កែវ កល្យាណ បិទមាត់មិនជិតនោះទេ ពេលឃើញតារារលកក្រោយជម្រាបសួររៀមច្បង ហើយសរសើរ កូនអ្នកស្រីពីមួយទៅមួយ។ ដើម្បីបញ្ជាក់ឲ្យច្បាស់អ្នកស្រី កែវ កល្យាណ បានប្រាប់អ្នកសារព័ត៌មាន យើងដោយផ្ទាល់ថា៖ កូនស្រីរូបនេះមានឈ្មោះថា កែវ ឡាវីញ មានវ័យ២០ឆ្នាំ នាងជាកូនច្បង ហើយមានប្អូនប្រុសម្នាក់ទៀត។ ឡាវីញមាននិស្ស័យចូលចិត្តសិល្បៈតាំងពីយូរមកហើយ ដោយកូនស្រីរូបនេះរបៀបទម្រង់ពិធីការិនី ការដើរបង្ហាញម៉ូដ និងសម្តែង។

អ្នកនាងបន្តថា «ទប់អារម្មណ៍គាត់សិន មុនៗគាត់ចង់ចូលសិល្បៈយូរដែរ ប៉ុន្តែបង្វែង ឲ្យគាត់រៀនឲ្យច្រើន មានចំណេះដឹងជាមុនសិន ទើបសិល្បៈជាជម្រើសទី២»។ កូនស្រីរបស់អ្នកស្រីគាត់ បានថតរឿង ចំនួន២រឿងមកហើយ តែសុំលាក់ចំណងជើង និងផលិតកម្មសិន ចាំឲ្យបងប្អូនជួយអ៊ុតពីស្នាដៃ។ ក្នុងចំណោមសិល្បៈប៉ុន្មានផ្នែកដែលគាត់ចូលចេញ មានតែពិធីការិនី និងដើរម៉ូដគាត់ចូលចិត្តច្រើន។ រឿងសិល្បៈជាផ្នែកមួយទេ ប៉ុន្តែគោលដៅថ្ងៃក្រោយគាត់ថាចង់រកស៊ីជំនួញផ្ទាល់ខ្លួន ហើយម្តាយក៏មិនប្រឆាំងអ្វីដែរតាមតែចិត្តប៉ុណ្ណោះ។

កញ្ញា កែវ ឡាវីញ បានឲ្យដឹងថា នាងនឹងព្យាយាមហាត់រៀនសម្តែងមើលបទពិសោធន៍រៀមច្បង និងសុំយោបល់គន្លឹះសម្តែង ខ្លះៗពីអ្នកម៉ាក់ផងដែរ។ កន្លងមកនាងចូលចិត្តសិល្បៈយូរដែរ តែតាមអ្នកម្តាយឲ្យរៀនសិនទើបធ្វើតាម។ បច្ចុប្បន្នមានជំនាញខាងឌីហ្សាញ ហើយចេះភាសាខ្លះៗដូចជាអង់គ្លេស ចិន និងថៃខ្លះ ដោយសព្វថ្ងៃ បានឆ្លៀតធ្វើជាគ្រូបង្រៀនភាសាចិន នាសាលាឯកជនមួយ។ ផ្នែកសិល្បៈស្រឡាញ់ខាងពិធីការិនី និងដើរម៉ូដជាងគេ ព្រោះកម្ពស់បាន១ម៉ែត្រ៦៦ដែរ៕ ដោយ ៖ ខាត់ សាមឿន


